28 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន សែន បកស្រាយ​ការពារ​ខ្លួន​រឿង​កាត់​ដី​ឲ្យ​ប្រទេស​ជិតខាង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដែល​ថា​មិន​កាត់​ដី​ខ្មែរ​ឱ្យ​ប្រទេស​ជិតខាង​សូម្បី​មួយ​មិល្លីម៉ែត្រ​នោះ គ្រាន់តែ​ជា​ការ​បកស្រាយ​ដើម្បី​ការពារ​ខ្លួន​យក​ភាព​ត្រឹមត្រូវ និង​ឱ្យ​ស្រប​តាម​ច្បាប់​ប៉ុណ្ណោះ ខណៈ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ធ្វើឡើង​ផ្ទុយ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។

ការ​លើកឡើង​របស់​អ្នក​ឃ្លាំមើល​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ថ្លែង​កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ​រស់នៅ​ទ្វីប​អឺរ៉ុប ក្នុង​ទីក្រុង​ហ្សូរិក ប្រទេស​ស្វីស ថា​ក្រោយ​បញ្ចប់​សង្គ្រាម​ឆ្នាំ​១៩៩៨ រដ្ឋាភិបាល​កម្ពុជា​បាន​នាំ​មក​នូវ​សន្តិភាព ការពារ​បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​ប្រទេស​ជិតខាង ស្រប​ពេល​ដែល​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​ចោទប្រកាន់​លើ​រូបលោក​ថា​កាត់​ដី​ឱ្យ​ប្រទេស​ជិតខាង​នោះ។

លោក​បន្ត​ថា កន្លងមក កម្ពុជា-វៀតណាម បាន​ឯកភាព​គ្នា​ស្នើសុំ​អ្នកជំនាញ​ពី​ប្រទេស​បារាំង ឱ្យ​ជួយ​ផ្ទេរ​ផែនទី​ពី​ផែនទី​បោន​ខ្នាត ១/១០០០០០ មក​ផែនទី UTM ខ្នាត ១/៥០០០០ ដើម្បី​ឱ្យ​មាន​ភាព​ច្បាស់លាស់ និង​ងាយស្រួល​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន។ លោក ហ៊ុន សែន អះអាង​ជា​ថ្មី​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​រូបលោក មិន​ដែល​បាន​កាត់​ដី​ខ្មែរ​ឱ្យ​ទៅ​ប្រទេស​ជិតខាង​សូម្បី​តែ​មួយ​មិល្លីម៉ែត្រ​ដូច​ការ​ចោទប្រកាន់​របស់​មជ្ឈដ្ឋាន​មួយ​ចំនួន​ឡើយ។

តែ​យ៉ាងណា​ក៏ដោយ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ចាត់ទុក​ការ​អះអាង​របស់​លោក ហ៊ុន សែន នា​ពេល​នេះ ធ្វើឡើង​ដើម្បី​ការពារ​ខ្លួន​យក​ភាព​ត្រឹមត្រូវ និង​ឱ្យ​ស្រប​តាម​ច្បាប់​តែប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា កន្លងមក លោក ហ៊ុន សែន ធ្លាប់​ចុះហត្ថលេខា​លើ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា-វៀតណាម ដោយ​ខុសច្បាប់​ជា​ច្រើន​ដង​មក​ហើយ។ មូលហេតុ​ដែល​លោក​ថា​ខុសច្បាប់​នោះ ដោយសារ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ធ្វើឡើង​ផ្ទុយ​ពី​មាត្រា​២ និង​មាត្រា​៥៥ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា រួម​ទាំង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ផង​ដែរ។

លោក ម៉ែន ណាត អះអាង​ថា បើ​ទោះបីជា​លោក ហ៊ុន សែន ខំ​បោះ​បង្គោល​ព្រំដែន​បាន ១០០% ក្ដី ប៉ុន្តែ​វា​មិន​អាច​បញ្ចប់​បញ្ហា​បាន​ឡើយ បើសិន​ការ​បោះ​បង្គោល​ព្រំដែន​មាន​ភាព​មិន​ប្រក្រតី​នោះ។ លោក​បន្ត​ថា កម្ពុជា​មាន​សិទ្ធិ​ក្នុង​ការ​សើរើ​ឡើងវិញ​បាន​ដោយ​និរាករណ៍​ឯកសារ​ច្បាប់​ទាំងឡាយ​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​រំលាយ លោក អ៊ូ ច័ន្ទរ័ត្ន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា បញ្ហា​ព្រំដែន​រវាង​កម្ពុជា-វៀតណាម​ជា​រឿង​រសើប ដោយសារ​កន្លងមក លោក រ៉ុង ឈុន និង​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន និង​អ្នក​ចេញ​តស៊ូ​មតិ​រឿង​អយុត្តិធម៌​សង្គម ត្រូវ​បាន​ចោទប្រកាន់ និង​ចាប់​ដាក់​ពន្ធនាគារ​ពាក់ព័ន្ធ​ការ​រិះគន់​រដ្ឋាភិបាល​ជុំវិញ​រឿង​ព្រំដែន​នេះ​ដែរ។

លោក​បញ្ជាក់​ថា លោក​ជំរុញ​ទៅ​រដ្ឋាភិបាល​ត្រូវ​ពន្យល់ និង​បង្ហាញ​ភស្តុតាង​ឱ្យ​បាន​ច្បាស់លាស់​ជូន​សាធារណជន ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​ខ្លះ​នៅ​តាម​ព្រំដែន​រិះគន់​បញ្ហា​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​ឱ្យ​ប្រទេស​ជិតខាង​បន្ត​ទៀត។

យោង​តាម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់​លើ​ផែនទី​មាត្រដ្ឋាន​ខ្នាត ១/១០០០០០ ដែល​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣ ហើយ​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩។ ខណៈ​មាត្រា​៥៥ ក៏​បាន​ចែង​ថា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា​ដែល​មិន​ស្រប​នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​កម្ពុជា ត្រូវ​លុប​ចោល៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស