31 C
Phnom Penh

តំណាង​កម្មករ​ណាហ្គា​វើលដ៍​បដិសេធ​ការ​ចោទប្រកាន់​របស់​សាលា​ក្រុង​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីព​ការពារ​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) អះអាង​ថា ក្រុម​កូដករ​គ្មាន​បំណង​ប្រើប្រាស់​ផ្លូវ​សាធារណៈ​ដើម្បី​ធ្វើ​កូដកម្ម​ទាមទារ​សិទ្ធិ​ការងារ​នោះ​ទេ។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២៨ មិថុនា ឆ្នាំ​២០២២ ថា ចាប់តាំងពី​ថ្ងៃ​ដំបូង​នៃ​ការ​ធ្វើ​កូដកម្ម អាជ្ញាធរ​កម្ពុជា​បាន​រារាំង​ក្រុម​កូដករ​ជាប់​រហូត​មិន​ឱ្យ​ធ្វើ​ការ​តវ៉ា​ជាមួយ​នឹង​ក្រុមហ៊ុន ប៉ុន្តែ​ក្រុម​កូដករ​បាន​ប្រកាន់​ជំហរ​ជាប់​ជានិច្ច​នូវ​ការ​ធ្វើ​កូដកម្ម​ដោយ​អហិង្សា ដូច្នេះ​បើ​អាជ្ញាធរ​រាំង​ខ្ទប់​ពួកគេ​នៅ​កន្លែង​ណា ពួកគេ​នឹង​ធ្វើ​ការ​ទាមទារ​នៅ​កន្លែង​នោះ​តែម្តង។

កញ្ញា ឈឹម ស៊ីថរ លើកឡើង​ថា អាជ្ញាធរ​គួរតែ​សិក្សា​ពី​មូលហេតុ​នៃ​ការ​តវ៉ា​ទាមទារ​របស់​កម្មករ​ឱ្យ​បាន​ច្បាស់លាស់ មុន​នឹង​ឈាន​ដល់​ការ​រារាំង​ពួកគេ ព្រោះ​ថា​ភាគី​ក្រុមហ៊ុន​បាន​រំលោភ​សិទ្ធិ​ការងារ​លើ​កម្មករ​និយោជិត​យ៉ាង​ធ្ងន់ធ្ងរ។ ក្នុង​នោះ ក្រុមហ៊ុន​មាន​ចេតនា​លុប​បំបាត់ និង​បញ្ឈប់​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ដែល​មាន​អតីតភាព​ការងារ​ច្រើន​ឆ្នាំ និង​ជា​បុគ្គលិក​ដែល​មាន​ជំនាញ​គ្រប់គ្រាន់​ប្រមាណ​ជាង ១១០០​នាក់​ក្នុង​ចំណោម​បុគ្គលិក​ដែល​ត្រូវ​បញ្ឈប់ ១៣២៩​នាក់ ក្នុង​គម្រោង​លើកដំបូង​របស់​ក្រុមហ៊ុន​ក្រោម​លេស​ជួប​វិបត្តិ​កូវីដ-១៩។

កញ្ញា​បញ្ជាក់​ថា ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ការងារ​កម្ពុជា​ទាំងស្រុង ដោយ​ការ​បញ្ឈប់​បុគ្គលិក​ដែល​មាន​អតីតភាព​ច្រើន​ឆ្នាំ ប៉ុន្តែ​បែរ​ជា​រក្សា​ទុក​បុគ្គលិក​ដែល​ទើប​បម្រើ​ការងារ​ទៅ​វិញ។ ជាង​នេះ​ទៀត បុគ្គលិក​ខ្លះ​ត្រូវ​បាន​បញ្ឈប់​ទាំង​ប្តី និង​ប្រពន្ធ ដោយ​ក្រុមហ៊ុន​មិន​បាន​គិតគូរ​ពី​បន្ទុក​គ្រួសារ​របស់​ពួកគេ​នោះ​ទេ។ ចំណែក​ខ្លះ​ទៀត​ត្រូវ​បញ្ឈប់​ទាំង​ដែល​កំពុង​មាន​ផ្ទៃពោះ និង​ខ្លះ​ទៀត​កំពុង​សម្រាក​លំហែ​មាតុភាព ជាដើម ដែល​នេះ​គឺជា​ការ​រំលោភ​លើ​សិទ្ធិ​កម្មករ​និយោជិត​យ៉ាង​ធ្ងន់ធ្ងរ។

កញ្ញា ឈឹម ស៊ីថរ បញ្ជាក់​ថា ជុំវិញ​វិវាទ​នៃ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ នេះ ក្រសួង​ការងារ​កម្ពុជា មិន​បាន​បំពេញ​កាតព្វកិច្ច​ជួយ​រក​ដំណោះស្រាយ​ផ្តល់​យុត្តិធម៌​ជូន​ជង​រងគ្រោះ​នោះ​ទេ។ ទន្ទឹម​នឹង​នេះ ក្រសួង​ក៏​មិន​បាន​ប្រើ​វិធានការ​ច្បាប់​តាម​មាត្រា​ដែល​មាន​ចែង​ណា​មួយ ដើម្បី​ដាក់​ពិន័យ​ទៅ​លើ​ថៅកែ​ក្រុមហ៊ុន​ដែល​បាន​រំលោភ​បំពាន​លើ​សិទ្ធិ​កម្មករ​នេះ​ដែរ។

ចំណែក​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា យោង​លើ​របាយការណ៍​របស់​អង្គការ Global witness ធ្លាប់​បាន​លាតត្រដាង​ថា គ្រួសារ​ត្រកូល «ហ៊ុន» របស់​លោក ហ៊ុន សែន បាន​ដាក់​ភាគហ៊ុន​ខ្យល់​ធំៗ​ទាំងអស់​នៅ​កម្ពុជា ដែល​អាច​ឱ្យ​គ្រួសារ​មេដឹកនាំ​ក្រាញ​អំណាច​មួយ​នេះ​ទទួល​បាន​កម្រៃ​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​ទាំងនោះ​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​នឹង​ចិត្ត​របស់​ពួកគេ ទោះ​រំលោភ​បំពាន​លើ​ច្បាប់​របស់​កម្ពុជា​ក៏ដោយ។

លោក ប៉ា ងួនទៀង បញ្ជាក់​ថា ការ​តស៊ូ​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នេះ មិន​មែន​ដើម្បី​តែ​ផលប្រយោជន៍​សម្រាប់​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​គំរូ​ស្តង់ដារ​មួយ​សម្រាប់​ការពារ​អត្ថប្រយោជន៍​របស់​កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ​រាប់​ម៉ឺន​នាក់​នៅ​តាម​ក្រុមហ៊ុន​ដទៃ​ទៀត​ដែរ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​គេ​មើល​ឃើញ​ថា​មិន​ដែល​មាន​ចំណាត់ការ​ណា​មួយ​លើ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដើម្បី​ជំរុញ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​នេះ​ផ្តល់​ភាព​យុត្តិធម៌​ជូន​កម្មករ​នូវ​ទង្វើ​នៃ​ការ​រំលោភ​សិទ្ធិ​ការងារ​របស់​ពួកគេ​នោះ​ទេ មាន​តែ​ការ​ព្រមាន​បញ្ជូន​ករណី​នេះ​ទៅ​ដោះស្រាយ​នៅ​តុលាការ​តែប៉ុណ្ណោះ។

មាត្រា​៣៤ នៃ​ច្បាប់​ស្ដីពី​ការងារ បាន​ចែង​ថា អធិការកិច្ច​ការងារ​ត្រូវ​មាន​បេសកកម្ម​ធានា​ដល់​ការ​អនុវត្ត​ច្បាប់​ការងារ និង​ត្រួតពិនិត្យ​ការ​អនុវត្ត​បទបញ្ញត្តិ​ដែល​ទាក់ទង​នឹង​លក្ខខណ្ឌ​ជីវភាព​នៃ​កម្មករ​និយោជិត និង​គ្រួសារ​នៃ​ជន​ទាំងនោះ ប៉ុន្តែ​ការ​អនុវត្ត​របស់​ក្រសួង​ការងារ​កន្លង​មក គឺ​ធ្វើ​ឡើង​ផ្ទុយ​ស្រឡះ​ពី​មាត្រា​នៃ​ច្បាប់​ការងារ​ដែល​បាន​ចែង​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស