33 C
Phnom Penh

ជំនួយការ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថា​កម្ពុជា​នឹង​ទទួល​ផល​បើ​បើក​សិទ្ធិ​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជំនួយការ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink ថ្លែង​ថា ប្រទេស​កម្ពុជា​អាច​នឹង​ទទួល​បាន​នូវ​ផលប្រយោជន៍​ជា​ទី​គាប់ចិត្ត​សម្រាប់​ពលរដ្ឋ​ខ្លួន​ពី​ដំណោះស្រាយ​នយោបាយ តាមរយៈ​បើក​សិទ្ធិ​សេរីភាព​នយោបាយ​ឲ្យ​លោក កឹម សុខា ឡើងវិញ។

លោក Daniel J. Kritenbrink បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ធ្វីតធឺ កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា លោក​ពិត​ជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ដែល​បាន​ជួប​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កម្ពុជា​រយៈពេល ២​ថ្ងៃ កាលពី​ដើម​សប្តាហ៍​នេះ។

ការ​អះអាង​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា និង​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាលពី​ពេល​ថ្មីៗ​នេះ។

ជុំវិញ​សំណុំរឿង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក ផាទ្រិក មើលហ្វី (W. Patrick Murphy) ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​ខកចិត្ត​ចំពោះ​សវនាការ​ដែល​មាន​ចរិត​នយោបាយ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​នៅតែ​អូស​បន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ។ ក្នុង​នោះ លោក​បញ្ជាក់​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ស្ដារ​នីតិសម្បទា​នៃ​សិទ្ធិ​នយោបាយ​របស់​លោក កឹម សុខា ឡើងវិញ ប្រសិនបើ​ធ្វើ​ឱ្យ​មាន​នូវ​លំហ​ប្រជាធិបតេយ្យ​ល្អ​ប្រសើរ​ឡើងវិញ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន-សហរដ្ឋ​អាមេរិក​មួយ​ថ្ងៃ ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​មួយ​ដែល​បាន​កំណត់​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញា​ឱ្យ​បាន​នូវ​ការ​ការពារ​សិទ្ធិមនុស្ស ស្ដារ​ប្រជាធិបតេយ្យ ការ​កាត់ទោស​ក្រុម​ប្រឆាំង សកម្មជន​សង្គម​ស៊ីវិល និង​ត្រូវ​ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់​ដែល​មាន​ចរិត​នយោបាយ​ទាំងអស់​ដែល​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ទាំងនោះ​សព្វថ្ងៃ​នេះ។

ជុំវិញ​សំណុំរឿង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នេះ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក អេថូនី ប្ល៊ីងឃិន (Anthony Blinken) កាលពី​ពាក់​កណ្តាល​ខែ​ឧសភា ឆ្នាំ​២០២២ បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដើម្បី​ឱ្យ​លោក​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ចូលរួម​កិច្ចការ​នយោបាយ​ដោយ​សេរី ជាពិសេស​គឺ​អាច​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ​ឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស