លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោកនឹងធ្វើលិខិតមួយថ្វាយទៅព្រះមហាក្សត្រដើម្បីស្នើសុំតែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្រោយពីត្រូវបានបញ្ចប់មុខតំណែងកាលពីថ្ងៃទី៨ ខែតុលា។
ការប្រកាសរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាថ្ងៃអង្គារ ទី១១ តុលា នេះ។
លោក ហ៊ុន សែន អះអាងថា ការបញ្ចប់មុខតំណែងពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនមែនដោយសារលោក វេង សាខុន ធ្វើខុស ឬប្រព្រឹត្តកំហុសធ្ងន់ធ្ងរនោះទេ ប៉ុន្តែដោយសារលោក វេង សាខុន មិនអាចធ្វើអ្វីតាមការចង់បានរបស់លោកប៉ុណ្ណោះ ជាពិសេសការជំរុញលើវិស័យកសិកម្ម។ ទោះបីលោក វេង សាខុន ត្រូវបានបញ្ចប់មុខតំណែងក្ដី ប៉ុន្តែរូបលោកនឹងមិនបោះបង់លោក វេង សាខុន ដែលជាមន្ត្រីធ្លាប់ធ្វើការក្នុងជួររដ្ឋាភិបាលឡើយ។
លោក ហ៊ុន សែន ប្រកាសថា នៅថ្ងៃអង្គារ ទី១១ តុលា នេះ លោកនឹងដាក់លិខិតទៅព្រះបរមរាជវាំង ដើម្បីទូលថ្វាយព្រះមហាក្សត្រស្នើសុំតែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ព្រះមហាក្សត្របានបញ្ចប់តំណែងលោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយមានការស្នើពីនាយករដ្ឋមន្ត្រី។ ការបញ្ចប់មុខតំណែងនេះ លោក ហ៊ុន សែន បានស្ដីបន្ទោសខ្លាំងៗទៅកាន់លោក វេង សាខុន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ថាជារដ្ឋមន្ត្រីដែលមិនចេះធ្វើការងារសហការជាមួយក្រសួង-ស្ថាប័នផ្សេងៗ ព្រមទាំងព្រមានថាបើលោកដករដ្ឋមន្ត្រីណាមួយចេញពីតំណែង គឺប្រើពេលត្រឹម ២៤ម៉ោងប៉ុណ្ណោះ។
ការស្ដីបន្ទោសនាពេលនោះ បន្ទាប់ពីលោក វេង សាខុន មិនបានចូលរួមកិច្ចប្រជុំតាមការអញ្ជើញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធបញ្ហាតម្លៃជ្រូក។
លោក ហ៊ុន សែន អះអាងថា ការមិនចូលរួមប្រជុំនេះជាមូលហេតុនាំឲ្យសាច់ជ្រូកនៅកម្ពុជាឡើងថ្លៃ ក្រោយពីរដ្ឋមន្ត្រីកសិកម្ម លោក វេង សាខុន បានផ្អាកការនាំចូលសាច់ជ្រូក និងជ្រូករស់ចូលពីវៀតណាម។
ក្រោយពីបញ្ចប់តំណែងលោក វេង សាខុន បានពីរថ្ងៃ លោកក៏បានស្នើឲ្យសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់លោក ឌិត ទីណា ដែលបច្ចុប្បន្នមានតួនាទីជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម ជំនួសលោក វេង សាខុន។
លោក ឌិត ទីណា ជាកូនប្រុសរបស់លោក ឌិត មុន្ទី ប្រធានតុលាការកំពូលកម្ពុជា និងជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាចបច្ចុប្បន្ននេះ។ លោក ឌិត មុន្ទី ក៏ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះមួយរូបក្នុងចំណោមចៅក្រម ៩រូប ដែលបានរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែរ៕