អ្នកសង្កេតការណ៍លើកឡើងថា ថៃបានបញ្ចូលទឹកដីខ្មែរជាច្រើនកន្លែងនៅតំបន់ព្រំដែន ទៅក្នុងគំនូសផែនទីឯកតោភាគីរបស់ថៃ ខ្នាត ១/៥០០០០ ដែលភាគច្រើនជាតំបន់យុទ្ធសាស្ត្រសំខាន់ៗដែលអាចឲ្យថៃ សម្លឹងមើលមកទិសខាងកើតបានកាន់តែឆ្ងាយនាពេលខាងមុខ នៅពេលពួកគេកាន់កាប់ទីតាំងទាំងនោះបានពេញលេញ។
អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម បណ្ឌិត មាស នី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៨ កុម្ភៈ ថា សង្គ្រាមរវាងកម្ពុជា-ថៃ ទាំងពីរលើកនាពេលកន្លងទៅនេះ ថៃហាក់ដូចជាបានយកលំនាំវាយលុកកាន់កាប់ទឹកដីខ្មែរតាមផែនទីខ្នាត ១/៥០០០០ នេះ ខណៈផែនទីនេះក៏ត្រូវបានប្រើជាឧបករណ៍ជំរុញឲ្យកើតកម្លាំងជាតិនិយមជ្រុល ដើម្បីឱ្យពលរដ្ឋថៃ គិតថាទឹកដីខ្មែរដែលត្រូវបានមេដឹកនាំថៃ ដាក់បញ្ចូលទៅក្នុងផែនទីនោះ គឺជាទឹកដីរបស់គេផងដែរ។
អ្នកសង្កេតការណ៍រូបនេះ បញ្ជាក់ថា ជំហានទីមួយរបស់ថៃ ក្នុងការរុញព្រំដែនចូលក្នុងទឹកដីខ្មែរនាពេលនេះ គឺគេប្រើជម្លោះរវាងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាមួយនឹងលោក អនុធីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ បច្ចុប្បន្នរូបនេះ ដើម្បីអនុវត្តយុទ្ធសាស្ត្រឈ្លានពានរបស់ពួកគេ។
បណ្ឌិត មាស នី សួរថា តើអាចទៅរួចដែរទេនៅជំហានទី២ សម្រាប់អាណត្តិថ្មីរបស់លោក អនុធីន ឆានវីរៈគុល សហការគ្នាជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ប្រើយុទ្ធសាស្ត្របង្ខំឲ្យរដ្ឋាភិបាលកម្ពុជា ទទួលយកព្រំដែនថ្មីតាមប្លង់ដីថ្មីដែលគេបានគូសរួចនោះ។
លោកបញ្ជាក់ថា ថៃអាចធ្វើបាន ឬមិនបាន គឺអាស្រ័យលើរដ្ឋាភិបាលកម្ពុជាទាំងស្រុង ដែលត្រូវទប់ទល់នឹងយុទ្ធសាស្ត្រមួយនេះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា ថៃនៅតែបន្តប្រើផែនទីខ្នាត ១/៥០០០០ ដើម្បីកំណត់ទឹកដីជាមួយប្រទេសកម្ពុជា ជុំវិញសង្គ្រាមទាំងពីរលើកកាលពីពេលកន្លងទៅថ្មីៗនេះ។
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត អះអាងថា ដើម្បីស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ភាគីទាំងពីរបានឯកភាពគ្នាបន្តធ្វើសកម្មភាពតាមលក្ខណៈបច្ចេកទេស ដើម្បីកំណត់ការវាស់វែងរួមគ្នា និងបោះបង្គោលបណ្ដោះអាសន្ន ដោយប្រើប្រាស់ផែនទី ១/២០០០០០ តាមសន្ធិសញ្ញាឆ្នាំ១៩០៧ និងកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការបោះបង្គោលបារាំង-សៀម ធ្វើជាមូលដ្ឋាន។
ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក សិរីពង្ស អង្គកាសាគុលគីត បានអះអាងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះព្រំដែនគោកកម្ពុជា-ថៃ (JBC) កន្លងមក មិនបានឈានដល់កិច្ចព្រមព្រៀងណាមួយទាក់ទងនឹងមាត្រដ្ឋានផែនទីខ្នាត ១/២០០០០០ និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ នោះឡើយ។
ជុំវិញបញ្ហានេះ គណបក្សប្រឆាំងលើកឡើងថា ផែនទីដែលថៃ គូរដោយខ្លួនឯង មិនមានអន្តរជាតិទទួលដឹងឮឡើយ គឺផែនទីលេខ L៧០១៦ ផលិតនៅឆ្នាំ១៩៧១ និងផែនទីលេខ L៧០១៧ ផលិតនៅឆ្នាំ១៩៨៤ ដែលផែនទីទាំងនេះមានខ្នាត ១/៥០០០០។
ប្រភពដដែលថា មូលដ្ឋានភស្តុតាងរឹងមាំរបស់កម្ពុជា គឺជាផែនទីឧបសម្ពន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលគូរដោយបារាំង អំឡុងឆ្នាំ១៩០៨ និងត្រូវបានតម្កល់នៅសហរដ្ឋអាមេរិក។ ផែនទីទាំងនោះមានចំនួន ១៨ផ្ទាំង ដែលមានខ្នាត ១/២០០០០០ ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
ចំណែកផែនទីដែលភាគីថៃ គូរដោយឯកតោភាគីមានខ្លឹមសារផ្ទុយពីឧបសម្ពន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ទាំងស្រុង ជុំវិញការកំណត់ព្រំដែនរវាងកម្ពុជា-ថៃ នោះ។
គណបក្សប្រឆាំង បញ្ជាក់ថា បើកម្ពុជា និងថៃ យកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តុលាការនឹងយកតែផែនទីឧបសម្ពន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ប៉ុណ្ណោះ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការសម្រេចក្តីនេះ រីឯផែនទីដែលថៃ គូរដោយឯកតោភាគី តុលាការនឹងបដិសេធចោលទាំងស្រុង។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា បានអះអាងកាលពីដើមខែមិថុនា ឆ្នាំ២០២៥ ថា ដរាបណាភាគីថៃ នៅតែបន្តប្រើផែនទីមាត្រដ្ឋានខុសគ្នាពីកម្ពុជា នោះប្រទេសទាំងពីរនឹងមិនអាចរកចំណុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

