អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលបច្ចុប្បន្នជានាយករងនៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី ព្រមានថា បើដែនដីគ្រីមៀរ ត្រូវរងការវាយប្រហារពីអ៊ុយក្រែន ឬពីប្រទេសណាមួយ គឺជាការត្រូវកំណត់ថា ជាថ្ងៃអវសាននៃពិភពលោក ហើយអ៊ុយក្រែននឹងរងការវាយប្រហារឲ្យក្លាយជាផេះតែម្ដង។
បើតាមសារព័ត៌មាន Newsweek លោក Dmitry Medvedev បានធ្វើការព្រមានដូចនេះខណៈលោកវាយប្រហារទៅលើអ៊ុយក្រែន និងលោកខាងលិចដែលនៅតែអះអាងថា ដែនដីគ្រីមៀរ គឺជាដែនដីអ៊ុយក្រែន។ លោកបញ្ជាក់ថា នេះជាការគំរាមកំហែងជាលក្ខណៈប្រព័ន្ធចំពោះរុស្ស៊ី ហើយរាល់ការវាយប្រហារពីខាងក្រៅណាមួយទៅលើតំបន់គ្រីមៀរ គឺមានន័យថាជាថ្ងៃអវសាននៃពិភពលោក ជាពិសេសគឺប្រទេសអ៊ុយក្រែន។
សេចក្ដីថ្លែងការណ៍របស់នាយករងនៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី ត្រូវបានដកស្រង់សម្ដីចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដែលធ្វើឡើងខណៈលោកថ្លែងសុន្ទរកថាទៅកាន់អតីតយុទ្ធជនរុស្ស៊ីសម័យសង្គ្រាមលោកលើកទី២។
តាមការព្រមានរបស់លោក Medvedev ប្រសិនបើអ៊ុយក្រែន ឬប្រទេសជាសមាជិក NATO ណាមួយជឿថាគ្រីមៀរ មិនមែនជាទឹកដីរបស់រុស្ស៊ី គឺជាការគំរាមកំហែងជាលក្ខណៈប្រព័ន្ធ ហើយការវាយប្រហារណាមួយលើតំបន់នេះ នឹងជំរុញឱ្យមានការចាត់វិធានការឆ្លើយតបយ៉ាងលឿនបំផុតដែលលោកព្រមានថា ជាថ្ងៃអវសាននៃពិភពលោក។
លោក Medvedev គឺជាមនុស្សស្និទ្ធបំផុតនឹងលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី។ លោកបានធ្វើការគំរាមបែបនេះ គឺជាញឹកញាប់មកហើយចាប់តាំងពីលោក ពូទីន បញ្ជាឲ្យលើកទ័ពវាយលុកលុយប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
កន្លងមក លោកគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរឆ្លើយតបទៅនឹងប្រទេសទាំងឡាយណាដែលលើកទ័ពអន្តរាគមន៍ជួយអ៊ុយក្រែន។
តែយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ លោក វូឡូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា តំបន់គ្រីមៀរនៅតែជាដែនដីអ៊ុយក្រែន ដែលលោកថា កងទ័ពអ៊ុយក្រែននឹងវាយចូលតំបន់នេះនៅពេលណាអ៊ុយក្រែនអាចវាយកាន់កាប់បានមកវិញនូវភាគខាងត្បូងប្រទេស។
ចំណែកឯមេដឹកនាំក្រុមបស្ចិមប្រទេស នៅតែចាត់ទុកតំបន់គ្រីមៀរ ជាទឹកដីរបស់អ៊ុយក្រែន ហើយថាតំបន់មួយនេះអាចនឹងក្លាយជាគោលដៅនៃការវាយប្រហារដោយប្រព័ន្ធមីស៊ីល HIMARS ដែលកងទ័ពអ៊ុយក្រែនទទួលបានពីសហរដ្ឋអាមេរិក និងកំពុងត្រូវបានដាក់ពង្រាយនៅឯសមរភូមិប្រយុទ្ធគ្នាជាមួយកងទ័ពរុស្ស៊ី នៅភាគខាងត្បូង និងខាងកើតប្រទេស។
គ្រីមៀរ ស្ថិតនៅខាងត្បូងប្រទេសអ៊ុយក្រែន។ តំបន់នេះមានផ្ទៃដីជាង ២ម៉ឺន ៧ពាន់គីឡូម៉ែត្រក្រឡា ហើយមានប្រជាជនជាង ២លាននាក់រស់នៅ។ គ្រីមៀរ បានធ្លាក់ទៅជាតំបន់ឧបសម្ពន្ធរបស់រុស្ស៊ី នៅខែមីនា ឆ្នាំ២០១៤ បន្ទាប់ពីអាជ្ញាធរតំបន់នោះធ្វើការបោះឆ្នោតប្រជាមតិដោយមានការយល់ព្រមពីលោក Viktor Yanukovych ដែលជាប្រធានាធិបតីអ៊ុយក្រែន នៅពេលនោះ។ តែបុរសនេះត្រូវបានប្រជាជនអ៊ុយក្រែន ដេញចេញពីអំណាច ដោយចោទពីបទក្បត់ជាតិ។ បច្ចុប្បន្ន លោក Yanukovych និងគ្រួសារលោកកំពុងរស់នៅក្នុងប្រទេសរុស្ស៊ី នៅក្រោមការការពារសន្តិសុខដោយរបបលោក ពូទីន។
ជាមួយគ្នានេះដែរ មន្ត្រីយោធាអ៊ុយក្រែនម្នាក់បាននិយាយថា រុស្ស៊ីកំពុងត្រៀមខ្លួនធ្វើប្រតិបត្តិការវាយលុកដំណាក់កាលថ្មីមួយនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីទីក្រុងមូស្គូ បញ្ជាឱ្យកងទ័ពរបស់ខ្លួនបង្កើនការវាយប្រហារលើអ៊ុយក្រែនពីគ្រប់ទិសទីទាំងអស់នៅក្នុងតំបន់សមរភូមិភាគខាងកើតប្រទេស។ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters រុស្ស៊ី បានបាញ់មីស៊ីលលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
អ្នកនាំពាក្យនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអ៊ុយក្រែន លោក Vadym Skibitskyi បានឱ្យដឹងថា មិនត្រឹមតែវាយប្រហារដោយមីស៊ីលពីលើអាកាស និងបាញ់ចេញពីនាវាចម្បាំងប៉ុណ្ណោះទេ គឺមានការវាយប្រហារចេញពីគ្រប់ទិសទាំងអស់ ដែលនេះគឺជាប្រតិបត្តិការវាយលុករបស់រុស្ស៊ី កំពុងស្ថិតនៅក្នុងដំណាក់កាលថ្មី។
លោកបន្តថា កងទ័ពរុស្ស៊ី កំពុងប្រមូលកម្លាំងទ័ពឡើងវិញដើម្បីវាយលុកលើទីក្រុង Sloviansk ដែលជាទីក្រុងដ៏សំខាន់មួយទៀតនៅក្នុងតំបន់ Donetsk ភាគខាងកើតនៃប្រទេសដែលកំពុងគ្រប់គ្រងដោយកងទ័ពអ៊ុយក្រែន។
គិតមកដល់ថ្ងៃទី១៨ ខែកក្កដា នេះ សង្គ្រាមដែលមហាអំណាចរុស្ស៊ី ឈ្លានពានអ៊ុយក្រែន មានរយៈពេលជិត ១៥០ថ្ងៃហើយ៕