ក្រុមអាជ្ញាធររាជធានីភ្នំពេញជាច្រើននាក់ បានរារាំង និងប្រើប្រាស់អំពើហិង្សាលើកូដករ ខណៈពួកគេបាននាំគ្នាព្យាយាមទៅប្រមូលផ្ដុំនៅក្បែរក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) ជាថ្មីទៀត ដើម្បីធ្វើកូដកម្មទាមទារការដោះស្រាយវិវាទការងារ។
កូដករជាង ១០០នាក់ នៅថ្ងៃចន្ទ ទី២៧ មិថុនា នេះ បាននាំគ្នាចេញធ្វើកូដកម្មជាថ្មី ក្រោយពីដំណោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍នៅតែបន្តអូសបន្លាយ ប៉ុន្តែចេញធ្វើកូដកម្មនេះ ត្រូវបានក្រុមអាជ្ញាធររាជធានីភ្នំពេញជាច្រើនបានដាក់របាំង ហើយស្រាក់ដៃគ្នាដើម្បីរារាំងកុំឱ្យកូដករទៅធ្វើកូដកម្មមុខក្រុមហ៊ុនណាហ្គាវើលដ៍។
ក្រៅពីដាក់របាំងរារាំង ក៏មានការរុញច្រាន និងប្រើប្រាស់អំពើហិង្សាលើកូដករ រួមទាំងចាប់ពួកគេដាក់រថយន្តក្រុង ខណៈក្រុមកូដករបានព្យាយាមទៅប្រមូលផ្ដុំនៅក្បែរក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។
ក្រុមកូដករដែលចេញធ្វើកូដកម្មនាថ្ងៃនេះ ពួកគេបាននាំគ្នាចងក្រណាត់ខៀវនៅលើក្បាលភ្ជាប់ជាមួយពាក្យ «កុំយកលុយទិញសិទ្ធិ» និងអ្នកខ្លះកាន់បដាដោយភ្ជាប់ជាមួយរូបថៅកែណាហ្គាវើលដ៍។
អំឡុងពេលអាជ្ញាធររារាំងរុញច្រាននោះ ក្រុមកូដករណាហ្គាវើលដ៍ ហើយអាជ្ញាធរក៏បានរារាំងអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិលជាតិ និងតំណាងអង្គការសហប្រជាជាតិនៅកម្ពុជាមិនឱ្យចូលថតផ្ដិតយករូបភាពកូដកម្មដែរ។
ការចេញធ្វើកូដកម្មជាថ្មីនេះ ក្រោយពីលទ្ធផលនៃការជួបចរចារវាងតំណាងកូដករ និងក្រុមហ៊ុនជាមួយក្រសួងការងារ មិនទាន់មានដំណោះស្រាយ ខណៈវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានកើតឡើងអស់រយៈពេលជាង ១ឆ្នាំមកហើយ។
ក្រោយពីវិវាទការងារនៅតែបន្តអូសបន្លាយនោះ កាលពីពាក់កណ្ដាលខែមិថុនា នេះ ក្រុមកូដករបាននាំគ្នាយកញត្តិទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងរដ្ឋសភា ដើម្បីឱ្យស្ថាប័នទាំងនេះជួយអន្តរាគមន៍ឱ្យឆាប់មានដំណោះស្រាយ៕