32 C
Phnom Penh

រដ្ឋាភិបាល​ថា​គម្រោង​បញ្ចុះ​ថ្លៃ​អគ្គិសនី​ដល់​ពលរដ្ឋ​ចុង​ឆ្នាំ​២០២២​អាច​នឹង​ត្រូវ​ពន្យារ​ពេល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ប្រកាស​ជា​ផ្លូវការ​ថា គម្រោង​ដែល​រដ្ឋាភិបាល​កម្ពុជា​បញ្ចុះ​ថ្លៃ​អគ្គិសនី​ដល់​ពលរដ្ឋ​សម្រាប់​ចុង​ឆ្នាំ​២០២២ នេះ អាច​នឹង​ត្រូវ​ពន្យារ​ពេល ដោយសារតែ​អគ្គិសនី​កម្ពុជា (EDC) នឹង​ខាតបង់​ប្រហែល ១០០​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០២២ នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រតិភូ​កីឡា​អាស៊ាន-ប៉ារ៉ាហ្គេម កាលពី​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០២២ ថា ការ​ខាតបង់​ជា​លើកដំបូង​របស់ EDC ដែល​រដ្ឋាភិបាល​ត្រូវ​អន្តរាគមន៍​នេះ គឺ​វា​ផ្តើម​ចេញពី​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន និង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​មហាអំណាច​លើ​ប្រទេស​រុស្ស៊ី នា​ពេល​កន្លងមក។

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ ជាពិសេស​អ្នក​បំពេញ​ការងារ​នៅ​ស្ថាប័ន​សាធារណៈ​ទាំងអស់​ត្រូវ​ប្រើ​អគ្គិសនី​ដោយ​សន្សំ​សំចៃ ស្រប​ពេល​ដែល​តម្លៃ​អគ្គិសនី​នៅ​ប្រទេស​កំពុង​ឡើង​ថ្លៃ​ខ្ពស់ ក្នុង​នោះ​ត្រូវ​អនុវត្ត​ចាប់ផ្តើម​ពី​ស្ថាប័ន​រដ្ឋ​មុន​គេ ដើម្បី​កាត់បន្ថយ​ការ​ខាតបង់ ព្រោះ​ថា​បើ​មិន​ប្រុងប្រយ័ត្ន​ទេ កម្ពុជា​នឹង​ទទួល​ការ​ខាតបង់​កាន់តែ​ធំ​ជាង​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​រក​ឃើញ​ថា ខ្លួន​កំពុង​ប្រឈម​នឹង​ការ​ខាតបង់​នូវ​ទឹកប្រាក់​ចំនួន ១០០​លាន​ដុល្លារ​អាមេរិក​លើ​សេវា​អគ្គិសនី​សម្រាប់​ឆ្នាំ​២០២២ នេះ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ កក្កដា នេះ​ថា លោក​ឯកភាព​នឹង​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​ដែល​ស្នើ​ឱ្យ​ពលរដ្ឋ ឬ​ស្ថាប័ន​រដ្ឋ​ប្រើប្រាស់​អគ្គិសនី​នៅ​តាម​ស្ថាប័ន​របស់​ខ្លួន​ដោយ​ការ​សន្សំ​សំចៃ ដើម្បី​ចៀសវាង​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ ព្រោះ​ថា​ថវិកា​ជាតិ គឺជា​លុយ​ដែល​ពលរដ្ឋ​បង់​ពន្ធ​សព្វថ្ងៃ​នេះ។

បណ្ឌិត យ៉ង សាំងកុមារ ដាក់​ការ​សង្ស័យ​ថា ការ​ប្រកាស​ខាតបង់​របស់​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​ហាក់​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ព្រោះ​ថា​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​សព្វថ្ងៃ​នេះ​មាន​តម្លៃ​ខ្ពស់​រួច​ទៅ​ហើយ បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិតខាង ដូច្នេះ​ការ​ប្រកាស​ខាត​រហូត​ដល់​ទៅ ១០០​លាន​ដុល្លារ​បែប​នេះ​ហាក់​មិន​ទំនង​ទាល់តែសោះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ដោយ​មាន​ការ​ធ្វើ​សវនកម្ម​ឱ្យ​បាន​ច្បាស់លាស់ ថា​បើ​ខាតបង់ តើ​ខាត​ដោយសារ​អ្វី​ខ្លះ ចៀសវាង​ការ​ប្រកាស​ដែល​គ្មាន​តម្លាភាព។ បណ្ឌិត យ៉ង សាំងកុមារ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ធានា​ឱ្យ​បាន​នូវ​តម្លៃ​សមរម្យ​លើ​សេវា​អគ្គិសនី​សម្រាប់​ប្រជាពលរដ្ឋ ព្រោះ​ថា​នេះ​គឺជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ដឹកនាំ​របស់​ខ្លួន។

លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរតែ​ពិចារណា​ពង្រីក​ប្រភព​អគ្គិសនី​កកើត​ឡើង​វិញ ដូចជា​វារីអគ្គិសនី និង​ថាមពល​ព្រះអាទិត្យ ជាដើម ដើម្បី​ធានា​នូវ​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​សមរម្យ​ទៅ​ថ្ងៃ​មុខ។

ការ​ប្រើប្រាស់​អគ្គិសនី​ប្រចាំ​ថ្ងៃ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​មាន​កម្រិត​ខ្ពស់​បំផុត​ក្នុង​រង្វង់ ២២០០​មេហ្គាវ៉ាត់ ហើយ​ប្រភព​អគ្គិសនី​ដែល​កម្ពុជា​កំពុង​ប្រើប្រាស់​នេះ​មាន​ប្រភព​មកពី​ថាមពល​ស្អាត ក្នុង​នោះ​ថាមពល​ជីវម៉ាស​ចំនួន ៦១% ប្រភព​ពី​រោងចក្រ​ធ្យូងថ្ម​មាន​ជាង ៣៣% និង​ប្រភព​ពី​ប្រេងឥន្ធនៈ​មាន​ក្រោម ៥% ផង​ដែរ។

បច្ចុប្បន្ន​នេះ ការ​ប្រើប្រាស់​អគ្គិសនី​របស់​ប្រជាពលរដ្ឋ​មាន​តម្លៃ​ខុសៗ​គ្នា​ទៅ​តាម​ចំនួន​គីឡូវ៉ាត់​ដែល​គ្រួសារ​នីមួយៗ​បាន​ប្រើប្រាស់ ក្នុង​នោះ​តម្លៃ ៣៨០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ (kWh) សម្រាប់​អ្នក​ប្រី​អគ្គិសនី​ចាប់ពី ១ ដល់ ១០kWh ក្នុង​មួយ​ខែ និង​តម្លៃ ៦១០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ (kWh) សម្រាប់​អ្នក​ប្រើ​អគ្គិសនី​ចាប់ពី ៥១ ដល់ ២០០ kWh ក្នុង​មួយ​ខែ។ ចំណែក​តម្លៃ ៧៤០​រៀល​ក្នុង​មួយ kWh គឺ​ចំពោះ​អ្នក​ប្រើ​អគ្គិសនី​អស់​ចាប់ពី ២០១ kWh ឡើង​ទៅ​ក្នុង​មួយ​ខែ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន ធ្លាប់​បាន​ចេញ​មុខ​អន្តរាគមន៍​ឱ្យ​អគ្គិសនី​កម្ពុជា​លុប​បំណុល​ជាង ២​លាន​ដុល្លារ​អាមេរិក ដែល​ស្មើ​នឹង ៩​ពាន់​លាន​រៀល​របស់​ក្រសួង​ការពារ​ជាតិ ប៉ុន្តែ​លោក ហ៊ុន សែន ក៏​បាន​រិះគន់​ផង​ដែរ​ពី​ភាព​ខ្ជះខ្ជាយ​របស់​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​តាម​អង្គភាព ក្នុង​ការ​ប្រើប្រាស់​អគ្គិសនី​របស់​ក្រសួង​នា​ពេល​កន្លងមក។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា បើ​ក្រសួង​នីមួយៗ​មិន​ប្រើប្រាស់​ថវិកា​ជាតិ​ឱ្យ​មាន​តម្លាភាព​ទេ វា​ជា​សកម្មភាព​ជញ្ជក់​ឈាម​រាស្ត្រ​តាមរយៈ​នៃ​ការ​បង់​ពន្ធ​ប៉ុណ្ណោះ គឺ​មិន​មែន​ប្រមូល​ពន្ធ​ដើម្បី​អភិវឌ្ឍ​ជាតិ​នោះ​ទេ។ ដូច្នេះ ក្រសួង​ស្ថាប័ន​គ្រប់​វិស័យ​ទាំងអស់​ត្រូវតែ​ពិនិត្យ​លើ​ការងារ​របស់​ខ្លួន​ឡើងវិញ ដើម្បី​ធានា​សុចរិតភាព​ក្នុង​ការ​ប្រើប្រាស់​លុយ​ជាតិ​ដែល​ប្រជាពលរដ្ឋ​បង់​ពន្ធ​សព្វថ្ងៃ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស