38.1 C
Phnom Penh

សហគមន៍​ខ្មែរ​នៅ​អាមេរិក​ប្ដេជ្ញា​ការពារ​អ្នក​គប់​ស្បែកជើង​លើ​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​សហគមន៍​ខ្មែរ-អាមេរិកាំង ប្ដេជ្ញា​ការពារ​លោក អ៊ុក ទូច ដែល​ជា​អ្នក​គប់​ស្បែកជើង​លើ​លោក ហ៊ុន សែន បើសិន​ជា​មាន​ការ​ចាប់​បញ្ជូន​ខ្លួន​ទៅ​ស្រុក​ខ្មែរ​វិញ​តាម​ការ​ទាមទារ​របស់​លោក ហ៊ុន សែន។

សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា លោក ទិត្យ ទិព្វផាណា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃ​ពុធ ម្សិលមិញ (១៨ ឧសភា) ថា ការ​គំរាម​របស់​លោក ហ៊ុន សែន ជុំវិញ​ការ​យក​ជីវិត​របស់​លោក អ៊ុក ទូច និង​អ្នក​គាំទ្រ​សកម្មភាព​របស់​លោក បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មិន​ពេញចិត្ត​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន មាន​ការ​ភ័យខ្លាច​យ៉ាង​ខ្លាំង។

លោក ទិត្យ ទិព្វផាណា អះអាង​ថា អំណាច​ព្រៃផ្សៃ​របស់​លោក ហ៊ុន សែន មិន​ត្រឹមតែ​រាតត្បាត​ពេញ​ស្រុក​ខ្មែរ​ទេ ប៉ុន្តែ​ពេលនេះ អំណាច​នៃ​ការ​គាប​សង្កត់ និង​ការ​ជិះជាន់​ពលរដ្ឋ​ខ្លួនឯង​នេះ​កំពុង​ពង្រីក​ខ្លួន​មក​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក​បណ្តើរៗ​ហើយ តាមរយៈ​ក្រុម​បក្ខពួក និង​ដៃជើង​របស់​លោក ហ៊ុន សែន ដែល​បាន​ចងក្រង​ជា​បណ្ដាញ​នៅ​ក្នុង​សហគមន៍​ខ្មែរ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​សព្វថ្ងៃ​នេះ។

សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច រូប​នេះ​បញ្ជាក់​ថា ដើម្បី​ការពារ​អាយុជីវិត​របស់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក គេច​ពី​ការ​គំរាមកំហែង​របស់​លោក ហ៊ុន សែន ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ទាំងអស់​នៅ​ក្នុង​សហគមន៍​ខ្មែរ​ត្រូវតែ​រួបរួម​គ្នា​ជា​ធ្លុង​មួយ សាមគ្គី​គ្នា ដើម្បី​បញ្ចប់​នូវ​ការ​បំបែកបំបាក់​របស់​បណ្ដាញ​សមាជិក​បក្ស​កាន់​អំណាច​ដែល​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ស្រុក​ឲ្យ​ឈ្លោះ​គ្នា​ឯង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ការ​អះអាង​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គំរាម​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋ​អាមេរិក​ណា​ដែល​គាំទ្រ​ទង្វើ​របស់​លោក អ៊ុក ទូច ដែល​បាន​គប់​ស្បែកជើង​លើ​រូបលោក​កាលពី​ពេល​ថ្មីៗ​នេះ។

ចំណែក​សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡូវែល នៃ​រដ្ឋ​ម៉ាស្សាជូសេធ លោក ហ៊ុយ សាគាល បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា លោក​កំពុងតែ​ចងក្រង​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្រៅ​ស្រុក​តាម​បណ្តា​រដ្ឋ​នីមួយៗ ដើម្បី​ធានា​នូវ​សុវត្ថិភាព​របស់​ខ្មែរ​អាមេរិក​ទាំងនោះ​ពី​ការ​យាយី និង​ការ​បំភិតបំភ័យ​ពី​បណ្ដាញ​បក្ខពួក​របស់​លោក ហ៊ុន សែន ដែល​កំពុង​រាតត្បាត​នៅ​សហរដ្ឋ​អាមេរិក​នៅ​ពេល​កន្លងមក។

ដោយឡែក​សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​រដ្ឋ​កាលីហ្វ័រនីញ៉ា លោក គិត ពង្ស អះអាង​ថា លោក​អាច​ដាក់​លិខិត​ទៅកាន់​ភ្នាក់ងារ​ស៊ើបអង្កេត​របស់​សហរដ្ឋ​អាមេរិក (FBI) ដើម្បី​ឱ្យ​ពួកគេ​បើក​ការ​ស៊ើបអង្កេត​លើ​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ដែល​ចុះចូល​ជាមួយ​បណ្ដាញ​បក្ខពួក​បម្រើ​ការ​ឱ្យ​បក្ស​កាន់​អំណាច​តាម​របៀប​កុម្មុយនីស្ត ក្នុង​ការ​រៀប​ផែនការ​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ស្លូតត្រង់​ដទៃ​ទៀត។

ប៉ុន្តែ​លោក​មិនទាន់​បាន​ធ្វើ​កិច្ចការ​នេះ​នៅឡើយ​ទេ ដោយសារតែ​លោក​អាណិត​ខ្មែរ-អាមេរិកាំង​ទាំងនោះ​ដែល​ជា​ជនរងគ្រោះ ដែល​បាន​រត់​ភៀសខ្លួន​ពី​របប​ខ្មៅ​ងងឹត​មក​នៅ​ស្រុក​គេ​ដូច​លោក​ដែរ​នោះ។

កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ស្រុក​គប់​នឹង​ស្បែកជើង ប៉ុន្តែ​មិន​ត្រូវ​លោក ហ៊ុន សែន នោះ​ទេ​ក្នុង​អំឡុង​ពេល​ដែល​លោក​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ជួបជុំ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​នៅ​សហរដ្ឋ​អាមេរិក។

ជុំវិញ​បញ្ហា​នេះ នៅ​ពេល​ដែល​បុរស​ខ្លាំង​កម្ពុជា​ត្រឡប់​មក​ដល់​ទឹកដី​កំណើត​វិញ កាលពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​ពិធី​ជួបជុំ​ក្រុម​គ្រូពេទ្យ​ព្យាបាល​ជំងឺ​កូវីដ-១៩ លោក ហ៊ុន សែន បាន​យក​វេទិកា​នេះ​គំរាម​អ្នក​ដែល​គប់​ស្បែកជើង​លើ​រូបលោក​ថា អ្នក​ធ្វើ​ទង្វើ​នេះ​នឹង​មិន​រួច​ខ្លួន​នោះ​ទេ ប្រសិនបើ​លោក អ៊ុក ទូច ត្រូវ​អាមេរិក​កាត់ទោស និង​បញ្ជូន​មក​ស្រុក​ខ្មែរ។

លោក​បន្ត​ថា អ្នកគាំទ្រ​លោក អ៊ុក ទូច ចំពោះ​ទង្វើ​នេះ​ក៏​នឹង​មិន​អាច​រួច​ខ្លួន​ដែរ ព្រោះ​បណ្ដាញ​បក្ស​កាន់​អំណាច​នៅ​ក្រៅ​ស្រុក​បាន​កត់​ឈ្មោះ​អ្នក​ដែល​ចាត់ទុក​លោក អ៊ុក ទូច ជា​វីរបុរស​រួច​អស់​ហើយ។

មេដឹកនាំ​ខ្មែរ​ដែល​ឧស្សាហ៍​គំរាម​ផ្តាច់​ជីវិត​ពលរដ្ឋ​ខ្លួនឯង លោក ហ៊ុន សែន បញ្ជាក់​ថា លោក​មិន​សុំ​ឱ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទោស​លើ​អ្នក​គប់​ស្បែកជើង​លើ​រូបលោក​នោះ​ឡើយ ប៉ុន្តែ​លោក​ចាំ​មើល​ថា តើ​អាមេរិក​ចាត់ទុក​ការ​គប់​ស្បែកជើង​បែប​នេះ​ជា​សិទ្ធិ​បញ្ចេញមតិ ឬ​ជា​អំពើ​ហិង្សា ប៉ុន្តែ​បើ​អាមេរិក​ចាត់ទុក​ទង្វើ​បែប​នេះ​ជា​សិទ្ធិ​បញ្ចេញមតិ នោះ​កម្ពុជា​ក៏​នឹង​អនុវត្ត​បែប​នេះ​ដែរ ហើយ​ច្បាប់​ទម្លាប់​នៅ​កម្ពុជា​ក៏​លែង​មាន​ទៀត​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស