28 C
Phnom Penh

គ.ជ.ប ព្យួរ​សមាសភាព​ទាំង​៩​រូប​ដើម្បី​ធានា​តម្លាភាព​និង​ឯករាជភាព​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សម្រេច​ព្យួរ​សមាសភាព​ប្រធាន អនុប្រធាន និង​សមាជិក​របស់​ខ្លួន​ទាំង ៩​រូប ដើម្បី​ធានា​នូវ​តម្លាភាព និង​ឯករាជភាព​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ថ្ងៃទី​២៣ ខែ​ឧសភា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ឧសភា នេះ​ស្ដីពី​ការ​ព្យួរ​សិទ្ធិ​ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​៥ ខែ​មិថុនា នេះ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​រូប​នេះ​បញ្ជាក់​ថា សមាសភាព​ដែល​ត្រូវ​បាន​ព្យួរ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ខាងមុខ​នេះ​រួម​មាន លោក ប្រាជ្ញ ចន្ទ ជា​ប្រធាន លោក នុត សុខុម ជា​អនុប្រធាន និង​សមាជិក​ចំនួន ៧​រូប​ផ្សេង​ទៀត ដូចជា​លោក ហង្ស ពុទ្ធា ជាដើម។

ការ​ចេញ​សេចក្តី​សម្រេច​បែប​នេះ ធ្វើឡើង​ស្រប​ពេល​គ្នា​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ក្នុង​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ កំពុង​រង​នូវ​ការ​រិះគន់​ធ្ងន់ធ្ងរ​ទាំង​មតិ​ជាតិ និង​អន្តរជាតិ​ថា​ជា​ស្ថាប័ន​ដែល​គ្មាន​ភាព​ឯករាជ្យ ដើម្បី​ធានា​នូវ​ការ​បោះឆ្នោត​សម្រាប់​អាណត្តិ​៥។

មាត្រា​៨ នៃ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ចែង​ថា មុខងារ​ជា​ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ត្រូវ​ព្យួរ​សិទ្ធិ​បោះឆ្នោត​ជា​បណ្ដោះអាសន្ន​រហូត​ដល់​ថ្ងៃ​បញ្ចប់​មុខ​តំណែង។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ ឧសភា នេះ​ថា ការ​ព្យួរ​សមាសភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បើ​ទោះបី​ធ្វើ​ស្រប​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​ក៏ដោយ ប៉ុន្តែ​ការ​អនុវត្ត​តែ​មួយ​ជ្រុង​បែប​នេះ គឺ​មិន​អាច​ឱ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​មាន​ទំនុក​ចិត្ត​ថា​ជា​ស្ថាប័ន​ឯករាជ្យ​ពេញលេញ​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​បាន​ទេ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា បើ​យោង​មាត្រា​១៥១​ថ្មី​ពីរ​នៃ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​ពី​សមាសភាព​នៃ​គណៈកម្មាធិការ​នេះ ដោយ​ប្រៀបធៀប​សមាសភាព គ.ជ.ប ដែល​កំពុង​ដឹកនាំ​កិច្ចការ​ជាក់ស្តែង​នៅ​ពេលនេះ គឺ​ផ្ទុយ​គ្នា​ទាំងស្រុង។ ដូច្នេះ​ការ​រិះគន់​នានា​ចំពោះ​គណៈកម្មាធិការ​នេះ ក៏​ជា​ហេតុផល​មួយ​សម្រាប់​ឱ្យ​ពួកគេ​កែសម្រួល​នូវ​សមាសភាព​ស្ថាប័ន​ជាតិ​នេះ​ឡើងវិញ​ផង​ដែរ។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​បញ្ជាក់​ថា អ្វី​ដែល​គណៈកម្មាធិការ​នេះ​អាច​ធ្វើ​បាន​នៅ​ពេលនេះ គឺ​ត្រូវតែ​បង្កើន​ជំនឿ​ទុកចិត្ត​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត និង​ធានា​ឱ្យ​បាន​នូវ​ការ​អនុវត្ត​ការងារ​ស្រប​តាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត ដែល​ពួកគេ​ត្រូវតែ​អនុវត្ត​ឱ្យ​មាន​ភាព​យុត្តិធម៌ ជាពិសេស​វិវាទ​ទាំងឡាយ​ដែល​បាន​កើតឡើង​រវាង​គណបក្ស​នយោបាយ​ដែល​បាន​ចោទ​គ្នា​ទៅវិញ​ទៅមក​នៅ​ពេលនេះ។

ក្រុម​អ្នក​សង្កេតការណ៍​ធ្លាប់​បាន​លើកឡើង​ជុំវិញ​ការ​បោះឆ្នោត​នេះ​ដែរ​ថា ដើម្បី​ធានា​ឯករាជភាព​នូវ​ដំណើរការ​នៃ​ការ​បោះឆ្នោត​ទៅ​បាន សំខាន់​បំផុត​នោះ​គឺ​ត្រូវតែ​រៀបចំ​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឱ្យ​ជា​ស្ថាប័ន​អព្យាក្រឹត​ពេញលេញ​ជា​មុន​សិន ក្នុង​នោះ​គឺ​មាន​សមាសភាព​ប្រធាន អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​របស់ គ.ជ.ប ត្រូវតែ​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ជាដាច់ខាត។ លើស​ពី​នេះ អនុប្រធាន គ.ជ.ប ត្រូវ​ជ្រើស​តាំង​ដោយ​ព្រឹទ្ធសភា ហើយ​រដ្ឋសភា​មាន​សិទ្ធិ​ជ្រើស​តាំង​សមាជិក គ.ជ.ប ១​រូប និង​សមាជិក ១​រូប​ផ្សេង​ទៀត​ត្រូវ​ជ្រើស​តាំង​ដោយ​រដ្ឋាភិបាល។

ដោយឡែក​គណបក្ស​នយោបាយ​នីមួយៗ​ដែល​មាន​សំឡេង​ក្នុង​រដ្ឋសភា ត្រូវ​ជ្រើស​តាំង​សមាជិក គ.ជ.ប ១​រូប​ផង​ដែរ​ចេញពី​គណបក្ស​នយោបាយ​របស់​ខ្លួន ដើម្បី​បញ្ចូល​ទៅ​ជា​សមាជិក​គណៈកម្មាធិការ​នេះ ប៉ុន្តែ​បើ​លក្ខខណ្ឌ​ទាំងនេះ​មិន​អាច​ជ្រើសរើស​សមាជិក គ.ជ.ប ឲ្យ​គ្រប់​ចំនួន ៩​រូប​នោះ​ទេ នោះ​សមាសភាព​ដែល​នៅ​ទំនេរ ត្រូវ​តែងតាំង​បង្គ្រប់​ដោយ​ព្រះមហាក្សត្រ។

មាត្រា​១៥១​ថ្មី​ពីរ​នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មាន​សមាសភាព ៩​រូប ក្នុង​នោះ ៤​រូប​ត្រូវ​ជ្រើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល ៤​រូប​ផ្សេង​ទៀត​ត្រូវ​ជ្រើសរើស​ពី​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​មិន​ចូលរួម​ក្នុង​រដ្ឋាភិបាល និង ១​រូប​ទៀត ត្រូវ​ជ្រើសរើស​ដោយ​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំងអស់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស