30 C
Phnom Penh

លោក ហ៊ុន សែន ប្រាប់​ពិភពលោក​ថា​កូនប្រុស​ទាំង​បី​សុទ្ធតែ​មាន​សមត្ថភាព​ធ្វើ​នាយករដ្ឋមន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ប្រកាស​ប្រាប់​ពិភពលោក​ថា កូនប្រុស​ទាំង​បី​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និង​លោក ហ៊ុន ម៉ានី សុទ្ធតែ​មាន​សមត្ថភាព​ធ្វើជា​នាយករដ្ឋមន្ត្រី​ដូច​គ្នា ព្រោះ​ថា​កន្លងមក​លោក​មិន​បាន​បណ្តុះបណ្តាល​កូន​ឱ្យ​ទៅ​ធ្វើ​ចោរ​នោះ​ទេ គឺ​ត្រៀម​ឱ្យ​ពួកគេ​ធ្វើ​ធំ​ទាំងអស់។

មេដឹកនាំ​ដែល​ប្ដេជ្ញា​កាន់​អំណាច​មួយ​ជីវិត លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៧ ស្ដីពី​អនាគត​អាស៊ី នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២២ ថា អ្នក​ដទៃ​គេ​ចង់​ឱ្យ​កូន​គេ​រកស៊ី​មាន​បាន និង​មាន​ការងារ​ល្អ ចំណែក​លោក​ក៏ដូចជា​អ្នក​ទាំងនោះ​ដែរ បើ​ពួកគេ​ចង់​ឱ្យ​កូន​ខ្លួនឯង​មាន​ការងារ​ធ្វើ​ល្អ ហេតុ​អ្វី​លោក​គ្មាន​សិទ្ធិ​ជ្រោមជ្រែង​ឱ្យ​កូន​របស់​លោក​កាន់​កិច្ចការ​ធំ និង​រកស៊ី​មាន​បាន​ដូច​គេ​ដែរ​នោះ។

លោក ហ៊ុន សែន និយាយ​ភ្លេច​ខ្លួន​ថា លោក​ជា​អ្នក​ដឹកនាំ​ប្រទេស​ទាំងមូល មិនមែន​ដឹកនាំ​តែ​គ្រួសារ​លោក​នោះ​ទេ។ មេដឹកនាំ​ប្រទេស​មាន​គតិ​យុត្តិធម៌ គេ​ផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​ស្មើៗ​គ្នា មិន​ឲ្យ​ស្នង​តំណែង​ត​ត្រកូល​នោះ​ទេ។

អតីត​មេ​កម្មាភិបាល​យោធា​ខ្មែរក្រហម​ដែល​សល់​ពី​របប​វាល​ពិឃាត​ដោយសារ​រត់​ចូល​ទៅ​ប្រទេស​យៀកណាម លោក ហ៊ុន សែន អះអាង​ថា នៅ​កម្ពុជា ការ​ឈ្នះ​តំណែង​នាយករដ្ឋមន្ត្រី គឺ​ពឹង​ផ្អែក​លើ​ការ​បោះឆ្នោត​ទាំងស្រុង ដូច្នេះ​បើ​គណបក្ស​កាន់​អំណាច​របស់​លោក​ចាញ់​ឆ្នោត មិន​ត្រឹមតែ​លោក ហ៊ុន ម៉ាណែត ទេ​ដែល​បាត់បង់​តំណែង សូម្បី​លោក​ខ្លួនឯង​ក៏​នឹង​បាត់បង់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នេះ​ដែរ។ ពាក្យ​ថា បោះឆ្នោត គឺ​បោះ​ដោយ​សុចរិត សេរី យុត្តិធម៌ មិន​បោះ​ដោយ​លួច​បន្លំ ឬ​គំរាម​បំភិតបំភ័យ​នោះ​ទេ។

បុរស​ខ្លាំង​លោក ហ៊ុន សែន បញ្ជាក់​ថា គេ​គ្រប់រូប​ធ្វើ​កិច្ចការ​គ្រប់​បែប​យ៉ាង​ដើម្បី​អំណាច និង​ដើម្បី​ខ្លួនឯង​ធ្វើ​ធំ ហើយ​ក៏​ចង់​ឱ្យ​កូនៗ​របស់​ពួកគេ​បាន​ធ្វើ​ធំ និង​មាន​អំណាច​ដែរ ចុះ​ហេតុ​អ្វី​ពួកគេ​ត្រូវ​នាំគ្នា​មក​ដក​សិទ្ធិ​របស់​លោក​ដែល​ចង់​ជ្រោមជ្រែង​កូន​ខ្លួនឯង​ឱ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី ដើម្បី​អំណាច ដើម្បី​ធ្វើ​ធំ​ដូច​គេ​ដែរ​នោះ ហើយ​បែរជា​នាំគ្នា​មក​រិះគន់​លោក​អំពី​បញ្ហា​នេះ។ លោក​ភ្លេច​សួរ​ខ្លួនឯង​ថា ហេតុ​អ្វី​លោក​ចង់​បន្ត​ត្រកូល?

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណួរ​ក្នុង​សន្និសីទ​អន្តរជាតិ​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន នីកកេ (Nikkei Inc.) នៃ​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​នេះ។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៧ ឧសភា ថា ទង្វើ​លក់​ជាតិ​របស់​លោក ហ៊ុន សែន ដែល​ពលរដ្ឋ​ខ្មែរ​ដឹង និង​ឃើញ​គ្រប់​គ្នា​ជាង ៤០​ឆ្នាំ​មក​នេះ ល្មម​គ្រប់គ្រាន់​ជាប់​ឈ្មោះ​ជា​ចោរ​លួច​ជាតិ​ហើយ ដែល​មាន​គ្រូ​ធំ​របស់​គាត់ គឺ​វៀតណាម ដូច្នេះ​លោក ហ៊ុន សែន អាច​និយាយ​ត្រូវ​ដែរ គឺ​នៅ​ត្រង់​ថា ល្បិច​ចោរ​លក់​ជាតិ​ខ្មែរ ហើយ​បម្រើ​ចោរ​លួច​ជាតិ​វៀតណាម​នេះ មិន​ចាំបាច់​លោក ហ៊ុន សែន បង្រៀន​កូន​គាត់​ដោយ​ផ្ទាល់​ទេ គឺ​លោក ហ៊ុន ម៉ាណែត ចេះ​ទៅ​រៀន​ពី​វៀតណាម​ដោយ​ខ្លួនឯង​ហើយ។

លោក គឹម សុខ លើកឡើង​ថា នៅ​ពេលនេះ លោក ហ៊ុន សែន ត្រូវ​ប្រជាពលរដ្ឋ​ខ្មែរ​និយាយ​ពេញ​ប្រទេស​ថា​ជា​ចោរ​លក់​ជាតិ ទាំង​សម្បត្តិ​ធនធាន​ធម្មជាតិ​ខ្មែរ និង​ទាំង​ទឹកដី​ព្រំដែន​ខ្មែរ ដើម្បី​ក្ដោប​ក្តាប់​អំណាច ដូច្នេះ​កូនប្រុស​គាត់​ដែល​ជា​អ្នក​បន្ត​វេន ក៏​ត្រូវ​ប្រជាពលរដ្ឋ​ខ្មែរ​គិត​គ្រប់​គ្នា​ថា កំពុង​ដើរ​តាម​ផ្លូវ​លោក ហ៊ុន សែន ជា​ឪពុក​ដែរ ដែល​នឹង​បំផ្លាញ​ជាតិ​ខ្មែរ​នៃ​ប្រទេស​កម្ពុជា​យ៉ាង​រន្ធត់ ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​វៀតណាម​ដូច​លោក ហ៊ុន សែន ដែរ ខណៈ​លោក ហ៊ុន ម៉ាណែត តែង​ជួប​មេដឹកនាំ​វៀតណាម​កាន់តែ​ញឹកញាប់ ទាំង​ស៊ីវិល ទាំង​កងទ័ព ទាំង​ចំហ និង​សម្ងាត់​នា​ពេល​កន្លងមក។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​លោក ហ៊ុន សែន ចង់​ឃើញ​លោក ហ៊ុន ម៉ាណែត គេច​ចេញពី​ឈ្មោះ​ចោរ​ប្លន់​អំណាច និង​ចោរ​លក់​ជាតិ​ដូច​គាត់​ជា​ឪពុក លុះត្រាតែ​លោក ហ៊ុន សែន ហ៊ាន​បើក​ឱកាស​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ត្រឹមត្រូវ​តាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។

ជុំវិញ​ការ​ប្រកាស​តែងតាំង​កូនប្រុស​ខ្លួនឯង​ជា​អនាគត​នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា​នេះ ត្រូវ​គេ​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា តាម​ការពិត លោក ហ៊ុន សែន ចង់​បាន​ឱ្យ​កូនប្រុស​របស់​គាត់​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​នៅ​អាណត្តិ​បន្ទាប់​នេះ​ណាស់ ដោយ​យក​កូនៗ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​ទាំងអស់​ធ្វើជា​រដ្ឋមន្ត្រី​តាម​ក្រសួង​នីមួយៗ​ដូច​គំរូ​ឪពុក​របស់​ពួកគេ​ដែល​អម​លោក ហ៊ុន សែន នៅ​ពេលនេះ​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា លោក ហ៊ុន សែន ធ្លាប់​ស្នើ​ឱ្យ​សមាជិក​អចិន្ត្រៃយ៍​ក្នុង​បក្ស​របស់​ខ្លួន​លាលែង​ចេញពី​តំណែង​ដែរ ដើម្បី​រៀបចំ​ឱ្យ​កូន​ខ្លួនឯង​ឡើង​កាន់​អំណាច​បន្ត​ពី​ខ្លួន​ដែរ ប៉ុន្តែ​មន្ត្រី​ទាំងនោះ​មិន​ព្រម ដូច្នេះ​បើ​លោក ហ៊ុន សែន លាលែង​ចេញ​តែ​ម្នាក់​ឯង​នោះ គឺជា​គ្រោះថ្នាក់​សម្រាប់​លោក ហ៊ុន ម៉ាណែត ទៅវិញ ដូច្នេះ​ហើយ​ទើប​លោក ហ៊ុន សែន ទ្រាំ​កាន់​អំណាច​ជំនួស​កូន​បន្ត​ទៀត។

ក្នុង​លក្ខន្តិកៈ​គណបក្ស​កាន់​អំណាច សមាជិក​អចិន្ត្រៃយ៍​ក្នុង​បក្ស​ត្រូវតែ​លាឈប់​ដោយ​ខ្លួនឯង ឬ​ស្លាប់ ទើប​អស់​សុពលភាព គ្មាន​លក្ខខណ្ឌ​ណា​អាច​បញ្ឈប់​ពួកគេ​បាន​ឡើយ​នៅ​ពេល​ដែល​អ្នក​ទាំងនោះ​គ្មាន​កំហុស​ធ្ងន់ធ្ងរ​បំផ្លាញ​គណបក្ស ដូច្នេះ​ល្បិច​របស់​លោក ហ៊ុន សែន ចង់​ឱ្យ​សមាជិក​អចិន្ត្រៃយ៍​ទាំងនោះ​លាលែង​ចេញពី​តំណែង​ដើម្បី​ប្រកាស​ផ្ទេរ​អំណាច​ឱ្យ​លោក ហ៊ុន ម៉ាណែត គឺ​ត្រូវ​លក្ខន្តិកៈ​នេះ​រារាំង​ជាប់​ទាំងស្រុង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស