29.3 C
Phnom Penh

សកម្មជន​នឹង​កោរ​សក់​រំឭក​ខួប​៦​ឆ្នាំ​នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី ដើម្បី​បង្ហាញ​ពី​ភាព​អយុត្តិធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ដែល​សកម្ម​ខាង​ការ​ការពារ​ព្រៃឈើ បរិស្ថាន និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប្រកាស​កោរ​សក់​នៅ​ថ្ងៃទី​១០ កក្កដា ក្នុង​ពិធី​រម្លឹក​ខួប ៦​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ដើម្បី​ទាមទារ​ឲ្យ​តុលាការ​វែក​មុខ​រក​ឃាតក​ពិត និង​អ្នក​នៅ​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​ដ៏​កក្រើក​មួយ​នេះ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

សមាជិក​យុវជន​ខ្មែរ​ថាវរៈ កញ្ញា ឈឿន ដារ៉ាវី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ កក្កដា នេះ​ថា ការ​ប្រកាស​កោរ​សក់​នេះ​ក៏​ជា​ការ​សម្ដែង​នូវ​ការ​ដឹងគុណ​ចំពោះ​វីរភាព​របស់​បណ្ឌិត កែម ឡី ដែល​លោក​បាន​លះបង់​ជីវិត​ដើម្បី​ប្តូរ​យក​សិទ្ធិ​សេរីភាព​ជូន​សង្គម​កម្ពុជា​រហូត​ដល់​បាត់បង់​ជីវិត។

សមាជិក​យុវជន​ខ្មែរ​ថាវរៈ​រូប​នេះ​អះអាង​ថា ការ​កោរ​សក់​នេះ​ក៏​ជា​សារ​មួយ​ជំរុញ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ស្វែងរក​យុត្តិធម៌​ពិតប្រាកដ​ជូន​បណ្ឌិត កែម ឡី ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​ត្រង់។

កញ្ញា​បន្ត​ថា ការ​កោរ​សក់​នេះ​ក៏​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​នូវ​គុណភាព​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​ឡើងវិញ​ផង​ដែរ ដើម្បី​ធានា​នូវ​អាយុជីវិត​អ្នក​ស្នេហា​ជាតិ​ដែល​មាន​ឧត្តមគតិ​បម្រើ​ជាតិ​មាតុភូមិ​នៅ​ថ្ងៃ​មុខ។

កញ្ញា ឈឿន ដារ៉ាវី បញ្ជាក់​ថា ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ដែល​រដ្ឋាភិបាល​មិន​អាច​រក​ឃាតក​ពិត​រហូត​មក​ទល់​នឹង​ពេលនេះ គឺជា​ការ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌ និង​ការ​ធានា​នូវ​សន្តិសុខ​សង្គម​ជូន​ពលរដ្ឋ​របស់​ខ្លួន ស្រប​ពេល​ដែល​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​បាន​ធ្លាក់​ទៅ​ដល់​បាត​តារាង​ទៅ​ហើយ​នោះ។

នៅ​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២២ ខាងមុខ​នេះ ក្រុម​យុវជន​ខ្មែរ​ថាវរៈ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត បាន​នាំគ្នា​ធ្វើ​ពិធី​រំឭក​ខួប​នៃ​មរណភាព​របស់​បណ្ឌិត កែម ឡី ដោយ​ធ្វើ​ពិធី​ជួបជុំ​គ្នា​នៅ​ស្តុប​បូកគោ ជា​ទីតាំង​ដែល​ឃាតក​បាន​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ដោយ​ការ​ធ្វើ​ពិធី​ស្មិងស្មាធិ៍ និង​កោរ​សក់ ព្រមទាំង​ធ្វើ​ពិធី​បង្សុកូល​នៅ​ផ្ទះ​សាមគ្គី ស្ថិត​ក្នុង​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​ពិធី​នេះ​គេ​មិន​ទាន់​ដឹង​ថា​នឹង​មាន​ការ​រារាំង​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ ឬ​យ៉ាង​ណា​នៅឡើយ​ទេ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ ក្នុង​ស្ដារ​ម៉ាត​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច ស្តុប​បូកគោ កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ ឃាតកម្ម​នេះ​បាន​កើតឡើង​ត្រឹមតែ ២​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​របាយការណ៍​មួយ​របស់​អង្គការ​ឃ្លាំមើល​អន្តរជាតិ (Global Witness) ដែល​មាន​ឈ្មោះ​ថា «អាណាចក្រ​អាជីវកម្ម​ត្រកូល ហ៊ុន នៅ​កម្ពុជា»

របាយការណ៍​នោះ​បាន​លាតត្រដាង​ពី​ការ​ក្ដោប​ក្ដាប់​អាជីវកម្ម​របស់​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ច្រើន​នៅ​កម្ពុជា ដែល​មាន​តម្លៃ​រាប់​រយ​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​បណ្ឌិត កែម ឡី បាន​បកស្រាយ​ថា នឹង​ធ្វើ​ឱ្យ​មាន​ទំនាស់​ផលប្រយោជន៍​រវាង​អ្នកជំនួញ​នៅ​កម្ពុជា​ដែល​រកស៊ី​ដោយ​ស្មោះត្រង់​ជាមួយ​អ្នក​មាន​អំណាច ដែល​កំពុង​ក្តោប​ក្តាប់​ជំនួញ​ទាំងអស់​នៅ​កម្ពុជា ជាពិសេស គឺ​គ្រួសារ​ត្រកូល ហ៊ុន តែម្តង។

ក្រោយ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី សមត្ថកិច្ច​បាន​បង្ហាញ​ឃាតក​ម្នាក់​ដែល​មាន​ឈ្មោះ​ថា អឿត អាង ហៅ ជួប សម្លាប់ ក្នុង​នោះ​តុលាការ​បាន​ផ្ដន្ទាទោស​បុគ្គល​នោះ​ឱ្យ​ជាប់​គុក​អស់​មួយ​ជីវិត ប៉ុន្តែ​ខ្សែ​វីដេអូ​ជា​ភស្តុតាង​ដែល​បាន​ថត​ជាប់​នៅក្នុង​ហាង​ស្តារ​ម៉ាត​នោះ អាជ្ញាធរ​មិន​បាន​បង្ហាញ​ដល់​សាធារណជន​នោះ​ទេ ខណៈ​សំណុំ​រឿង​នេះ​ត្រូវ​តុលាការ​បិទ​បញ្ចប់​ទៅ​ហើយ​នោះ។

អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម​ម្នាក់ គឺ​បណ្ឌិត មាស នី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប្រព័ន្ធ​យុត្តិធម៌​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​តាម​ចាប់​ខ្លួន​បុគ្គល​ណា​ម្នាក់ ទោះ​បុគ្គល​នោះ​រត់​ដល់​ទីណា​ក៏ដោយ ប៉ុន្តែ​លោក​ថា ការ​ខកខាន​នាំ​ខ្លួន​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី នេះ អាច​មកពី​ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ ដោយ​លម្អៀង​ទៅ​រក​អ្នក​មាន​ឥទ្ធិពល​ខាង​នយោបាយ។

បណ្ឌិត មាស នី បន្ត​ទៀត​ថា បណ្ឌិត កែម ឡី ជា​អ្នក​រូត​វាំងនន ហើយ​ពេល​ខ្លះ​ការ​លាតត្រដាង​នោះ​ធ្វើ​ឱ្យ​អ្នក​នយោបាយ​ខិលខូច​ខ្លះ​មិន​សប្បាយ​ចិត្ត។ លោក​ថា បើ​គ្មាន​អ្វី​កែលំអ​ទេ ការ​អនុវត្ត​ច្បាប់​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ និង​រដ្ឋាភិបាល​លែង​ទុកចិត្ត​គ្នា និង​ជំរុញ​ឱ្យ​មាន​ការ​កើនឡើង​បញ្ហា​សង្គម។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ ឆ្នាំ​២០២១ របស់​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​លាតត្រដាង​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​ដឹកនាំ​គ្មាន​តម្លាភាព ពោរពេញ​ដោយ​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ ជាដើម ដែល​បាន​ធ្លាក់​ទៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​នីតិរដ្ឋ​អាក្រក់​បំផុត​ក្នុង​ចំណាត់ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ នៅ​លើ​ពិភពលោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស