32 C
Phnom Penh

គ.ជ.ប អំពាវនាវ​ឱ្យ​បក្ស​នយោបាយ​គោរព​ច្បាប់ និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អំពាវនាវ​ឱ្យ​គណបក្ស​នយោបាយ បេក្ខជន​គ្រប់​ប្រភេទ រួម​ទាំង​អ្នក​គ្រប់គ្រង​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន ត្រូវ​ចូលរួម​គោរព​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា រួម​ទាំង​ក្រមសីលធម៌​សម្រាប់​ការ​បោះឆ្នោត។

យោង​តាម​សេចក្ដី​អំពាវនាវ​របស់ គ.ជ.ប ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៣ កុម្ភៈ នេះ​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ម៉ោង ​១០​យប់​ថ្ងៃទី​២៣ ដល់​ម៉ោង ១២​យប់​ថ្ងៃទី​២៥ កុម្ភៈ គ.ជ.ប អំពាវនាវ​ឱ្យ​គណបក្ស​នយោបាយ បេក្ខជន​គ្រប់​ប្រភេទ ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់។

គ.ជ.ប បន្ថែម​ថា រួម​ទាំង​អ្នក​គ្រប់គ្រង​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន ត្រូវ​ចូលរួម​គោរព​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា រួម​ទាំង​ក្រមសីលធម៌​សម្រាប់​ការ​បោះឆ្នោត។

យោង​តាម​សេចក្ដី​អំពាវនាវ​របស់ គ.ជ.ប អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ដែល​ទទួល​ខុស​ត្រូវ​ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​វិស័យ​ការងារ​ឯ​ទៀត ត្រូវ​សហការ​ជាមួយ​មន្ត្រី គ.ជ.ប គ្រប់​ជាន់​ថ្នាក់ ដើម្បី​រក្សា​សុវត្ថិភាព​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀប​រៀបរយ។

ប្រភព​ដដែល​លើកឡើង​ថា អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​បង្ការ និង​ទប់ស្កាត់​នូវ​រាល់​សកម្មភាព​ទាំងឡាយ​ដែល​មាន​បំណង​បំផ្លាញ​ការ​បោះឆ្នោត និង​បង្ក​ការ​រំខាន​ដល់​ដំណើរការ​បោះឆ្នោត។

សម្រាប់​ថ្ងៃ​សុក្រ ទី​២៣ កុម្ភៈ ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ក្រុង​ភ្នំពេញ បាន​ធ្វើ​សកម្មភាព​ដោយ​មាន​ការ​ជួបជុំ​សមាជិក​របស់​ខ្លួន និង​ដង្ហែ​ក្បួន​ឃោសនា​តាម​បណ្តា​ផ្លូវ​មួយ​ចំនួន។ សកម្មភាព​ដង្ហែ​ក្បួន​នេះ​មាន​សំឡេង​ស្រែក​លេខ​រៀង​ទី​១ របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៥ កុម្ភៈ ខាងមុខ​នេះ។

លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អះអាង​ថា ដំណើរការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា​រយៈពេល ១៤​ថ្ងៃ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២៣ កុម្ភៈ នេះ ពុំ​មាន​បណ្ដឹង​ឡើយ។ លោក​ថា ដំណើរការ​បោះឆ្នោត​ព្រឹទ្ធសភា​ទទួល​បាន​លទ្ធផល​ផ្លែផ្កា ដោយសារ​គណបក្ស​នយោបាយ អ្នកគាំទ្រ​បក្ស រួម​ទាំង​អាជ្ញាធរ ចូលរួម​សហការ​បាន​ល្អ ដែល​បង្ហាញ​ពី​ភាព​ចាស់ទុំ​ជាង​ការ​បោះឆ្នោត​មុនៗ។

ការ​បោះឆ្នោត​ព្រឹទ្ធសភា មាន​បក្ស​ចំនួន​៤ ចូលរួម​ប្រកួតប្រជែង រួម​មាន​បក្ស​ប្រជាជន​កម្ពុជា បក្ស​កម្លាំង​ជាតិ បក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ការិយាល័យ​បោះឆ្នោត​ទាំងអស់​មាន ៣៣ សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ដែល​មាន​អ្នក​បោះឆ្នោត​សរុប ១១៧៤៧​នាក់។ ការ​បោះឆ្នោត ការ​រាប់​សន្លឹកឆ្នោត និង​ការ​បិទ​ផ្សាយ​លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភា នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ កុម្ភៈ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស