31 C
Phnom Penh

បក្ស​កាន់​អំណាច​ចុះ​បង្រៀន​គូស​សន្លឹកឆ្នោត​និង​ចែក​ថវិកា​ដល់​ពលរដ្ឋ​ដើម្បី​បោះឆ្នោត​ឱ្យ​បក្ស​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ចុះ​បង្រៀន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឱ្យ​គូស​សន្លឹកឆ្នោត ឬ​បោះឆ្នោត ព្រមទាំង​ចែក​ថវិកា​ដើម្បី​ឱ្យ​បោះឆ្នោត​ដល់​គណបក្ស​របស់​ខ្លួន​យ៉ាង​សកម្ម ស្រប​ពេល​នឹង​យុទ្ធនាការ​ឃោសនា​ស្វែងរក​សំឡេង​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២។

កូនៗ​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច​គ្រាក់ៗ​បាន​នាំគ្នា​ចុះ​ជួប និង​លើក​ដៃ​សំពះ​ពលរដ្ឋ​ដល់​ក្នុង​ផ្ទះ រួម​ទាំង​តាម​ផ្លូវ​សាធារណៈ ទាំង​រាជធានី​ភ្នំពេញ និង​នៅ​តាម​មូលដ្ឋាន​នៃ​ខេត្ត​នីមួយៗ។

ក្រៅពី​លើក​ដៃ​សំពះ និង​ចុះ​ជួប​ហើយ ពួកគេ​ក៏​បាន​នាំគ្នា​យក​អំណោយ​ដោយ​មាន​សារ៉ុង ប៊ីចេង និង​ថវិកា​ចន្លោះ​ពី ១​ម៉ឺន​រៀល​ទៅ ២​ម៉ឺន​រៀល​ឱ្យ​ពលរដ្ឋ​ផង​ដែរ។

ការ​ផ្ដល់​ជា​អំណោយ​នោះ ធ្វើឡើង​អំឡុង​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​ស្វែងរក​សំឡេង​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ។

យ៉ាងណា​ក៏​សកម្មភាព​ចុះ​យកចិត្ត​ពលរដ្ឋ​ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា គេ​សង្កេត​ឃើញ​តែ​អំឡុង​ពេល​បោះឆ្នោត​តែប៉ុណ្ណោះ ប៉ុន្តែ​ចាប់ពី​បោះឆ្នោត​រួច គណបក្ស​នេះ​មិន​អើពើ​ចំពោះ​ការ​ស្នើសុំ​របស់​ពលរដ្ឋ​នោះ​ឡើយ។ ជាក់ស្ដែង ដូចជា​រឿង​វិវាទ​ដីធ្លី​ដែល​បាន​កើតឡើង​នៅ​គ្រប់​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​កំពុង​កើតឡើង​ខ្លាំង​ដែរ ប៉ុន្តែ​នៅ​ពេល​ដែល​ពលរដ្ឋ​មក​រក​កិច្ច​អន្តរាគមន៍ បញ្ហា​ទាំងអស់​នោះ​មិន​ត្រូវ​បាន​ដោះស្រាយ​ទេ។

ក្រៅពី​មិន​ទទួល​បាន​ដំណោះស្រាយ​ហើយ ពលរដ្ឋ​ទទួល​រង​ការ​គំរាមកំហែង​សម្លាប់ ដូចជា​បាញ់​ដោយ​កាំភ្លើង ការ​វាយ​នឹង​ដំបង ការ​ចាប់​ដាក់​ពន្ធនាគារ រួម​ទាំង​រង​ការ​ចោទប្រកាន់​ថា​ជា​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល ជាដើម។

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រុម​សកម្មជន និង​គណៈកម្មការ​ឃុំ-សង្កាត់​នីមួយៗ​នៅ​ទូទាំង​ប្រទេស កំពុង​ធ្វើ​សកម្មភាព​ចុះ​ជួប និង​សួរ​សុខទុក្ខ​ពលរដ្ឋ​នៅ​តាម​ទីស្នាក់ការ​ភូមិ/ឃុំ ដើម្បី​ណែនាំ​ពី​របៀប​គូស​សន្លឹកឆ្នោត​ដល់​មនុស្ស​ចាស់ និង​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​បក្ស ជាដើម។

លោក​ថា គណបក្ស​របស់​លោក​ពុំ​មាន​គោលការណ៍​ណែនាំ​ឱ្យ​សកម្មជន​របស់​ខ្លួន​បង្គាប់​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​សន្យា​អ្វី​មួយ​នោះ​ឡើយ ដោយ​គ្រាន់តែ​បង្រៀន​ពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់ និង​ចាស់ជរា​ពី​របៀប​គូស​សន្លឹកឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ពេញចិត្ត​របស់​ពួកគាត់​តែប៉ុណ្ណោះ។

លោក សុខ ឥសាន បន្ថែម​ទៀត​ថា ច្បាប់​របស់ គ.ជ.ប មិន​អនុញ្ញាត​ឱ្យ​គណបក្ស​នយោបាយ​ណា​មួយ​ចែក​អំណោយ និង​លុយ​ក្នុង​ថ្ងៃ​យុទ្ធនាការ​នោះ​ទេ។

បើ​តាម​របាយការណ៍​ក្រសួង​ការបរទេស​អាមេរិក ចេញ​ផ្សាយ​កាលពី​ខែ​មេសា ឆ្នាំ​២០២២ រក​ឃើញ​ថា សមាជិក​នៃ​កងកម្លាំង​របស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ក្នុង​នោះ​មាន​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា និង​ការ​គំរាមកំហែង ចាប់​ខ្លួន ឬ​កាត់​ទោស​អ្នក​សារព័ត៌មាន​ដោយ​អយុត្តិធម៌។

ប៉ុន្តែ​នៅ​ពេល​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ទាំង​កូន​របស់​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់ មាន​ទាំង​នគរបាល​ផង​នោះ បាន​នាំគ្នា​ចុះ​ជួប​ពលរដ្ឋ​ដល់​ផ្ទះ ដោយ​បង្រៀន​ពលរដ្ឋ​គូស​សន្លឹកឆ្នោត​ដើម្បី​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស យល់​ថា បើសិនជា​ការ​បង្រៀន​គូស​សន្លឹកឆ្នោត​នោះ​ប្រាប់​មិន​ឱ្យ​គាំទ្រ​គណបក្ស​ដទៃ​ដោយ​ឱ្យ​មាន​ការ​សន្យា​ពី​ម្ចាស់​ឆ្នោត ឬ​លួងលោម ឬ​ស្បថ ឬ​គំរាម​នោះ គឺ​ខុស​ច្បាប់។ មួយ​វិញ​ទៀត បើសិនជា​ការ​ដែល​បាន​ចុះ​បង្រៀន​នោះ​ជា​មន្ត្រីរាជការ​ដែល​កំពុង​បំពេញ​ភារកិច្ច ក៏​ខុស​នឹង​ច្បាប់​ដែរ។

លោក​ចាត់ទុក​ការ​ចែក​ថវិកា​ដល់​អ្នក​គាំទ្រ វា​ជា​ការ​ទិញ​ទឹកចិត្ត ផ្ទុយ​នឹង​ច្បាប់​បោះឆ្នោត​ដែល​ហាម​ពី​ការ​ទិញ​សន្លឹកឆ្នោត​ដោយ​សម្ភារៈ ឬ​ដោយ​ប្រាក់កាស ដូច្នេះ​ការ​ចែក​ថវិកា​ក្នុង​ពេល​ឃោសនា​ជា​ការ​ទិញ​សន្លឹកឆ្នោត។ លោក​ថា បើសិនជា​មាន​សកម្មភាព​នេះ​កើតឡើង លោក​ថា គ.ជ.ប ត្រូវ​ធ្វើ​ការ​ពិនិត្យ​មន្ត្រី​របស់​ខ្លួន​ឱ្យ​បាន​តឹងរ៉ឹង​ក្នុង​តួនាទី​ដោយ​ស្មើភាព និង​តម្លាភាព ជៀសវាង​ការ​អនុវត្ត​មាន​ភាព​លម្អៀង។

លោក កន សាវាង្ស បញ្ជាក់​ថា ការ​គូស​ជ្រើសរើស​គណបក្ស​នយោបាយ​ណា​មួយ​ក្នុង​បន្ទប់​សម្ងាត់ មិន​ត្រូវ​បាន​នរណា​ម្នាក់​ដឹង​នោះ​ទេ​សូម្បីតែ​ផ្កាយរណប​របស់​អាមេរិក បើសិនជា​អ្នក​មិន​បាន​បង្ហាញ​ទៅ​ឱ្យ​គេ​ដឹង​នោះ។ លោក​ចាត់ទុក​ការ​លើកឡើង​កន្លងមក​ដែល​ថា គេ​មើល​ផ្កាយរណប​ឃើញ​គូស​ឱ្យ​នរណា​មួយ នេះ​ជា​អំពើ​បោកប្រាស់ ឬ​ជា​សារ​របស់​អ្នក​រក​ចំណេញ​នយោបាយ​ទេ។

យោង​តាម​ប្រតិទិន​ដែល​ចេញ​ដោយ គ.ជ.ប បង្ហាញ​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​សល់​ពេល​ជាង ១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ ការ​បោះឆ្នោត​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស