27 C
Phnom Penh

សហ​មេធាវី​ថា​ការ​ចោទប្រកាន់​លើ​លោក កឹម សុខា ផ្តើម​ចេញពី​វីដេអូ​កាត់​ត​ជា​កង់ៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​ការ​ចោទប្រកាន់​អស់​រយៈពេល​ជាង ៤​ឆ្នាំ​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កន្លងមក គឺ​ផ្តើម​ចេញពី​វីដេអូ​ដែល​កាត់​ត​ជា​កង់ៗ​ដែល​ខុសពី​ខ្លឹមសារ​ដើម។

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ចាន់ ចេង បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ថា ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌​អស់​រយៈពេល​ជាង ៤​ឆ្នាំ​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងមក​នេះ គឺ​ផ្តើម​ចេញពី​វីដេអូ​ដែល​កាត់​ត​ជា​កង់ៗ​ដែល​ខុសពី​ខ្លឹមសារ​ដើម។

លោក​បញ្ជាក់​ថា លោក កឹម សុខា បាន​ស្នើ​ឱ្យ​តុលាការ​ចាក់​វីដេអូ​របស់​លោក​មួយ​ទៀត​ដែល​លោក​បាន​ថ្លែង​នៅ​ខេត្ត​ព្រៃវែង ដែល​មាន​ខ្លឹមសារ​យ៉ាង​ច្បាស់​ថា រូបលោក​មិន​ត្រឹមតែ​មិន​បាន​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​នោះ​ទេ ថែមទាំង​បង្ហាញ​ពី​ការ​មិន​រណប​របស់​រដ្ឋ​បរទេស​ដាច់ខាត​ថែម​ទៀត។

លោក ចាន់ ចេង លើកឡើង​ថា សវនាការ​នៅ​ព្រឹក​នេះ មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក ផែង ហេង បាន​លើក​ជា​សំណួរ​ទៅកាន់​តំណាង​អយ្យការ​ថា តើ​ការ​ចូល​ទៅ​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​កណ្តាល​អាធ្រាត្រ ខាង​សមត្ថកិច្ច​មាន​រក​ឃើញ​នូវ​កិច្ចព្រមព្រៀង​ណា​មួយ​របស់​លោក កឹម សុខា ជាមួយ​រដ្ឋ​បរទេស ឬ​បាន​ឃើញ​ជន​បរទេស​ណា​ម្នាក់​នៅ​ជាមួយ​លោក កឹម សុខា ដែរ​ឬ​ទេ ដែល​តុលាការ​បាន​ចោទប្រកាន់​លោក​ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​នោះ ប៉ុន្តែ​ត្រូវ​តំណាង​អយ្យការ​ឆ្លើយ​ពង្វាង​សំណួរ​ទៅវិញ។

នៅ​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២២ នេះ សាលាដំបូង​ក្រុងភ្នំពេញ បាន​បើក​សវនាការ​លើ​សំណុំរឿង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា លើក​ទី​៤១ ប៉ុន្តែ​តុលាការ​នៅតែ​មិន​អាច​រក​ភស្តុតាង​ស្រប​ច្បាប់​ណា​មួយ​ដើម្បី​កាត់ទោស​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​នៅឡើយ​ទេ ខណៈ​វីដេអូ​ដែល​មេធាវី​ដើមបណ្ដឹង​យក​មក​ធ្វើជា​ភស្តុតាង​សម្រាប់​ឱ្យ​តុលាការ​ចោទ និង​ប្តឹង​កន្លងមក ត្រូវ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បដិសេធ​ថា​គឺជា​វីដេអូ​កាត់​ត​ជា​កង់ៗ​ដែល​ធ្វើ​ឱ្យ​ខុសពី​ខ្លឹមសារ​ពិត​នៃ​វីដេអូ​ដើម​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​សវនាការ​លើក​ទី​៤០ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​អះអាង​ថា វីដេអូ​របស់​មេធាវី​ដើមបណ្ដឹង​ប្រវែង​ជាង ២​នាទី​ដែល​បាន​កាត់​ត​ចេញពី​វីដេអូ​ដើម​ជាង​មួយ​ម៉ោង​របស់​លោក គឺ​មិន​ឆ្លុះបញ្ចាំង​ពី​ខ្លឹមសារ​ពិត​ទាំងស្រុង​ក្នុង​បំណង​ដែល​លោក​បាន​និយាយ​ទៅកាន់​អ្នក​គាំទ្រ​នោះ​ទេ ហើយ​ជា​វីដេអូ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ទៅ​លើ​ខ្លឹមសារ​ពិត​នៃ​វីដេអូ​ដើម​ថែម​ទៀត។

លោក កឹម សុខា បញ្ជាក់​ថា លោក​មិន​មាន​បំណង​ណា​មួយ​ធ្វើ​បដិវត្តន៍​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ ហើយ​ការ​និយាយ​របស់​លោក​រយៈពេល​ជាង ១​ម៉ោង​កាលពី​ឆ្នាំ​២០១៣ នៅ​ប្រទេស​អូស្ត្រាលី នោះ គ្រាន់តែ​ដើម្បី​ថ្លែង​អំណរគុណ​ពលរដ្ឋ​ដែល​បាន​ឧបត្ថម្ភ​ថវិកា​ជួយ​ជន​រងគ្រោះ​ទឹកជំនន់ និង​ដើម្បី​ប្រាប់​អ្នកគាំទ្រ​ពី​ការ​វិវឌ្ឍ​នៃ​ដំណើរការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អំឡុង​ពេល​នៃ​ការ​ចរចា​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​អូស្ត្រាលី ដែល​មាន​រយៈពេល​ជាង​មួយ​ម៉ោង ដោយ​បាន​លើកឡើង​ពី​ការ​វិវឌ្ឍ​នៃ​ដំណើរការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ជិត​កន្លះ​ប្រទេស។ ប៉ុន្តែ​ខ្សែ​វីដេអូ​ជាង​មួយ​ម៉ោង​នេះ ត្រូវ​មេធាវី​ខាង​ដើមបណ្ដឹង​កាត់​ត​ផ្សំ​គ្នា​ទៅ​ជា​ខ្លឹមសារ​មួយ​ផ្សេង​ទៀត ដែល​មាន​ប្រវែង​ត្រឹមតែ​ជាង ២​នាទី ដើម្បី​ចោទប្រកាន់​លោក កឹម សុខា ថា​បាន​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ក្នុង​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

ជុំវិញ​បញ្ហា​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ឆ្មក់​ចូល​ចាប់​ខ្លួន​ទាំង​កណ្តាល​អាធ្រាត្រ​កាលពី​ថ្ងៃ​ទី​២ ឈាន​ចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា តាម​បញ្ជា​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន។

ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ លោក កឹម សុខា នៅ​តែ​មាន​ភាព​ស្អាតស្អំ ព្រោះ​ថា​តុលាការ​កម្ពុជា​មិន​ទាន់​មាន​ភស្តុតាង​ណា​មួយ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ពេញ​លក្ខណៈ ដើម្បី​ដាក់​បន្ទុក​ឈាន​ដល់​ការ​កាត់ទោស​លោក​នៅឡើយ​ទេ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស