30.8 C
Phnom Penh

គណបក្ស​បី​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ​២០២៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​ខ្មែរ​នៅ​អូស្ត្រាលី ទាមទារ​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ការ​គោរព​សិទ្ធិមនុស្ស សិទ្ធិ​ពលរដ្ឋ បើក​លំហ​សេរីភាព​ដល់​សកម្មជន​នៃ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា គណបក្ស​ចំនួន ៣ បាន​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ ឆ្នាំ​២០២៤។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ឲ្យ​ដឹង​ថា មាន​គណបក្ស​ចំនួន ៣ បាន​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ ឆ្នាំ​២០២៤។ គណបក្ស​ទាំង​បី​នោះ​មាន​ដូចជា គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​កម្លាំង​ជាតិ។

ប្រភព​ដដែល​បាន​លើកឡើង​ថា គ.ជ.ប បាន​បើក​ឱ្យ​បណ្ដា​បក្ស​នយោបាយ​ទាំងអស់​ដែល​មាន​បំណង​ចង់​ចូលរួម​ប្រកួតប្រជែង​ក្នុង​សម័យ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់​ក្រោម​នា​ថ្ងៃទី​២៦ ខែ​ឧសភា ខាងមុខ ឲ្យ​ចុះបញ្ជី​គណបក្ស និង​បេក្ខជន​ឈរឈ្មោះ​ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៤។

គ.ជ.ប បាន​ឲ្យ​ដឹង​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សរុប ៨៦១៨​រូប ក្នុង​នោះ​មាន​បេក្ខជន​ពេញ​សិទ្ធិ​ចំនួន ៤២០០​នាក់ និង​បម្រុង ៤៤១៨​នាក់។ បេក្ខជន​ទាំងនោះ​បាន​ឈរឈ្មោះ​នៅ ២៥​រាជធានី-ខេត្ត និង​ទូទាំង ២០៩​ក្រុង ស្រុក ខណ្ឌ។

ប្រភព​ដដែល​បាន​លើកឡើង​ថា គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​សរុប ៧៤៩​រូប ក្នុង​នោះ​បេក្ខជន​ពេញ​សិទ្ធិ ៣៧១​នាក់ និង​បម្រុង ៣៧៨​នាក់។ គណបក្ស​នេះ​ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ​មណ្ឌល​រាជធានី-ខេត្ត​ចំនួន​៣ និង​ក្រុង ស្រុក ខណ្ឌ ចំនួន​១៨។

គ.ជ.ប បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា គណបក្ស​កម្លាំង​ជាតិ ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​សរុប ៤២៧​រូប ក្នុង​នោះ​អ្នក​ពេញ​សិទ្ធិ ២១៣​នាក់ និង​បម្រុង ២១៤​នាក់។ គណបក្ស​កម្លាំង​ជាតិ ឈរឈ្មោះ​នៅ​មណ្ឌល​រាជធានី-ខេត្ត​ចំនួន​២ និង​មណ្ឌល​ក្រុង ស្រុក ខណ្ឌ ចំនួន​៩។

ប្រភព​ដដែល​បាន​លើកឡើង​ថា នីតិវិធី​សម្រាប់​ការ​បោះឆ្នោត គណៈកម្មការ​រាជធានី-ខេត្ត​រៀបចំ​ការ​បោះឆ្នោត នឹង​ពិនិត្យ ហើយ​សម្រេច​លើ​ពាក្យ​សុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​យ៉ាង​យូរ ៥​ថ្ងៃ ក្រោយ​ទទួល​បាន​ពាក្យ​ស្នើសុំ​នេះ។

ការ​បិទ​ផ្សាយ​លទ្ធផល​បណ្ដោះអាសន្ន​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៤ ឆ្នាំ​២០២៤ នឹង​ធ្វើ​ឡើង​ក្រោយពី​រាប់​សន្លឹកឆ្នោត​នៅ​ថ្ងៃទី​២៦ ឧសភា។

ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ មក កម្ពុជា​បាន​ទទួល​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដោយ​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ និង​មន្ត្រី​នៅ​មូលដ្ឋាន​របស់​ខ្លួន ដូចជា​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ និង​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ជាដើម ដែល​មាន​អាណត្តិ ៥​ឆ្នាំ​ដូចៗ​គ្នា។

ប្រទេស​កម្ពុជា បោះឆ្នោត​ជា​អសកល​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ បាន ៣​ដង​រួច​មក​ហើយ ខណៈ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​បាន​ធ្វើ​ឡើង ៧​អាណត្តិ ចំណែក​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា បាន​ធ្វើ​ឡើង​បាន ៣​ដង​ដែរ ចំណែក​ឯ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ បាន​ធ្វើ​ឡើង ៦​ដង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស