35 C
Phnom Penh

រដ្ឋមន្ត្រី​កសិកម្ម​ថា​ការ​ដោះដូរ​ដី​សួនសត្វ​ភ្នំ​តាម៉ៅ​មិន​មាន​ផល​ប៉ះពាល់​បរិស្ថាន​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អះអាង​ថា ការ​ដោះដូរ​ដី​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ក្បែរ​សួនសត្វ​ភ្នំ​តាម៉ៅ ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន មិន​មាន​ផល​ប៉ះពាល់​ដី​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ ជាង ៤០០​ហិកតារ​ដែល​មាន​របង​ព័ទ្ធ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ធ្វើឡើង​តាម​លិខិត​ដែល​បាន​ដាក់​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២២ បាន​លើកឡើង​នៅ​ក្នុង​លិខិត​ថា ការ​ស្នើសុំ​គោលការណ៍​ដើម្បី​ដោះដូរ​ទីតាំង​ដី​របស់​គណៈរដ្ឋមន្ត្រី​នោះ មិន​បាន​ប៉ះពាល់ ឬ​ជាន់​លើ​ផ្ទៃដី​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ ដែល​មាន​ទំហំ​ជាង ៤០០​ហិកតារ និង​មាន​របង​ព័ទ្ធ​ជុំវិញ​ជាង ៨៣៩៤​ម៉ែត្រ​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​នានា។

លោក​បន្ត​ថា ការ​ដោះដូរ​ដី​ដើម្បី​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​តំបន់​នោះ ក៏​មិន​ប៉ះពាល់​ដល់​ការ​សហការ​ជាមួយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) ឬ​ការ​អនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ Wildlife Alliance ដែរ។ មួយ​វិញ​ទៀត លោក វេង សាខុន បញ្ជាក់​ថា ការ​ដោះដូរ​ផ្ទៃដី​តំបន់​ភ្នំ​តាម៉ៅ ជា​ការ​ចាំបាច់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​ការ​អភិវឌ្ឍ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ព្រមទាំង​ផ្តល់​បន្ថែម​ទៀត​នូវ​ទុន​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​យុទ្ធសាស្ត្រ​នានា​ជំរុញ និង​កែ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ។

ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន ធ្វើឡើង​បន្ទាប់ពី​តំណាង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) អ្នកស្រី ស៊ូវណ្ណា ហ្គោនឡែត បាន​ស្នើ​សុំ​អន្តរាគមន៍​បន្ទាន់​មួយ ក្នុង​នោះ​បញ្ឈប់​សំណើ​សុំ​ដី​ទំហំ ៥០០​ហិកតារ​សម្រាប់​ការ​អភិវឌ្ឍ​ឯកជន និង​ស្នើសុំ​លោក ហ៊ុន សែន ឱ្យ​ជួយ​អន្តរាគមន៍​បន្ទាន់​ដោយ​បញ្ឈប់​ការ​បំផ្លាញ​ព្រៃ​ភ្នំ​តាម៉ៅ ជា​ជម្រក​សត្វ​ព្រៃ ស្ថិតនៅ​ក្រោម​ការ​ការពារ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

អ្នកស្រី​បញ្ជាក់​ថា នៅ​ពេល​គម្រោង​អភិវឌ្ឍន៍​ត្រូវ​អនុវត្ត​នោះ ដី​ព្រៃ​ភ្នំ​តាម៉ៅ​នឹង​ត្រូវ​កាត់ផ្ដាច់​ជា​ពីរ​បំណែក​តូចៗ សត្វ​ព្រៃ​ជាង ១០០០​ក្បាល​នឹង​បាត់បង់​ទីជម្រក ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ នឹង​បាត់បង់​កេរ្តិ៍​ឈ្មោះ ការងារ​រួម​គ្នា​រវាង​រដ្ឋាភិបាល និង​អង្គការ Wildlife Alliance រយៈពេល ២០​ឆ្នាំ​ក្នុង​ការ​ការពារ​ប្រព័ន្ធ​បរិស្ថាន ហើយ​នៅ​ទីនោះ​នឹង​មិន​មាន​អ្វី​ទាំងអស់ រួម​ទាំង​ថវិកា​វិភាគទាន​របស់​អង្គការ នឹង​ទទេ​ស្អាត​ដែរ។

កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២២ អ្នកជំនាញ​អភិរក្ស​សត្វ​ព្រៃ​នៅ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ លោក នីច ម៉ាក បាន​បង្ហោះ​វីដេអូ​លើ​ហ្វេសប៊ុក ដោយ​លើកឡើង​ថា កិច្ចសហការ​ដ៏​ល្អ​រវាង​រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​អស់​រយៈពេល ២០​ឆ្នាំ ភ្នំ​តាម៉ៅ​បាន​ក្លាយ​ជា​ទីតាំង​ដ៏​សំខាន់​សម្រាប់​ការ​ស្ដារ​សត្វ​ព្រៃ​ឡើងវិញ និង​អភិរក្ស​សត្វ​ព្រៃ។ លោក​ក៏​បាន​ស្នើ​ទៅ​លោក ហ៊ុន សែន ជួយ​ការពារ​ព្រៃ​ភ្នំ​តាម៉ៅ ឱ្យ​នៅ​ដដែល ដើម្បី​ទុក​ជា​ជម្រក​សុវត្ថិភាព​សម្រាប់​សត្វ​ព្រៃ និង​ជា​កន្លែង​កម្សាន្ត​ធម្មជាតិ​ដ៏​ល្អ​សម្រាប់​ប្រជាជន​នៅ​ជិត​ទីក្រុង​ភ្នំពេញ ដោយ​ថា​ការ​ឈូស​ឆាយ​ក្នុង​ន័យ​អភិវឌ្ឍ​តំបន់​ភ្នំ​តាម៉ៅ​នេះ វា​នឹង​បំផ្លាញ​ព្រៃ ជម្រក​សត្វ និង​កន្លែង​ល្អ​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ និង​ប្រជាជន​ខ្មែរ​ទៅ​លេង​ដែរ។

យោង​តាម ស.ជ.ណ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​យល់ព្រម​ជា​គោលការណ៍​ដោះដូរ​ទីតាំង​ដី​ស្ថានីយ​ចិញ្ចឹម​គោ​ពូជ​ភ្នំ​តាម៉ៅ​ទំហំ ៣០០​ហិកតារ និង​ទីតាំង​ដី​រដ្ឋបាល​ព្រៃឈើ​ភ្នំ​តាម៉ៅ​ទំហំ ៥០០​ហិកតារ ស្ថិតនៅ​ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្ត​តាកែវ ជាមួយ​ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក។

ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ដែល​ធ្វើ​ប្រតិបត្តិការ​កសិដ្ឋាន និង​រោងចក្រ​កែច្នៃ​ទឹកដោះគោ បាន​កកើត​ចេញពី​ការ​ចាប់​ដៃគូ​រវាង​មូលនិធិ Cambodia-Laos-Myanmar Development Fund II ស្ថិត​នៅ​ប្រទេស​សិង្ហបុរី ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Emerging Markets Investment Advisers (EMIA) មូលនិធិ​របស់​ជប៉ុន Nexasia ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី និង​ក្រុម​ស្ថាបនិក​ដែល​ទទួល​បាន​ជោគជ័យ​ខ្ពស់​រួម​មាន​សហគ្រិន​កម្ពុជា និង​សហគ្រិន​មកពី​ប្រទេស​អ៊ីស្រាអែល៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស