28 C
Phnom Penh

មន្ត្រី​បស្ចិម​ប្រទេស​ថា​មូលដ្ឋាន​ទ័ព​របស់​ចិន​ពិត​ជា​មាន​នៅ​លើ​ទឹកដី​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ដាញ​សារព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក បាន​ដកស្រង់​សម្ដី​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​មួយ​រូប​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា វត្តមាន​របស់​កងទ័ព​ចិន នឹង​ស្ថិត​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម នៃ​ឆ្នេរសមុទ្រ​កម្ពុជា​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា បាន​ស្ថាបនា​រួចរាល់​ហើយ​នៅ​សប្ដាហ៍​នេះ ហើយ​បាន​ដាក់​ឱ្យ​ដំណើរការ​ទៀត​ផង។

កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​៦ មិថុនា ថា ការ​ស្ថាបនា​មូលដ្ឋាន​ទ័ព​ជើងទឹក​នៃ​កងទ័ព​ចិន​នៅ​លើ​ទឹកដី​កម្ពុជា គឺជា​មូលដ្ឋាន​ទី​ពីរ​របស់​ប្រទេស​ចិន​នៅ​បរទេស ប៉ុន្តែ​សម្រាប់​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ​មាន​តែ​កម្ពុជា​មួយ​គត់​ដែល​ចិន ស្ថាបនា​បាន​នូវ​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​ក្នុង​គោលដៅ​របស់​ក្រុង​ប៉េកាំង តភ្ជាប់​បណ្ដាញ​មូលដ្ឋាន​ទ័ព​ចិន​នៅ​លើ​ពិភពលោក ជាពិសេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ក្រុម​អ្នកវិភាគ​មើល​ឃើញ​ថា បច្ចុប្បន្ន​នេះ​ចិន​មាន​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​តែ​មួយ​គត់​នៅ​ក្រៅ​ប្រទេស គឺ​មាន​នៅ​ប្រទេស Djibouti នៃ​ទ្វីប​អាហ្វ្រិក ដែល​ប្រទេស​នេះ​បាន​សម្រេច​ជួល​ដី​ឲ្យ​ចិន ស្ថាបនា​មូលដ្ឋាន​ទ័ព​ជា​ថ្នូរ​នឹង​ការ​ទូទាត់​ការ​សង​បំណុល​ពាន់​លាន​ដុល្លារ។

ចំពោះ​មូលដ្ឋាន​ទ័ព​ចិន នៅ​លើ​ទឹកដី​កម្ពុជា ដែល​មន្ត្រី​បស្ចិម​ប្រទេស​អះអាង​ថា​មាន​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម គឺជា​បណ្ដាញ​តភ្ជាប់​ទៅ​នឹង​មូលដ្ឋាន​ទ័ព​ចិន មាន​នៅ​ក្នុង​ដែន​កោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ក្រុង​ប៉េកាំង កំពុង​ធ្វើ​អនុត្តរភាព​យោធា និង​ពង្រីក​វិសាលភាព​ដែន​អធិបតេយ្យ​របស់​ប្រទេស​មហាអំណាច​មួយ​នេះ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​អាមេរិក​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​ជាច្រើន​នាក់​នៃ​ពួក​បស្ចិម​ប្រទេស បាន​និយាយ​ថា គេ​អាច​វាយតម្លៃ​ថា ចិន​ប្រាកដ​ណាស់​នឹង​ចាប់​យក​ប្រទេស​កម្ពុជា​ឲ្យ​បាន​ក្នុង​ការ​ពង្រីក​វត្តមាន​កងទ័ព​ចិន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​ជា​ការ​ភ្ជាប់​បណ្ដាញ​ទៅកាន់​មូលដ្ឋាន​ជាច្រើន​ទៀត​របស់​ចិន ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ថ្ងៃ​ខាង​មុខ។

សម្រាប់​ក្រុម​អ្នកវិភាគ​មើល​ឃើញ​ថា ការ​រះ​ឡើង​នៃ​ឥទ្ធិពល​មហាអំណាច​ចិន គឺ​ដំបូង​ក្រុង​ប៉េកាំង វាយលុក​ទៅលើ​បណ្ដាញ​ពាណិជ្ជកម្ម​ដោយ​អនុវត្ត​យុទ្ធសាស្ត្រ «គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ» ជាមួយ​នឹង​ការ​ផ្ដល់​ប្រាក់កម្ចី​ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​ណា​ដែល​ស្រេកឃ្លាន​បំណុល​ចិន យក​មក​ពង្រឹង​អំណាច​របស់​ខ្លួន និង​បក្សពួក​ខ្លួន។

មេដឹកនាំ​ប្រទេស​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​ខ្វល់​ឡើយ​នូវ​ការ​ព្រមាន​ថា «អន្ទាក់​បំណុល​វ័ណ្ឌក» គឺ​ឱ្យ​តែ​ខ្លួន​អាច​ពង្រឹង​អំណាច​កាន់តែ​រឹងមាំ។ ប្រាក់កម្ចី​របស់​ចិន ទោះជា​ការប្រាក់​ខ្ពស់​ជាងគេ​ពិត​មែន ប៉ុន្តែ​កម្ចី​នេះ​ពុំ​មាន​លក្ខខណ្ឌ​សិទ្ធិមនុស្ស និង​អភិបាលកិច្ច​អ្វី​នោះ​ទេ។ មាន​ន័យ​ថា ចិន ពុំ​ដែល​មាន​ក្រុម​អធិការកិច្ច​ហិរញ្ញវត្ថុ​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ប្រាក់កម្ចី​របស់​ខ្លួន​នោះ​ឡើយ។

អំឡុង​បំណុល​ចិន​កាន់តែ​គរ​ដូច​ភ្នំ គឺ​ចិន​នៅតែ​បន្ត​ឲ្យ​ប្រទេស​ទាំងនោះ​ខ្ចី​ថែម​ទៀត ខណៈ​មិត្តភាព​នៃ​ការ​ពង្រឹង​ឥទ្ធិពល​របស់​ចិន កាន់តែ​មាន​ខ្លាំង​ឡើង​នៅ​លើ​ប្រទេស​នោះ ហើយ​ទីបំផុត ការ​សង​ប្រាក់​ត្រឡប់​ទៅ​ឱ្យ​ចិន​វិញ គឺ​កាន់តែ​លំបាក បាន​នាំ​ឲ្យ​ចិន​គាប​សង្កត់​ប្រទេស​នោះ​ក្នុង​លក្ខខណ្ឌ​ណា​មួយ។

ដោយ​បំណុល​របស់​ចិន​គរ​ដូច​ភ្នំ ប្រទេស​កូនបំណុល​ត្រូវ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​ការ​កាត់​សង​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ជា​បណ្ដើរៗ​ឲ្យ​ចិន ហើយ​បើ​មិន​អាច​ធ្វើ​តាម​កិច្ចសន្យា​បាន​ទេ ចិន​មាន​ផែនការ​រឹបអូស​ភាគហ៊ុន ឬ​គម្រោង​ណា​មួយ​ដែល​ធ្លាក់​ក្នុង​បំណុល​សង​វិញ​មិន​រួច ដែល​ទីបំផុត ពលរដ្ឋ​ចិន​ត្រូវ​បាន​ប្រទេស​នោះ​អនុញ្ញាត​ឱ្យ​មក​រស់នៅ​លើ​ទឹកដី​ប្រទេស​នោះ​ជាមួយ​នឹង​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​ចិន។

គេ​សង្កេត​ឃើញ​ជនជាតិ​ចិន ដែល​ភាគច្រើន​ជា​មនុស្ស​ប្រុស​ក្នុង​វ័យ​ជា​កងទ័ព​មាន​ចំនួន​ច្រើន​នៅ​លើ​ទឹកដី​ប្រទេស​នោះ។ ករណី​នេះ​ហើយ​នាំ​ឱ្យ​ចិន​មាន​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​នៅ​លើ​ទឹកដី​នៃ​ប្រទេស Djibouti នៃ​ទ្វីប​អាហ្វ្រិក មក​ទល់​នឹង​សព្វថ្ងៃ​នេះ។

ក្រុម​អ្នកវិភាគ​បន្ត​មើល​ឃើញ​ទៀត​ថា ក្នុង​រយៈពេល ៥​ឆ្នាំ​មក​នេះ ចិន​មាន​ផែនការ​ចាប់​យក​ប្រទេស​ស្រីលង្កា និង​ប៉ាគីស្ថាន ដែល​ជា​ប្រទេស​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​ចិន​ពាន់​លាន​ដុល្លារ ដើម្បី​គាប​សង្កត់​ឱ្យ​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​នេះ​ស្ថាបនា​មូលដ្ឋាន​ទ័ព​ចិន នៅ​លើ​ទឹកដី​របស់​ប្រទេស​ពីរ​នេះ តែ​ទៅ​ពុំ​រួច​នោះ​ទេ ដោយសារតែ​បក្ស​ប្រឆាំង​របស់​ប្រទេស​ពីរ​នេះ​មាន​ភាព​រឹងមាំ​ខ្លាំង គឺ​បក្ស​កាន់​អំណាច​មិន​អាច​អនុវត្ត​ផែនការ​របស់​ខ្លួន​តាម​សម្ពាធ​របស់​ចិន​បាន​ឡើយ។

ជាក់ស្ដែង សភា​នៃ​ប្រទេស​ប៉ាគីស្ថាន បាន​រុះរើ​គណៈរដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច​ដែល​មាន​និន្នាការ​ជ្រុល​និយម​នឹង​ចិន​រួច​ទៅ​ហើយ ដោយ​សមាជិក​បក្ស​ប្រឆាំង​រួម​កម្លាំង​គ្នា​ដកហូត​លោក Iram Khan ពី​តំណែង​នាយករដ្ឋមន្ត្រី ដោយ​ការ​បោះឆ្នោត​ទម្លាក់​ពី​អំណាច​ដោយ​ក្រុម​សមាជិក​សភា​ក្រោយពី​តុលាការ​កំពូល​របស់​ប្រទេស​នេះ​បង្គាប់​ឲ្យ​នាំ​ខ្លួន​លោក Iram Khan ទៅ​សុំ​សេចក្ដី​ទុកចិត្ត​ពី​សភា​ឡើងវិញ។

ករណី​ទម្លាក់​លោក Iram Khan ពី​នាយករដ្ឋមន្ត្រី គឺ​មកពី​ប្រទេស​ប៉ាគីស្ថាន ធ្លាក់​ក្នុង​បំណុល​ចិន​វ័ណ្ឌក ធ្វើ​ឱ្យ​រដ្ឋាភិបាល​ពុំ​មាន​លទ្ធភាព​សង​ចិន​វិញ​តាម​កាលកំណត់។

បច្ចុប្បន្ន រដ្ឋាភិបាល​ថ្មី​កំពុង​សើរើ និង​ពិនិត្យ​មើល​បំណុល​ចិន​ឡើងវិញ ជាមួយ​នឹង​ការ​ផ្ទៀងផ្ទាត់​ភាព​ស្រប​ច្បាប់​នៃ​បំណុល និង​តម្លាភាព​នៃ​ការ​ប្រើប្រាស់​ប្រាក់កម្ចី។ ស្រប​ពេល​នេះ​ដែរ នាយករដ្ឋមន្ត្រី មាហិនដា រ៉ៃយ៉ាប៉ាសាក ដែល​ត្រូវ​បាន​ប្រជាជន​ស្រីលង្កា​ទម្លាក់​ពី​អំណាច​កាលពី​ថ្មីៗ​នេះ គឺ​ដូច​នឹង​អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន Iram Khan ផង​ដែរ។

លោក មាហិនដា រ៉ៃយ៉ាប៉ាសាក ជា​មិត្ត​ជិតស្និទ្ធ​បំផុត​នឹង​ប្រធានាធិបតី​ចិន ស៊ី ជីនពីង។ គ្រួសារ​របស់​លោក មាហិនដា និង​បក្សពួក​របស់​លោក​ក្លាយ​ជា​មហាសេដ្ឋី​លើ​គំនរ​បំណុល​ចិន​ជាង ៣៥​ពាន់​លាន​ដុល្លារ។ ក្នុង​ស្ថានភាព​បែប​នេះ ចិន​កំពុង​បាត់បង់​មិត្ត​ដែកថែប​របស់​ខ្លួន​ដល់​ទៅ​ពីរ​រូប​នៅ​អាស៊ី​ខាងត្បូង។

យ៉ាងណា សម្រាប់​កម្ពុជា​ដែល​អាមេរិក​ដាក់​ការ​សង្ស័យ​ខ្លាំង​ជាងគេ​ថា​អនាគត​នឹង​មាន​ទ័ព​ចិន​នៅ​លើ​ទឹកដី​កម្ពុជា នៅ​ឆ្នេរសមុទ្រ​រាម គឺ​ទាំង​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​គេ​ហៅថា​បុរស​ខ្លាំង និង​រដ្ឋមន្ត្រី​ការពារ​ជាតិ រួម​ទាំង​រដ្ឋាភិបាល​ចិន​ផង​ដែរ តែងតែ​អះអាង​ថា​នឹង​ពុំ​អាច​មាន​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា​ទាំង​នៅ​បច្ចុប្បន្ន​នេះ និង​ទៅ​ថ្ងៃ​ខាង​មុខ​ឡើយ។

ការ​បញ្ជាក់​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា និង​ចិន ធ្វើឡើង​បន្ទាប់ពី​អាមេរិក​ដាក់​សម្ពាធ​ដល់​កម្ពុជា​ឱ្យ​បង្ហាញ​ភាព​ស្មោះត្រង់​ម្ដង​ហើយ​ម្ដង​ទៀត ថា​តើ​កម្ពុជា​ទៅ​ថ្ងៃ​ខាង​មុខ​អាច​ក្លាយ​ជា​មូលដ្ឋាន​ទ័ព​ចិន​ដែរ​ឬ​ទេ។ សម្រាប់​កម្ពុជា បញ្ជាក់​ថា​ពុំ​អាច​មាន​ឡើយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស