28 C
Phnom Penh

ប្រធាន​វេទិកា​ពលរដ្ឋ​អំពាវនាវ​ឱ្យ​បក្ស​ក្រៅ​រដ្ឋាភិបាល​រួម​កម្លាំង​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​វេទិកា​ពលរដ្ឋ អំពាវនាវ​ឱ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​ស្វែងរក​ការ​ជួប​ជជែក​គ្នា ដោយ​សុទ្ធចិត្ត និង​ស្មារតី​ជាតិ​ជា​មូលដ្ឋាន ដើម្បី​បង្កើត​កម្លាំង​រួបរួម​ដ៏​មាន​សក្ដានុពល​ធំ​មួយ​ទប់ទល់​នឹង​ការ​បោះឆ្នោត​ដ៏​អាក្រក់​ដែល​បាន​កើត​មាន​នៅ​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​តាម​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០២២ ថា ការ​បង្កើត​កម្លាំង​រួបរួម​នេះ គួរតែ​ធ្វើឡើង​នៅ​មុន​ដំណាច់​ឆ្នាំ​២០២២ នេះ ឬ​កាន់តែ​ឆាប់​កាន់តែ​ល្អ ចៀសវាង​ការ​ខ្ជះខ្ជាយ​ពេលវេលា​ដូច​ពេល​ដែល​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ។

លោក គឹម សុខ អះអាង​ថា គណបក្ស​ខ្លះ​ដូចជា​គណបក្ស​ភ្លើង​ទៀន ជាដើម ពី​ដំបូង​បង្ហាញ​ជំហរ​មិន​យល់ស្រប​នឹង​ការ​វាយតម្លៃ​របស់​ក្រុម​ការងារ​វេទិកា​ពលរដ្ឋ​ឡើយ ប៉ុន្តែ​នៅ​ទីបំផុត ក្រោយ​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត គណបក្ស​នេះ​ក៏​បាន​ទទួលស្គាល់​ថា ការ​បោះឆ្នោត​ក្នុង​អាណត្តិ​នេះ​ពិតជា​អាក្រក់​មែន។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា វេទិកា​ពលរដ្ឋ​បាន​ធ្វើការ​កត់សម្គាល់ និង​វាយតម្លៃ​ថា ព្រឹត្តិការណ៍​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាលពី​ថ្ងៃទី​០៥ ខែ​មិថុនា កន្លងទៅ​នេះ គឺជា​ឧក្រិដ្ឋកម្ម​ប្លន់​លទ្ធផល​បោះឆ្នោត បំភ្លៃ​ឆន្ទៈ​របស់​ពលរដ្ឋ​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា។

កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ គណបក្ស​នយោបាយ​ចំនួន ១៦​គណបក្ស នាំគ្នា​ទៅ​ចូលរួម​ការ​បោះឆ្នោត​ជាមួយ​បក្ស​កាន់​អំណាច បើ​ទោះបីជា​មាន​ការ​អំពាវនាវ​ពី​សំណាក់​អ្នក​ឃ្លាំមើល និង​អ្នកវិភាគ​ឱ្យ​មាន​ការ​រួបរួម​គ្នា​ទាមទារ​ឱ្យ​មាន​ការ​កែសម្រួល​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) មុន​នឹង​ពួកគេ​ចូលរួម​ក៏ដោយ ក៏​គណបក្ស​ទាំងនោះ​នៅតែ​បន្ត​ចូលរួម​ការ​បោះឆ្នោត​នេះ​ដដែល។

ប៉ុន្តែ​ក្រោយ​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ គណបក្ស​មួយ​ចំនួន ដូចជា​គណបក្ស​ភ្លើង​ទៀន ជាដើម បែរជា​ប្រកាស​ថា​លទ្ធផល​នៃ​ការ​បោះឆ្នោត​មិន​ឆ្លុះបញ្ចាំង​ឆន្ទៈ​ពលរដ្ឋ​ទៅវិញ បន្ទាប់ពី​ខ្លួន​បាន​បាត់បង់​មេឃុំ និង​ចៅសង្កាត់​យ៉ាង​ច្រើន​នៅ​អាណត្តិ​នេះ ក្រោយពី​ខ្លួន​សម្រេច​បែក​ចេញពី​ស្មារតី​រួបរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​គណបក្ស​សិទ្ធិមនុស្ស ដែល​ជា​សម្ពន្ធមិត្ត​របស់​ខ្លួន​កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ។

ឆ្លងកាត់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ដែល​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​នៅ​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ គណបក្ស​កាន់​អំណាច​ទទួល​បាន​មេឃុំ និង​ចៅសង្កាត់​ជាង ៩៩% ដែល​ស្មើ​នឹង ១៦៤៨​មេឃុំ-ចៅសង្កាត់ ដែល​លទ្ធផល​ដ៏​ខ្ពស់​បំផុត​មួយ​ដែល​គណបក្ស​នេះ​មិន​ធ្លាប់​ទទួល​បាន​តាំងពី​ការ​បោះឆ្នោត​លើកដំបូង​ក្នុង​ឆ្នាំ​២០០២។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា ប្រាប់​សារព័ត៌​វីអូឌី ថា​លទ្ធផល​បោះឆ្នោត​បឋម​នៅ​អាណត្តិ​នេះ​ដូច​គ្នា​ទៅ​នឹង​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១២ ដែរ ដែល​មិន​អាច​យក​ជ័យជម្នះ​ពី​បក្ស​កាន់​អំណាច​បាន នោះ​ក៏​ដោយសារតែ​ចរន្ត​បែកបាក់​របស់​អ្នក​ប្រជាធិបតេយ្យ។ លោក​គិត​ថា ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣ ខាងមុខ អ្នក​ប្រជាធិបតេយ្យ​ក៏​នៅតែ​មិន​អាច​ដណ្តើម​ប្រជាប្រិយភាព​ពី​គណបក្ស​កាន់​អំណាច​បាន​ដដែល បើ​ចរន្ត​បែកបាក់​នេះ​នៅតែ​អូស​បន្លាយ។

មួយ​វិញ​ទៀត លោក​គិត​ថា​គណបក្ស​ប្រជាជន​កម្ពុជា ក៏​អាច​ប្រឈម​នឹង​ការ​រង្គោះរង្គើ​ការ​គ្រប់គ្រង​អំណាច​ដែរ បើ​មិន​ឆ្លើយតប​ជា​វិជ្ជមាន​ទៅ​នឹង​កង្វល់​របស់​សហគមន៍​អន្តរជាតិ​ដែល​គេ​ចង់​ឃើញ​កម្ពុជា​វិល​ទៅ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត មាស នី ត្រូវ​បាន​សារព័ត៌មាន VOA ស្រង់​សម្ដី​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​បែកបាក់​គ្នា​ក្នុង​ចំណោម​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ហេតុផល​ចម្បង​មួយ​ដែល​ធ្វើ​ឱ្យ​បក្ស​មួយ​នេះ​មិន​មាន​ការ​គាំទ្រ​ច្រើន​សន្ធឹកសន្ធាប់​ដូច​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧។

មេឃុំ ២២​នាក់​របស់​គណបក្ស សម រង្ស៊ី និង​មេឃុំ ១៨​នាក់​របស់​គណបក្ស​សិទ្ធិមនុស្ស​ក្នុង​ឆ្នាំ​២០១២ បាន​ក្លាយ​ទៅជា​មេឃុំ ៤៨៩​នាក់​ក្នុង​ឆ្នាំ​២០១៧ បន្ទាប់ពី​គណបក្ស​ទាំង​ពីរ​នេះ​បាន​រួបរួម​គ្នា​បង្កើត​ទៅជា​គណបក្ស​សង្គ្រោះ​ជាតិ។

ប៉ុន្តែ​ក្រោយពី​គណបក្ស សម រង្ស៊ី កែ​ឈ្មោះ​មក​ជា​គណបក្ស​ភ្លើង​ទៀន និង​បែក​ចេញពី​គណបក្ស​សិទ្ធិមនុស្ស​មក​ចូលរួម​បោះឆ្នោត​ឆ្នាំ​២០២២ នេះ ទទួល​បាន​មេឃុំ-ចៅសង្កាត់​តែ ៤​នាក់​ប៉ុណ្ណោះ ខណៈ​បក្ស​កាន់​អំណាច​បាន​កើនឡើង​នូវ​ចំនួន​មេឃុំ និង​ចៅសង្កាត់​ស្ទើរតែ​គ្រប់​ឃុំ​ទាំងអស់​នៅ​ទូទាំង​ប្រទេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស