31 C
Phnom Penh

UN ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​និង​អ្នក​នយោបាយ​ធានា​ដំណើរការ​បោះឆ្នោត​មួយ​ស្មោះត្រង់​និង​សន្តិវិធី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​មេដឹកនាំ​នយោបាយ​ផ្សេង​ទៀត រួម​ទាំង​អ្នកគាំទ្រ ត្រូវ​ចូលរួម​ធានា​ឱ្យ​មាន​ដំណើរការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​បរិយាប័ន្ន ស្មោះត្រង់ និង​សន្តិវិធី​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​គោរព​សិទ្ធិមនុស្ស​ឲ្យ​បាន​ពេញលេញ។

ការ​ជំរុញ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គណបក្ស​នយោបាយ​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ដែល​ប្រព្រឹត្ត​ទៅ​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​សរសេរ​លើ​ហ្វេសប៊ុក​នា​ថ្ងៃ​ពុធ ទី​២៥ ឧសភា នេះ ដោយ​ស្រង់​ប្រសាសន៍​ប្រធាន​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា អ្នកស្រី ផូលីន ថាម៉េស៊ីស (Pauline Tamesis) ដែល​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​មេដឹកនាំ​នយោបាយ​ផ្សេង​ទៀត រួម​ទាំង​អ្នកគាំទ្រ​ត្រូវ​ចូលរួម​ធានា​ឱ្យ​មាន​ដំណើរការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​បរិយាប័ន្ន ស្មោះត្រង់ និង​សន្តិវិធី​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ពេញលេញ។ អ្នកស្រី​ថា​បរិការណ៍​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​ឆ្លុះបញ្ចាំង​ពី​ការ​សម្ដែង​ឆន្ទៈ​ដោយ​សេរី​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

ជាមួយ​គ្នា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ណែនាំ​គណបក្ស​នយោបាយ និង​បេក្ខជន​ដែល​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត មិន​ត្រូវ​ធ្វើ​សកម្មភាព​ទិញ​ទឹកចិត្ត​អ្នក​បោះឆ្នោត​តាមរយៈ​ការ​ផ្ដល់​ជា​ថវិកា សម្ភារៈ ឬ​មធ្យោបាយ​ផ្សេងៗ រួម​នឹង​ការ​ចៀសវាង​នូវ​សកម្មភាព​មួយ​ចំនួន​ទៀត​ដែល​ផ្ទុយ​នឹង​បទប្បញ្ញត្តិ​នៃ​ច្បាប់។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា សមាជិក​សភា​អឺរ៉ុប​បាន​ស្នើ​ទៅកាន់​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង ២៧ ឱ្យ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កម្ពុជា​ដោយ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងស្រុង ប្រសិនបើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៣ ត្រូវ​បាន​គេ​រក​ឃើញ​ថា​គ្មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

គណបក្ស​នយោបាយ​ចំនួន ១៧​គណបក្ស​នយោបាយ​ចូលរួម​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នេះ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស