33 C
Phnom Penh

សមត្ថកិច្ច​បង្ក្រាប​និង​រឹបអូស​គ្រឿងញៀន​ជិត​២០០​តោន​និង​សារធាតុ​គីមី​ផ្សំ​ជិត​៣០០​តោន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ប្រឆាំង​បទល្មើស​គ្រឿងញៀន ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២២ កន្លងទៅ​នេះ សមត្ថកិច្ច​បង្ក្រាប​កន្លែង​កែច្នៃ និង​ផលិត​គ្រឿងញៀន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន ៣ ដោយ​រឹបអូស​បាន​សារធាតុ​ញៀន​សរុប​ជិត ២០០​តោន សារធាតុ​គីមី​ជិត ៣០០​តោន និង​ឃាត់​ខ្លួន​ជនជាតិ​ចិន​ចំនួន ១១​នាក់។

យោង​តាម​នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ ទី​១៣ កក្កដា នេះ ថា ទីតាំង​ចំនួន​៤ ដែល​ក្រុម​ជនជាតិ​ចិន​បាន​យក​ធ្វើជា​កន្លែង​កែច្នៃ និង​ផលិត​គ្រឿងញៀន ហើយ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​នោះ​មាន​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ស្វាយរៀង ខេត្ត​ព្រៃវែង និង​ខេត្ត​កណ្តាល។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​កាលពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៧ ខែ​កក្កដា នេះ សមត្ថកិច្ច​រក​ឃើញ​កន្លែង​កែច្នៃ ផលិត​នូវ​សារធាតុ​ញៀន និង​រក្សា​ទុក​សារធាតុ​គីមី​ផ្សំ​ចំនួន ១២​គោលដៅ​ផ្សេងៗ ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ ៧​គោលដៅ ហើយ​នៅ​ខេត្ត​កណ្តាល ២​គោលដៅ រួម​ទាំង​ខេត្ត​ស្វាយរៀង ២​គោលដៅ និង​នៅ​ខេត្ត​ព្រៃវែង ១​គោលដៅ។

ចំពោះ​ទីតាំង​កែច្នៃ និង​ផលិត ១​ទីតាំង ហើយ​កន្លែង​ស្តុក​ទុក​ចំនួន ៦​ទីតាំង ក្នុង​នោះ​នៅ​ចំណុច​ផ្លូវលំ​ភូមិ​ព្រៃងៀង សង្កាត់​ភ្លើងឆេះរទេះ ខណ្ឌ​កំបូល និង​ស្ថិតនៅ​ចំណុច​ផ្លូវ​បេតុង ស្ថិត​ក្នុង​ភូមិ​កំបូល សង្កាត់​កំបូល ព្រមទាំង​នៅ​ចំណុច​ផែស្ងួត​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​រក្សា​ទុក​ក្នុង​កុងតឺន័រ។

ចំណែក​ទីតាំង​នៅ​តាម​ខេត្ត​វិញ ក្នុង​នោះ​នៅ​ភូមិ​មនោរម្យ ឃុំ​បែកចាន ស្រុក​អង្គស្នួល មួយ​កន្លែង និង​ស្ថិត​នៅ​ភូមិ​កណ្តាលលើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ខណៈ​ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង នៅ​ភូមិ​ធ្មល់ សង្កាត់​ចេក និង​ខេត្ត​ព្រៃវែង នៅ​ចំណុច​ផ្លូវ​ខ្លោងទ្វារ​វត្ត​ដឹកដា ក្នុង​ភូមិ​ស្ទឹងស្លោត ឃុំ​អ្នកលឿង ស្រុក​ពាមរក៍។

អាជ្ញាធរ​គ្រឿងញៀន​បញ្ជាក់​ថា ទីតាំងនៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​ទាំងនេះ​ជា​ឃ្លាំង​ស្តុក​សារធាតុ​គីមី​ផ្សំ ខណៈ​អ្នក​ភូមិ​ចុងព្រែក សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ជា​រោងចក្រ​កែច្នៃ​ផលិត​កេតាមីន។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​រឹបអូស​បាន​សារធាតុ​ញៀន​ជាង ១៨០​តោន ហើយ​សារធាតុ​គីមី​ជាង ២៧៦​តោន និង​ចាប់​ខ្លួន​បាន​បុរស​ជនជាតិ​ចិន​តៃវ៉ាន់​ម្នាក់ និង​ចិន​ដី​គោក​ចំនួន ១១​នាក់។ ជនជាតិ​ចិន​ទាំង ១១​នាក់​នោះ​មាន​ឈ្មោះ WU YI LIN ជនជាតិ​ចិន​តៃវ៉ាន់ និង​ឈ្មោះ JI ZHONG JUN ឈ្មោះ WANG CHUAN QIAO ឈ្មោះ LI BIN YANG ឈ្មោះ CAI FENG FENG ឈ្មោះ WANG PING និង​មនុស្ស​មួយ​ចំនួន​ទៀត។

តាម​នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀន​បញ្ជាក់​ថា ជនជាតិ​ចិន​តៃវ៉ាន់ និង​ចិន​ទាំង ១១​នាក់ ព្រមទាំង​វត្ថុ​តាំង ក្នុង​នោះ​ឧបករណ៍ សម្ភារៈ​គ្រឿងបន្លាស់​សម្រាប់​កែច្នៃ ផលិត​គ្រឿងញៀន​មួយ​ចំនួន​ធំ របាយ​សារធាតុ​ញៀន​កេតាមីន សារធាតុ​គីមី និង​គីមី​ផ្សំ ព្រមទាំង​កេតាមីន ជាដើម ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី។

ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា រយៈពេល ២​ឆ្នាំ​នៃ​វិបត្តិ​កូវីដ-១៩ អាជ្ញាធរ​បង្ក្រាប​គ្រឿងញៀន​បាន​ជិត ១០​តោន និង​ឃាត់​ខ្លួន​មនុស្ស​ជាង ៣​ម៉ឺន​នាក់។

លោក ស ខេង បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ដោយ​ខ្លាច​អន្តរជាតិ​ដាក់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុង​បញ្ជី​ខ្មៅ ជា​ហេតុ​ធ្វើ​ឱ្យ​ប្រឈម​ហានិភ័យ​ធំធេង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ប្រសិនបើ​សមត្ថកិច្ច​មិន​ស្រាវជ្រាវ​ឱ្យ​ដល់​ឫសគល់​ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នោះ​ទេ។ លោក​ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​អនាគត​អ្នក​ស្នង​តំណែង​ប្រទេស​ជាតិ ដោយសារ​កុមារ​អាយុ​ក្រោម ១៨​ឆ្នាំ​មាន​ចំនួន​ច្រើន​ត្រូវ​ចាប់​ឃុំ​ខ្លួន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន។

លោក​បន្ត​ថា បច្ចុប្បន្ន គ្រឿងញៀន​កំពុង​បំផ្លាញ​ធនធាន​មនុស្ស​ទាំងនេះ ដោយ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ។

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​គ្រឿងញៀន (UNODC) ចេញ​ផ្សាយ​កាលពី​ខែ​មិថុនា ឆ្នាំ​២០២១ ថា​កម្ពុជា​គឺជា​គោលដៅ​នៃ​ក្រុម​ឧក្រិដ្ឋជន​ប្រើប្រាស់​សម្រាប់​ចរាចរ​គ្រឿងញៀន ផលិត និង​ចែកចាយ​បន្ត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស