33 C
Phnom Penh

លោក ហ៊ុន សែន និង​កូនប្រសា​ប្រមូល​ភស្តុតាង​ដាក់​បន្ទុក​លោក សម រង្ស៉ី ទៅ​តុលាការ​បារាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ជួប​ជាមួយ​ក្រុម​មេធាវី​ជនជាតិ​បារាំង ប្រមូល​ភស្តុតាង​បន្ថែម​ទៀត​ដើម្បី​ដាក់​បន្ទុក​លើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៉ី ពី​បទ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល» ពាក់ព័ន្ធ​នឹង​ឃាតកម្ម​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោក ហុក ឡង់ឌី ដែល​តុលាការ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង គ្រោង​នឹង​បើក​សវនាការ​នៅ​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២២ ខាងមុខ​នេះ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុម​មេធាវី​ជនជាតិ​បារាំង ចំនួន ៤​រូប​ដែល​ជា​មេធាវី​តំណាង​ឱ្យ​រូបលោក និង​លោក ឌី វិជ្ជា ដែល​ត្រូវ​ជា​កូនប្រុស​បង្កើត​របស់​លោក ហុក ឡង់ឌី នៅ​ភូមិគ្រឹះ​របស់​លោក​ក្នុង​ក្រុង​តាខ្មៅ ជុំវិញ​ការ​រៀបចំ​ភស្តុតាង​បន្ថែម ដើម្បី​ដាក់​បន្ទុក​លើ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៉ី ពី​បទ​បរិហារ​កេរ្តិ៍​នៅ​តុលាការ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

ការ​ប្រមូល​ភស្តុតាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សវនាការ​លើ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ដើម​ខែ​កញ្ញា ខាងមុខ​នេះ។

កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៩ មេធាវី​ការពារ​ក្តី​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​លោក ឌី វិជ្ជា បាន​អះអាង​ថា ពួកគេ​បាន​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវការ​ប្តឹង​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី រួច​ហើយ​ពី​បទ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល» ទៅ​កាន់​តុលាការ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី កាលពី​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​ធ្វើ​អត្ថាធិប្បាយ​បែប​សន្និដ្ឋាន និង​វិភាគ​ថា លោក ហ៊ុន សែន គឺជា​អ្នក​បញ្ជា​ឲ្យ​មាន​ការ​សម្លាប់​លោក ហុក ឡង់ឌី តាមរយៈ​នៃ​ការ​ធ្វើ​ឲ្យ​ផ្ទុះ​ឧទ្ធម្ភាគចក្រ​ដែល​លោក ហុក ឡង់ឌី ជិះ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៨ កន្លងទៅ។

ជាង​នេះ​ទៀត ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) អតីត​មេដឹកនាំ​ប្រឆាំង​រូប​នេះ​បាន​ធ្វើការ​ចោទប្រកាន់​យ៉ាង​ធ្ងន់ៗ​ថា លោក ហ៊ុន សែន គឺជា​មេខ្លោង​ឲ្យ​គេ​សម្លាប់​លោក ហុក ឡង់ឌី យ៉ាង​ពិតប្រាកដ ហើយ​កូនប្រុស​របស់​លោក ហុក ឡង់ឌី គឺ​លោក ឌី វិជ្ជា ដែល​ជា​កូនប្រសា​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ កំពុង​រៀបចំ​ផែនការ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដើម្បី​រក​វិធី​សងសឹក​លោក ហ៊ុន សែន ចំពោះ​ឃាតកម្ម​លើ​ឪពុក​របស់​ខ្លួន។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ដាក់​ពាក្យ​ប្ដឹង​លោក សម រង្ស៊ី ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត ១​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​លោក ស ខេង បញ្ជាក់​ថា ការ​ចោទប្រកាន់​របស់​លោក សម រង្ស៊ី បែប​នេះ គឺ​មាន​ចេតនា​បំបែក​បំបាក់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

យ៉ាងណា​ក៏ដោយ មុន​ពេល​ដាក់​ពាក្យ​បណ្តឹង លោក ហ៊ុន សែន ធ្លាប់​បាន​បបួល​លោក សម រង្ស៊ី ស្បថ​ដាក់​ជីវិត​ខ្លួនឯង ក្រុម​គ្រួសារ និង​សាច់ញាតិ ព្រមទាំង​មនុស្ស​ជំនិត ១០០​នាក់​ផង​ដែរ ប៉ុន្តែ​លោក សម រង្ស៊ី នៅតែ​អះអាង​ថា ការ​រៀប​ផែនការ​សម្លាប់​លោក ហុក ឡង់ឌី នេះ ដោយសារតែ​លោក ហុក ឡង់ឌី ដឹង​រឿង​អាក្រក់​របស់​លោក ហ៊ុន សែន ច្រើន​ពេក ហើយ​ការ​បបួល​ស្បថ​របស់​លោក ហ៊ុន សែន គ្រាន់តែ​ជា​ល្បែង​កូនក្មេង​ប៉ុណ្ណោះ។

លោក សម រង្ស៊ី ក៏​ធ្លាប់​បាន​ជំរុញ​ឱ្យ​លោក ហ៊ុន សែន ប្តឹង​រូបលោក​ផង​ដែរ ដោយ​លោក​សំអាង​ថា នៅ​ពេល​ណា​លោក ហ៊ុន សែន ដាក់​ពាក្យ​ប្តឹង លោក​នឹង​បញ្ចេញ​ភស្តុតាង​បន្ថែម​ទៀត​ជុំវិញ​អំពើ​ឃាតកម្ម​ធំៗ​នៅ​កម្ពុជា ដូចជា​ការ​សម្លាប់​អ្នកស្រី ពិសិដ្ឋ ពីលិកា ការ​សម្លាប់​អតីត​មេ​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា វិជ្ជា ការ​សម្លាប់​អតីត​ប្រធាន​អង្គការ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ជាដើម។

ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ លោក សម រង្ស៊ី មិន​ទាន់​បញ្ចេញ​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ណា​មួយ​ដូច​ដែល​លោក​បាន​អះអាង​នៅឡើយ​ទេ។

លោក ហុក ឡង់ឌី ដែល​ជា​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ស្លាប់​ក្នុង​ករណី​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៨ នៅ​ខេត្ត​ស្វាយរៀង។ របាយការណ៍​របស់​សមត្ថកិច្ច​បញ្ជាក់​ថា ករណី​ស្លាប់​នេះ​ដោយសារ​បណ្តាល​មកពី​អាកាសធាតុ​អាក្រក់​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​មាន​រន្ទះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស