38 C
Phnom Penh

អ្នក​ឃ្លាំមើល៖ អ្នក​ប្រជាធិបតេយ្យ​គួរ​រួបរួម​គ្នា​បង្កើត​បក្ស​តែ​មួយ​ឱ្យ​បាន​មុន​ខែ​កក្កដា ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​មួយ​រូប​ជំរុញ​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​គួរតែ​រួបរួម​គ្នា​បង្កើត​សម្ពន្ធភាព​ជា​បក្ស​តែ​មួយ​ឱ្យ​បាន​មុន​ខែ​កក្កដា ឆ្នាំ​២០២៣ ដើម្បី​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច នោះ​ពួកគេ​នឹង​ទទួល​បាន​ជោគជ័យ​ធំធេង​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​អនាគត ជាជាង​ការ​ប្រជែង​គ្នា​ធ្វើ​ខ្លួន​ជា​អ្នក​ធំ​នៅ​ក្នុង​បក្ស​រៀងៗ​ខ្លួន។

លោក សេក សុជាតិ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១ កក្កដា នេះ​ថា អ្នក​ប្រជាធិបតេយ្យ​គួរ​សហការ​គ្នា​បង្កើត​កម្លាំង​មួយ​ឱ្យ​ធំ រស់នៅ​ជុំ​គ្នា និង​ខិតខំ​ធ្វើ​ការងារ​ឱ្យ​ខ្លាំង​ដូច​សត្វ​កណ្ដៀរ និង​ការពារ​សម្បុក​ដូចជា​សត្វ​ស្រមោច ទើប​គូប្រជែង​ដែល​ជា​បក្ស​កាន់​អំណាច​មិន​ហ៊ាន​ប្រព្រឹត្ត​ទង្វើ​អនាធិបតេយ្យ​ដូច​ដែល​គេ​កំពុង​ធ្វើ​បច្ចុប្បន្ន​នេះ។

លោក សេក សុជាតិ អះអាង​ថា បើ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​នីមួយៗ​ចូលរួម​ការ​បោះឆ្នោត​រៀងៗ​ខ្លួន គឺ​មាន​តែ​នាំគ្នា​ចាញ់​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ ប៉ុន្តែ​បើ​ពួកគេ​រួបរួម​គ្នា​ជា​បក្ស​តែ​មួយ នឹង​ទទួល​បាន​ជោគជ័យ​ធំធេង​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ។

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍ​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ការ​រួបរួម​រវាង​អ្នក​ប្រជាធិបតេយ្យ​ដែល​អាច​សម្រេច​ទៅ​បាន លុះត្រាតែ​ពួកគេ​មិន​ទាមទារ​ធ្វើជា​មេដឹកនាំ​សម្ពន្ធភាព​របស់​ខ្លួន ឬ​ធ្វើ​តាម​មេខ្លោង​នយោបាយ​ណា​មួយ​នៅ​ពីក្រោយ​នៃ​ការ​រួបរួម​នេះ​ដែរ។ ជាង​នេះ​ទៀត ការ​បង្កើត​បទបញ្ជា​ផ្ទៃក្នុង​ដើម្បី​អនុវត្ត​ទាំងអស់​គ្នា គឺជា​កត្តា​មិន​អាច​ខ្វះ​បាន​ជា​ដាច់ខាត ដើម្បី​កុំ​ឱ្យ​ពួកគេ​ចេះ​តែ​ចាប់​កំហុស​គ្នា​ទៅវិញ​ទៅមក។

លោក​បន្ត​ទៀត​ថា ជាង​នេះ​ទៀត ប្រសិនបើ​ពួកគេ​បង្កើត​សម្ពន្ធភាព​ដើម្បី​ប្រយោជន៍​តែ​គណបក្ស​រៀងៗ​ខ្លួន ក៏​មិន​គួរ​បង្កើត​ឡើង​ដែរ ដើម្បី​កុំ​ឱ្យ​ខូច​ឈ្មោះ​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​ស្នេហា​ជាតិ​កាន់តែ​ខ្លាំង​ជាង​នេះ។ បន្ថែម​ពី​នេះ ត្រូវ​បង្កើត​ក្រុម​វាយតម្លៃ​សីលធម៌​ផ្ទៃក្នុង​មួយ ដើម្បី​ទប់ស្កាត់​នូវ​រាល់​សកម្មភាព​អនាធិបតេយ្យ​ទាំងឡាយ​ដែល​អាច​កើតមាន​នៅ​ក្នុង​សម្ពន្ធភាព​របស់​ពួកគេ​ផង​ដែរ ហើយ​ការ​ចង​សម្ព័ន្ធ​នេះ​ត្រូវតែ​ធ្វើ​ឡើង​ឱ្យ​ចេញ​ជា​រូបរាង​ឱ្យ​បាន​មុន​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គណបក្ស​ក្រៅ​រដ្ឋាភិបាល និង​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដឹកនាំ​សកម្មភាព​នយោបាយ​របស់​ពួកគេ​រៀងៗ​ខ្លួន ដោយ​គ្មាន​ក្រុម​ណា​មួយ​អាច​ដឹកនាំ​រក​ការ​បង្រួបបង្រួម​ទៅ​ជា​កម្លាំង​ធំ​មួយ ដើម្បី​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​បាន​នៅឡើយ​ទេ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

គណបក្ស​នយោបាយ​នៅ​កម្ពុជា​មាន​ជាង ៤០​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​គណបក្ស​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ​មាន​ចំនួន ១៧​គណបក្ស​ប៉ុណ្ណោះ ក្នុង​នោះ​ពួកគេ​បាន​ដឹកនាំ​សកម្មភាព​ធ្វើ​នយោបាយ​ប្រកួតប្រជែង​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​រៀងៗ​ខ្លួន ប៉ុន្តែ​ជា​លទ្ធផល បក្ស​កាន់​អំណាច​បាន​យក​ឈ្នះ​គណបក្ស​នយោបាយ​ទាំងនោះ​ទាំងស្រុង​ដែល​អាច​គ្រប់គ្រង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដល់​ទៅ​ជាង ៩៤%។

ទាក់ទិន​នឹង​បញ្ហា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​បង្កើត​ឡើង​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស សម រង្ស៊ី កាលពី​ឆ្នាំ​២០១២ កន្លងទៅ បាន​ទទួល​ការ​គាំទ្រ​ពី​ពលរដ្ឋ​ភ្លូក​ទឹក​ភ្លូក​ដី​រហូត​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ធ្លាក់​ចុះ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ។

ដោយសារតែ​បញ្ហា​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន បាន​ប្រើ​ល្បិច​កល​កែ​ច្បាប់ និង​ចោទប្រកាន់​ទាំង​បំពាន​លើ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា រហូត​ឈាន​ដល់​ការ​ចាប់​ឃុំ​ខ្លួន និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ដែល​តុលាការ​មិន​ទាន់​កាត់ទោស​មេដឹកនាំ​បក្ស​នេះ​នៅឡើយ ហើយ​បញ្ហា​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​កម្លាំង​នៃ​ការ​បង្រួបបង្រួម​របស់​អ្នក​ប្រជាធិបតេយ្យ​ផង​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​បែកបាក់​របស់​អ្នក​ប្រជាធិបតេយ្យ គឺជា​ការ​ចង់​បាន​របស់​បក្ស​កាន់​អំណាច​យ៉ាង​ខ្លាំង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដូច្នេះ​អ្នក​ដែល​តាំង​ខ្លួន​ថា​ជា​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ ហើយ​បន្ត​ដឹកនាំ​សកម្មភាព​រៀងៗ​ខ្លួន​សព្វថ្ងៃ​នេះ មាន​ន័យ​ថា​ពួកគេ​ក៏​កំពុងតែ​ធ្វើ​នយោបាយ​កំដរ​បក្ស​កាន់​អំណាច​ឱ្យ​មាន​រូបភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ មិន​មែន​ដើម្បី​ប្រជាធិបតេយ្យ​ពិតប្រាកដ​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស