27 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ការ​ចោទ​ក្រុម​ប្រឆាំង​គ្រាន់តែ​ជា​លេស​បិទ​បាំង​ការ​ប្រេះឆា​ផ្ទៃក្នុង​បក្ស​ប្រជាជន​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ចោទប្រកាន់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មក​លើ​ក្រុម​ប្រឆាំង​ប៉ុនប៉ង​បំផ្លាញ​ដល់​ដំណើរការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គ្រាន់តែ​ជា​លេស​ដើម្បី​បិទ​បាំង​ភាព​ប្រេះឆា​ផ្ទៃក្នុង​បក្ស បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​បេក្ខភាព​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក។

ក្នុង​សុន្ទរកថា​បើក​សន្និបាត​គណៈកម្មាធិការ​កណ្តាល​វិសាមញ្ញ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ថ្ងៃទី​១៦ និង ១៧ ខែ​កក្កដា នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា គណបក្ស​ទទួល​បាន​ជ័យជម្នះ និង​សមិទ្ធផល ឬ​ស្នាដៃ​ដែល​សម្រេច​បាន​លើ​គ្រប់​ផ្នែក​គ្រប់​វិស័យ ដោយសារ​គណបក្ស​មាន​ភាព​ត្រឹមត្រូវ​ខាង​នយោបាយ ដោយ​មាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​រឹងមាំ ទើប​ជម្នះ​បាន​នូវ​ការ​លំបាក​ទាំងឡាយ ពិសេស​ធ្វើ​ឱ្យ​ក្រុម​ពួក​បក្ស​ប្រឆាំង​បរាជ័យ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ចាត់ទុក​ការ​លើកឡើង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចោទប្រកាន់​ក្រុម​ប្រឆាំង​គ្រាន់តែ​ជា​លេស​ដើម្បី​បិទ​បាំង​ភាព​ប្រេះឆា​ផ្ទៃក្នុង​បក្ស​ប្រជាជន​កម្ពុជា ក្រោយពី​លោក ហ៊ុន សែន ប្រកាស​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក។

លោក​បញ្ជាក់​ថា ការ​ព្រួយបារម្ភ​ពី​ភាព​ប្រេះឆា​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ហើយ ទើប​លោក ហ៊ុន សែន ស្នើ​ឱ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ក្នុង​គោលបំណង​ការពារ​កូន​ដែល​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី។

ប្រធាន​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា​បារម្ភ​ខ្លាច​បក្ស​ប្រឆាំង​ដណ្ដើម​យក​ឈ្នះ​ការ​បោះឆ្នោត ហើយ​ឈាន​ទៅ​ដឹកនាំ​ប្រទេស ទើប​ក្រើន​រំឭក​ឱ្យ​សមាជិក​ពង្រឹង​ឯកភាព​ផ្ទៃក្នុង​បក្ស​របស់​ខ្លួន។ លោក​បន្ត​ថា ការ​ដែល​គណបក្ស​កាន់​អំណាច​ឱ្យ​សមាជិក​របស់​ខ្លួន​ពង្រឹង​ផ្ទៃក្នុង​បក្ស​ខ្លួន អាច​ទំនង​គណបក្ស​នេះ​ក៏​កំពុង​មាន​ជម្លោះ​ផ្ទៃក្នុង​ខ្លះ​ដែរ ជាពិសេស​បន្ទាប់ពី​មាន​ការ​ស្នើ​ឱ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ក្រោយពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​ពី​រូបលោក​នោះ។

លោក មឿន តុលា បន្ត​ថា ទោះបីជា​គណបក្ស​កាន់​អំណាច​មាន​បញ្ហា​ផ្ទៃក្នុង​ពិតមែន ប៉ុន្តែ​គណបក្ស​នេះ​អាច​គ្រប់គ្រង​បញ្ហា​បាន ខុស​ពី​អ្នក​ប្រជាធិបតេយ្យ បើ​ឈ្លោះ​គ្នា​ភាគច្រើន​យក​មក​បង្ហាញ​តាម​បណ្ដាញ​សង្គម​ដើម្បី​វាយប្រហារ​គ្នា​ឯង។

កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ ក្រុមប្រឹក្សា​ធម្មនុញ្ញ​បើក​ផ្លូវ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​មាត្រា​ចំនួន​៨ នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ ក្រោម​ហេតុផល​ថា ដើម្បី​ធានា​ឱ្យ​ស្ថាប័ន​កំពូល​របស់​ជាតិ ជាពិសេស​អំណាច​នីតិប្រតិបត្តិ​មាន​ដំណើរការ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ប្រកប​ដោយ​និរន្តរភាព និង​ធានា​ស្ថិរភាព​នយោបាយ​របស់​ប្រទេស​គ្រប់​កាលៈទេសៈ។

ប៉ុន្តែ​ការ​ធ្វើ​វិសោធនកម្ម​នេះ ត្រូវ​អ្នក​ឃ្លាំមើល​ចាត់ទុក​ថា​ជា​ការ​បើក​ផ្លូវ​ដើម្បី​អនុវត្ត​ផែនការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស