31 C
Phnom Penh

គ.ជ.ប អះអាង​ថា​ការ​ឃោសនា​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​គ្មាន​អំពើ​ហិង្សា​និង​ការ​គំរាមកំហែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា គ.ជ.ប ប្រកាស​ថា ការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​រយៈពេល ១០​ថ្ងៃ​មក​នេះ​ប្រព្រឹត្ត​ទៅ​រលូន ដោយ​គ្មាន​អំពើ​ហិង្សា និង​ការ​គំរាមកំហែង​ឡើយ ស្រប​ពេល​ស្ថាប័ន​អន្តរជាតិ​មិន​ដាក់​អ្នក​សង្កេតការណ៍។

ការ​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ធ្វើឡើង​ដំណាល​ពេល​ដែល​អង្គការ​អន្តរជាតិ និង​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ក្នុង​ស្រុក​មួយ​ចំនួន​មិន​បាន​ដាក់​អ្នក​សង្កេតការណ៍​អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ខាងមុខ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​មាន​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អ គ្មាន​អំពើ​ហិង្សា និង​គ្មាន​ការ​គំរាមកំហែង​ទេ។

គ.ជ.ប បញ្ជាក់​ថា នៅ​ខេត្ត​តាកែវ គណបក្ស​ប្រជាជន​កម្ពុជា បាន​ហែ​ក្បួន​ចំនួន ៣​ឃុំ-សង្កាត់ និង​ធ្វើការ​ជួប​ប្រជុំ​ចែក​ខិត្តប័ណ្ណ និង​ចាក់​មេក្រូ​ផ្សព្វផ្សាយ​ចំនួន ២១​ឃុំ-សង្កាត់ ខណៈ​គណបក្ស​ភ្លើង​ទៀន ហែ​ក្បួន​ចំនួន ២​ឃុំ-សង្កាត់ និង​ធ្វើការ​ជួប​ប្រជុំ​ចែក​ខិត្តប័ណ្ណ និង​ចាក់​មេក្រូ​ផ្សព្វផ្សាយ​ចំនួន ១៥​ឃុំ-សង្កាត់។

ចំណែក​គណបក្ស​កែទម្រង់​កម្ពុជា ធ្វើការ​ជួប​ប្រជុំ​ចែក​ខិត្តប័ណ្ណ និង​ចាក់​មេក្រូ​ផ្សព្វផ្សាយ​ចំនួន ៤​ឃុំ-សង្កាត់ គណបក្ស​ខ្មែរ​តែ​មួយ ហែ​ក្បួន​ចំនួន ១​ឃុំ ខណៈ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ធ្វើ​ការ​ចែក​ខិត្តប័ណ្ណ​ចំនួន ១​ឃុំ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា ហើយ​គណបក្ស​ឯកភាព​ជាតិ​ខ្មែរ ធ្វើ​ការ​ចាក់​មេក្រូ​ផ្សព្វផ្សាយ​ចំនួន ១​ឃុំ។

ដោយឡែក​នៅ​ខេត្ត​កំពង់ឆ្នាំង វិញ ការ​ធ្វើ​សកម្មភាព​ឃោសនា​តាមរយៈ​ការ​ជួប​ប្រជុំ ការ​ចែក​ខិត្តប័ណ្ណ និង​ការ​ចាក់​មេក្រូ​ផ្សព្វផ្សាយ គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​សកម្មភាព​ចំនួន ៣៦​ឃុំ-សង្កាត់ ខណៈ​គណបក្ស​ភ្លើង​ទៀន ចំនួន ២២​ឃុំ-សង្កាត់ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចំនួន ៦​ឃុំ-សង្កាត់។

ចំណែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចំនួន ៣​ឃុំ-សង្កាត់ និង​មាន​ហែ​ក្បួន​ចំនួន ១​ឃុំ និង​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ចំនួន ២​ឃុំ-សង្កាត់ ខណៈ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចំនួន ២​ឃុំ-សង្កាត់ ហើយ​គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​ធ្វើ​សកម្មភាព​ចំនួន ១​ឃុំ។

ត្បិត​តែ​ការ​បោះឆ្នោត​ខាងមុខ​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន ១៧ បាន​ចូលរួម​ក៏​ពិត​មែន ប៉ុន្តែ​ការ​បោះឆ្នោត​នេះ​ត្រូវ​បាន​អ្នកវិភាគ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​លើកឡើង​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​មិន​ត្រឹមត្រូវ មិន​អព្យាក្រឹត និង​មិន​យុត្តិធម៌​ឡើយ ដោយសារ​សមាសភាព​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់។

ជាមួយ​គ្នា​នេះ សហភាព​អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ រួម​ទាំង​អង្គការ​និចហ្វិក បាន​ប្រកាស​ថា ខ្លួន​មិន​បាន​ដាក់​អ្នក​សង្កេតការណ៍​ទេ ប៉ុន្តែ​ពួកគេ​នឹង​តាមដាន​ការ​បោះឆ្នោត​ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​មិថុនា យ៉ាង​យកចិត្ត​ទុកដាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស