30 C
Phnom Penh

អ្នកវិភាគ៖ រូបមន្ត ២​ភាគ​៣ ជា​ស្មារតី​ដើម​នៃ​ការ​ថែរក្សា​ផលប្រយោជន៍​ជាតិ​ដែល​ផ្ទុយ​ពី​រូបមន្ត ៥០%​បូក​១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តាមដាន​ខាង​ផ្នែក​កិច្ចការ​សង្គម និង​នយោបាយ​នៅ​កម្ពុជា លើកឡើង​ថា រូបមន្ត ២​ភាគ​៣ គឺជា​ស្មារតី​ដើម​នៃ​ការ​ថែរក្សា​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ដែល​ផ្ទុយ​ពី​រូបមន្ត ៥០% បូក​១ គឺជា​ស្មារតី​ដើម​នៃ​ការ​ចរចា​នយោបាយ​ដើម្បី​រក​ផលប្រយោជន៍​សម្រាប់​មេដឹកនាំ​នយោបាយ​ប៉ុណ្ណោះ។

អ្នក​តាមដាន​ផ្នែក​កិច្ចការ​សង្គម និង​នយោបាយ​នៅ​កម្ពុជា លោក ឌី គន្ធា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២០ មិថុនា ថា ស្មារតី​នៃ​រូបមន្ត ២​ភាគ​៣ ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ គឺជា​គោល​គំនិត​ដើម​ដែល​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ណា​មួយ ឬ​មេដឹកនាំ​នយោបាយ​ណា​មួយ​ដឹកនាំ​ប្រទេស​ផ្ដាច់មុខ​ដូច​សព្វថ្ងៃ​នេះ​ទេ ដែល​ជា​ហេតុ​នាំ​ឱ្យ​ពួក​អ្នក​នយោបាយ​មាន​លទ្ធភាព​រៀបចំ​ទៅ​រក​ការ​ដឹកនាំ​នយោបាយ​ប្រមូលផ្ដុំ​អំណាច​ទាំង​ក្នុង​រដ្ឋសភា និង​រដ្ឋាភិបាល​ដូច​សព្វថ្ងៃ។

លោក ឌី គន្ធា លើកឡើង​ថា ការ​កែប្រែ​រូបមន្ត​បង្កើត​រដ្ឋាភិបាល ២​ភាគ​៣ ទៅ​ជា ៥០​ភាគរយ​បូក​១ របស់​មេដឹកនាំ​នយោបាយ​ខ្មែរ​កំពូលៗ​នា​ពេល​កន្លងមក បាន​ជះ​ឥទ្ធិពល​អាក្រក់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សង្គម​កម្ពុជា ដូច​ដែល​កំពុង​កើតមាន​សព្វថ្ងៃ​នេះ ព្រោះ​ថា​ពួកគេ​បាន​នាំគ្នា​ក្បត់​ស្មារតី​ដើម​របស់​រដ្ឋធម្មនុញ្ញ​ដែល​ជា​គោល​គំនិត​រួម​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​រក្សា​នូវ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ផលប្រយោជន៍​ជាតិ​កម្ពុជា​ទាំងមូល។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា វិបត្តិ​ដែល​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​កំពុង​រងគ្រោះ​ជាក់ស្តែង​សព្វថ្ងៃ​នេះ ដូចជា​ការ​បង្ខាំង​មិន​ឱ្យ​កម្ពុជា​ចូល​ជា​សមាជិក​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក​អាមេរិក-ជប៉ុន ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% របស់​សហគមន៍​អឺរ៉ុប និង​ការ​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​អាមេរិក រួម​ជាមួយ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ជាច្រើន​មក​លើ​កម្ពុជា។

រដ្ឋធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម ឬ​កែប្រែ​ចំនួន ៩​លើក​រួច​មក​ហើយ ក្នុង​នោះ​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស សម រង្ស៊ី បាន​ចាប់​ដៃ​គ្នា​កែប្រែ​រូបមន្ត​បង្កើត​រដ្ឋាភិបាល​ពី ២​ភាគ​៣ ទៅ ៥០%+១ កាលពី​ឆ្នាំ​២០០៦ ដែល​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន អាច​ដឹកនាំ​រដ្ឋាភិបាល​ផ្ដាច់មុខ​ដូច​សព្វថ្ងៃ​នេះ។

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក សារ៉ូ សុវិជ័យ បាន​លើកឡើង​ក្នុង​កិច្ច​ពិភាក្សា​នេះ​ដែរ​ថា កម្លាំង​នយោបាយ​ខាង​ក្រុម​លោក សម រង្ស៊ី បាន​ចូលរួម​ធ្វើ​ឱ្យ​សង្គម​កម្ពុជា​អាប់អួរ​មិន​ចាញ់​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ប៉ុន្មាន​ទេ ជាពិសេស​ការ​ជេរ​ប្រមាថ ការ​លាប​ពណ៌​អ្នក​ប្រជាធិបតេយ្យ​ដូច​គ្នា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

អតីត​ប្រធាន​ចលនា​និស្សិត​រូប​នេះ​បញ្ជាក់​ថា ការ​លេង​ល្បែង​នយោបាយ​ក្រោម​ការ​រៀបចំ​របស់​លោក ហ៊ុន សែន គឺ​គ្មាន​ប្រយោជន៍​សម្រាប់​ជាតិ​កម្ពុជា​នោះ​ឡើយ។ ផ្ទុយទៅវិញ ពលរដ្ឋ​ខ្មែរ​នឹង​រងគ្រោះ​នូវ​ល្បែង​នយោបាយ​របស់​មេដឹកនាំ​ខ្មែរ​ទាំងនោះ​យ៉ាង​ធ្ងន់ធ្ងរ។ ជាក់ស្តែង វិបត្តិ​នយោបាយ​ដែល​កំពុង​កើតមាន​នូវ​ពេលនេះ គឺជា​ឧទាហរណ៍​ស្រាប់​ដែល​គេ​អាច​មើល​ឃើញ​នឹង​ភ្នែក​ទាំងអស់​គ្នា។

ក្រុម​អ្នក​សង្កេតការណ៍​អះអាង​ថា រយៈពេល​ជាង ១៥​ឆ្នាំ​ក្រោយ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ មក ៥០​ភាគរយ​បូក​១ កម្ពុជា​បាន​ប្រែ​ក្លាយ​ជា​ប្រទេស​ដែល​ដឹកនាំ​ដោយ​ពហុបក្ស​ទៅជា​ការ​ដឹកនាំ​ដោយ​ឯក​បក្ស ដែល​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ពី​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​នីតិរដ្ឋ​របស់​កម្ពុជា​យ៉ាង​ខ្លាំង ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ប្រើ​សភា​ឯក​បក្ស​របស់​ខ្លួន​កែប្រែ និង​បង្កើត​ច្បាប់​ថ្មីៗ​ជា​បន្តបន្ទាប់ ដើម្បី​គាប​សង្កត់​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការពារ​អំណាច​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា យោង​លទ្ធផល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ​នេះ រដ្ឋសភា​កម្ពុជា​នឹង​មាន​ពហុបក្ស ដូច្នេះ​លោក​រង់ចាំ​មើល​ថា​តើ​នឹង​ហៅ​រដ្ឋាភិបាល​របស់​លោក​ជា​រដ្ឋាភិបាល​ឯក​បក្ស​បន្ត​ទៀត​ដែរ​ឬ​ទេ។

បញ្ហា​នេះ ត្រូវ​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា លោក ហ៊ុន សែន អាច​ឱ្យ​មាន​គណបក្ស​ចម្រុះ​ក្នុង​រដ្ឋសភា ក្រោយ​សភា​ឯក​បក្ស​របស់​គាត់​បាន​កែប្រែ​ច្បាប់​គ្រប់​បែប​យ៉ាង​ទៅ​ហើយ​នោះ ប៉ុន្តែ​លោក ហ៊ុន សែន នឹង​មិន​អនុញ្ញាត​កែប្រែ​រូបមន្ត​ពី ៥០%+១ មក​ជា ២​ភាគ​៣ វិញ​ជាដាច់ខាត ព្រោះ​រូបមន្ត ៥០%+១ នេះ គឺជា​រូបមន្ត​រក​ផលប្រយោជន៍​ឱ្យ​បក្ស​កាន់​អំណាច​រហូត​មក៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស