34.8 C
Phnom Penh

សង្គម​ស៊ីវិល​ខកចិត្ត​ដែល​អាជ្ញាធរ​បដិសេធ​សំណើ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​បុគ្គលិក​ណាហ្គា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សមាគម​ដែល​ធ្វើការ​លើ​វិស័យ​ការពារ​សិទ្ធិមនុស្ស​ជាង ២០​ស្ថាប័ន សម្ដែង​នូវ​ការ​ខកចិត្ត​ចំពោះ​អាជ្ញាធរ​កម្ពុជា​ដែល​បដិសេធ​លើ​សំណើ​សុំ​អន្តរាគមន៍​ដំណោះស្រាយ​លើ​វិវាទ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ ពួកគេ​ចាត់ទុក​ថា ការ​បដិសេធ​នេះ គឺជា​គំរូ​អាក្រក់​ជះ​ឥទ្ធិពល​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​ចលនា​សហជីព​ឯករាជ្យ។

សហភាព​សហជីព បណ្ដាញ​សហគមន៍ អង្គការ​សង្គម​ស៊ីវិល​ជាង ២០​ស្ថាប័ន បាន​ចេញ​លិខិត​ចំហ​នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ករណី​វិវាទ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ជា​គំរូ​អាក្រក់​មួយ​ដែល​នឹង​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ចលនា​សហជីព​ឯករាជ្យ ដែល​ធ្វើ​សកម្មភាព​ប្រកប​ដោយ​វិជ្ជាជីវៈ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

អង្គការ​សមាគមន៍​ទាំងនោះ​អះអាង​ថា សិទ្ធិ​ក្នុង​ការ​ធ្វើ​កូដកម្ម គឺជា​ជម្រើស​ចុងក្រោយ​តែ​មួយ​គត់​សម្រាប់​កម្មករ​និយោជិត ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ដែល​ត្រូវ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​រំលោភ​សិទ្ធិ​ការងារ​កន្លងមក ប៉ុន្តែ​សកម្មភាព​ទាំងនេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ពី​អាជ្ញាធរ​រដ្ឋ​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​ការងារ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​នោះ​ទេ។

ប្រភព​ដដែល​អំពាវនាវ​ឱ្យ​អាជ្ញាធរ​រដ្ឋ និង​លោក ហ៊ុន សែន ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នេះ​ជួយ​រក​ដំណោះស្រាយ​ដើម្បី​ឈាន​ដល់​ការ​បញ្ចប់​វិវាទ​ក្រោម​យុទ្ធសាស្ត្រ​ឈ្នះៗ​ដែល​ភាគី​ទាំងអស់​អាច​ទទួល​យក​បាន ព្រោះ​ថា​វិវាទ​នេះ​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ដែល​បាន​បង្ហាញ​នូវ​មុខមាត់​ដ៏​អាក្រក់​របស់​កម្ពុជា​ក្នុង​ការ​រំលោភ​សិទ្ធិ​របស់​កម្មករ​និយោជិត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

កាលពី​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០២២ សហភាព​សហជីព បណ្ដាញ​សហគមន៍ អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣៧​ស្ថាប័ន ដូចជា​សម្ព័ន្ធ​សហជីព​កម្ពុជា CATU មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ ជាដើម បាន​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ និង​ចេញ​លិខិត​ចំហ​អំពាវនាវ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ដោះស្រាយ​វិវាទ​ការងារ​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​កំពុង​ជាប់​គាំង​នៅ​ពេលនេះ​ផង​ដែរ។

អង្គការ​សមាគម​ទាំងនោះ​បញ្ជាក់​ថា ការ​ពន្យារ​ពេល​មិន​ព្រម​ដោះស្រាយ​វិវាទ​ការងារ​របស់​កម្មករ​និយោជិត​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ គឺជា​ចេតនា​បំបាក់​ស្មារតី​ចលនា​សហជីព​ឯករាជ្យ​ប្រកប​ដោយ​វិជ្ជាជីវៈ ដែល​ធានា​ដោយ​អនុសញ្ញា​ស្នូល​ផ្នែក​ការងារ រដ្ឋធម្មនុញ្ញ​កម្ពុជា ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្ដីពី​សហជីព ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​នាំគ្នា​ចេញ​ទាមទារ​តាម​ដងផ្លូវ​កាលពី​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០២២ កន្លងទៅ ដោយ​អះអាង​ថា ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​រំលោភ​ច្បាប់​របស់​កម្ពុជា និង​រំលោភ​សិទ្ធិ​កម្មករ​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​នៅ​មិនទាន់​អាច​រក​ដំណោះស្រាយ​ជូន​កម្មករ​និយោជិត​ទាំងនោះ​នៅឡើយ​ទេ​រហូត​មក​ទល់​នឹង​ពេលនេះ។

មាត្រា​៣៤ នៃ​ច្បាប់​ស្ដីពី​ការងារ បាន​ចែង​ថា អធិការកិច្ច​ការងារ​ត្រូវ​មាន​បេសកកម្ម​ធានា​ដល់​ការ​អនុវត្ត​ច្បាប់​ការងារ និង​ត្រួតពិនិត្យ​ការ​អនុវត្ត​បទបញ្ញត្តិ​ដែល​ទាក់ទង​នឹង​លក្ខខណ្ឌ​ជីវភាព​នៃ​កម្មករ​និយោជិត និង​គ្រួសារ​នៃ​ជន​ទាំងនោះ ប៉ុន្តែ​ការ​អនុវត្ត​របស់​ក្រសួង​ការងារ​កន្លងមក គឺ​ធ្វើ​ឡើង​ផ្ទុយ​ស្រឡះ​ពី​មាត្រា​នៃ​ច្បាប់​ការងារ​ដែល​បាន​ចែង​នេះ​ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស