38 C
Phnom Penh

បក្ស​ខ្មែរ​តែ​មួយ​ធ្វើ​យុទ្ធនាការ​ដេក​ផ្ទះ​ដើម្បី​ម្រាមដៃ​ស្អាត​ក្នុង​ឃុំ​សង្កាត់​ដែល​ខ្លួន​មិន​ឈរ​ឈ្មោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ អំពាវនាវ​ឲ្យ​ធ្វើ​យុទ្ធនាការ​ដេក​ផ្ទះ​ដើម្បី​ម្រាមដៃ​ស្អាត ដោយ​បង្គាប់​មិន​ឱ្យ​សមាជិក​ខ្លួន​ទៅ​ចូលរួម​ការ​បោះឆ្នោត​សម្រាប់​ឃុំ-សង្កាត់​ណា​ដែល​គណបក្ស​របស់​ខ្លួន​មិន​បាន​ដាក់​បេក្ខភាព​ឈរ​ឈ្មោះ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ។

ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ លោក គុជ លី បាន​ចេញ​សេចក្តី​អំពាវនាវ​នៅ​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២២ ថា លោក​អំពាវនាវ​ឱ្យ​សកម្មជន សមាជិក និង​អ្នកគាំទ្រ​គណបក្ស​ខ្មែរ​តែ​មួយ កុំ​នាំគ្នា​ទៅ​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃទី​៥ ខែ​មិថុនា ខាងមុខ​នេះ​នៅ​ក្នុង​ឃុំ-សង្កាត់​ណា​ដែល​គណបក្ស​របស់​លោក​មិន​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​នេះ។

លោក គុជ លី អះអាង​ថា ការ​ប្រកាស​ធ្វើ​យុទ្ធនាការ​ដេក​ផ្ទះ​ដើម្បី​ម្រាមដៃ​ស្អាត​នេះ គឺ​ក្នុង​គោល​បំណង​ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​សម្រាប់​គណបក្ស​នយោបាយ​នានា​ដែល​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ​ក្នុង​ឃុំ-សង្កាត់​ដែល​គណបក្ស​របស់​លោក​មិន​មាន​បេក្ខភាព​តែប៉ុណ្ណោះ។

ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ​បញ្ជាក់​ថា ការ​អំពាវនាវ​របស់​លោក គឺ​សម្រាប់​តែ​សកម្មជន សមាជិក និង​អ្នកគាំទ្រ​គណបក្ស​ខ្មែរ​តែ​មួយ​ប៉ុណ្ណោះ មិនមែន​ជា​ការ​អំពាវនាវ​ទៅកាន់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ផ្សេងៗ​នោះ​ឡើយ។

គណបក្ស​ខ្មែរ​តែ​មួយ គឺជា​គណបក្ស​នយោបាយ​មួយ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល ១៥​ផ្សេង​ទៀត​ដែល​បាន​ប្រកាស​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ជាមួយ​គណបក្ស​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល។ ខណៈ​ការ​បោះឆ្នោត​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា គឺជា​ការ​បោះឆ្នោត​ដើម្បី​បង្គ្រប់​កិច្ច​ឱ្យ​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ ព្រោះ​បក្ស​កាន់​អំណាច​បាន​រំលាយ​គណបក្ស​ដែល​ជា​គូប្រជែង​របស់​ខ្លួន គឺ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេលនេះ។

ជុំវិញ​ការ​អំពាវនាវ​នេះ កាលពី​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០១៨ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ក៏​ធ្លាប់​បាន​ចេញ​វីដេអូ​ឃ្លីប​មួយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​កុំ​ចេញ​ទៅ​បោះឆ្នោត​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨ ដែរ ដោយ​លោក​អះអាង​ថា ការ​បោះឆ្នោត​នៅ​ពេល​នោះ គឺជា​ការ​បោះឆ្នោត​ក្លែងក្លាយ គ្មាន​ការ​ទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ ដោយសារ​តែ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ លោក គុជ លី បាន​ចេញ​លិខិត​ចំហ​មួយ​ដោយ​ដាក់​សំណួរ​ទៅកាន់​លោក សម រង្ស៊ី ថា តើ​លោក សម រង្ស៊ី ហ៊ាន​ប្រើ​យុទ្ធនាការ​ដេក​ផ្ទះ​ឈ្នះ​ឯង ក្នុង​អំឡុង​ពេល​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ខាងមុខ​នេះ​ដូច​កាលពី​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ បន្ត​ទៀត​ដែរ​ឬ​ទេ? ប៉ុន្តែ​នៅ​ពេល​នេះ បែរ​ជា​លោក គុជ លី ខ្លួនឯង​ប្រកាស​យុទ្ធនាការ​ដេក​ផ្ទះ​ដើម្បី​ម្រាមដៃ​ស្អាត​ដោយ​ខ្លួនឯង​ទៅ​វិញ។

ជុំវិញ​ការ​បោះឆ្នោត​ឆ្នាំ​២០២២ នេះ ក្រុម​អ្នក​សង្កេត​ការណ៍​លើកឡើង​ថា គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខ​នេះ គឺ​ស្មើ​នឹង​នាំគ្នា​ក្បត់ ឬ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​បាន​ចែង​អំពី​ដំណើរការ​នៃ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា​ការ​បោះឆ្នោត​នេះ​ធ្វើឡើង​ដោយ​បំពាន​លើ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ទាំងស្រុង​ស្តីអំពី​ដំណើរការ​នៃ​ការ​បោះឆ្នោត​របស់​ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស