27 C
Phnom Penh

ក្រុម​តស៊ូ​មតិ​ថា​លោក ហ៊ុន សែន គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​ផ្តល់​សេរីភាព​ដល់​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក ថា​រដ្ឋាភិបាល​កម្ពុជា​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​បើក​លំហ​ប្រជាធិបតេយ្យ​តាមរយៈ​នៃ​ការ​ផ្តល់​សិទ្ធិ​សេរីភាព​នយោបាយ​ពេញលេញ​ឡើងវិញ​ដល់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នោះ​ឡើយ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​រាប់​ពាន់​លាន​ដុល្លារ​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​បន្ត​ទៀត។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៣ ឧសភា នេះ​ថា តាម​សកម្មភាព​ខ្លះៗ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ក្នុង​រយៈពេល​ចុងក្រោយ​នេះ តាមរយៈ​នៃ​ការ​ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​ដើម្បី​ស្ដារ​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក ពីព្រោះ​កម្ពុជា​ពិត​ជា​ចង់​សម្រប​ខ្លួន​តាម​ការ​ចង់​បាន​របស់​អាមេរិក​ខ្លះ​ដែរ ប៉ុន្តែ​កំហុស​ដែល​មេ​បក្ស​កាន់​អំណាច​បាន​ប្រព្រឹត្ត​លើ​លោក កឹម សុខា ជា​កំហុស​ដ៏​ធំ​ដែល​ពិបាក​នឹង​ស្ដារ​ឡើងវិញ​នៅ​ពេលនេះ។

លោក ម៉ែន ណាត អះអាង​ថា ស្ថានភាព​ជាក់ស្តែង​នៅ​ពេលនេះ សហគមន៍​អន្តរជាតិ​កំពុង​ផ្តល់​តម្លៃ​លើ​លោក កឹម សុខា ជា​មេដឹកនាំ​តំណាង​ឱ្យ​ឆន្ទៈ​អ្នក​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ ដូច្នេះ​គាត់​មិន​អាច​បន្ត​សកម្មភាព​នយោបាយ​ស្ងៀមស្ងាត់​ពេក​នោះ​ទេ ព្រោះ​ថា​លោក ហ៊ុន សែន ពេលនេះ​អាច​នឹង​កំពុង​ប្រើ​ស្ថានភាព​របស់​លោក កឹម សុខា ពន្យារ​ពេល​ក្នុង​ការ​ប្រើ​លេស​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​រង់ចាំ​ដំណោះស្រាយ​មួយ​ដែល​គាត់​កំពុង​បង្កើត​ឡើង​សម្រាប់​ភាព​ទាល់ច្រក​របស់​រដ្ឋាភិបាល​ឯក​បក្ស​សព្វថ្ងៃ​នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា អ្វី​ដែល​លោក ហ៊ុន សែន ចង់​បាន​នោះ គឺ​កម្លាំង​គាំទ្រ​របស់​លោក កឹម សុខា ថយ​ចុះ និង​ការ​បែកខ្ញែក​គ្នា ហើយ​លោក កឹម សុខា ក៏​មិន​អាច​វិល​ចូល​ឆាក​នយោបាយ​វិញ​បាន​ទៅ​ថ្ងៃ​មុខ ព្រោះ​លទ្ធផល​បែប​នេះ​គឺ​មាន​ប្រយោជន៍​ធំធេង​សម្រាប់​កូនប្រុស​របស់​គាត់​ដែល​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​អនាគត។ ដូច្នេះ លោក កឹម សុខា ត្រូវ​ស្គាល់​ពី​បំណង​របស់​លោក ហ៊ុន សែន ឱ្យ​ច្បាស់ ហើយ​ដឹកនាំ​នយោបាយ​ដោយ​ការ​ប្រុងប្រយ័ត្ន និង​ផ្លាស់ប្ដូរ​បត់បែន​តាម​ស្ថានភាព​នយោបាយ​ដែល​បក្ស​កាន់​អំណាច​កំពុង​រៀបចំ​នេះ។

កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២២ ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា លោក ផាទ្រិក មើលហ្វី (W. Patrick Murphy) បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ធ្វីតធឺ (Twitter) របស់​លោក​ថា លោក​មាន​សេចក្តី​រីករាយ​ដែល​បាន​ជួប​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដើម្បី​ពិភាក្សា​អំពី​ព្រឹត្តិការណ៍​ថ្មីៗ​នៅ​កម្ពុជា។

លោក ផាទ្រិក មើលហ្វី លើកឡើង​ថា ក្នុង​នាម​លោក​តំណាង​ឱ្យ​សហរដ្ឋ​អាមេរិក នៅតែ​ខកចិត្ត​ចំពោះ​សវនាការ​ដែល​មាន​ចរិត​នយោបាយ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​នៅតែ​អូស​បន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ ក្នុង​នោះ​លោក​បញ្ជាក់​ថា កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​ស្ដារ​នីតិសម្បទា​នៃ​សិទ្ធិ​នយោបាយ​របស់​លោក កឹម សុខា ឡើងវិញ​ផង​ដែរ ប្រសិនបើ​កម្ពុជា​ធ្វើ​ឱ្យ​មាន​នូវ​លំហ​ប្រជាធិបតេយ្យ​នេះ។

ជុំវិញ​បញ្ហា​នេះ អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​២២ ឧសភា នេះ​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​ធ្វើតាម​ការ​ទាមទារ​របស់​សហរដ្ឋ​អាមេរិក កម្ពុជា​នឹង​ទទួល​បាន​បាន​ប្រយោជន៍​ជាច្រើន​ពី​សហរដ្ឋ​អាមេរិក។ លោក​បន្ត​ថា នៅ​ពេល​ណា​លោក កឹម សុខា ទទួល​បាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើងវិញ នោះ​ការ​ផ្សះផ្សា​ជាតិ និង​ការ​ឯកភាព​ជាតិ​ប្រាកដ​ជា​នឹង​កើតមាន​ជាមិនខាន ហើយ​អ្នក​ដែល​ចំណេញ​គឺ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប។

រយៈពេល​ចុងក្រោយ​នេះ ជំហរ​ផ្លូវការ​របស់​ប្រទេស​លោក​សេរី ទាំង​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប នៅតែ​ទទូច​ទាមទារ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព​នយោបាយ ដើម្បី​ដឹកនាំ​គណបក្ស​ប្រឆាំង​គួរ​ឱ្យ​ទុកចិត្ត​មួយ​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ។

ក្រុម​អ្នក​សង្កេតការណ៍​ខ្លះ​និយាយ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​បាន​តាម​ការ​ទាមទារ​របស់​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប នោះ​កម្ពុជា​នឹង​ទទួល​បាន​នូវ​ផលប្រយោជន៍​ទាំង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​សហរដ្ឋ​អាមេរិក ដែល​កម្ពុជា​កំពុងតែ​ចង់​បាន​នៅ​ពេលនេះ​ជាមិនខាន៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស