28 C
Phnom Penh

វេទិកា​ពលរដ្ឋ​ស្នើ​លោក ហ៊ុន សែន បញ្ឈប់​គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បំណង​ផ្ទេរ​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វេទិកា​ពលរដ្ឋ​ស្នើ​ឲ្យ​លោក ហ៊ុន សែន ប្រធាន​គណបក្ស​កាន់​អំណាច​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយសារ​គម្រោង​នេះ​គ្រាន់តែ​ជា​ការ​អនុវត្ត​ផែនការ​ផ្ទេរ​អំណាច​ឱ្យ​លោក ហ៊ុន ម៉ាណែត តែប៉ុណ្ណោះ មិន​បាន​បម្រើ​ដល់​ផលប្រយោជន៍​ជាតិ និង​ពលរដ្ឋ​នោះ​ទេ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​វេទិកា​ពលរដ្ឋ ចុះ​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​លោក ហ៊ុន សែន បាន​ស្នើ​នោះ មិន​បាន​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​ឡើយ។ ផ្ទុយទៅវិញ ការ​កែ​នេះ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​អំណាច​អ្នក​ដឹកនាំ និង​ធ្វើ​ឲ្យ​ជាតិ​កាន់តែ​ស្មុគស្មាញ។

ជាក់ស្ដែង ការ​កែ​មាត្រា​១២៥​ថ្មី ធ្វើឡើង​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​ចាត់តាំង​នាយករដ្ឋមន្ត្រី​ថ្មី និង​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​នៅ​ពេល​ណា​ក៏​បាន​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន។

ចំណែក​ការ​កែ​មាត្រា​១១៩​ថ្មី ដែល​ត្រូវ​កែ​ដែរ​នោះ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ចាត់តាំង​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ថ្មី​តាម​វិធី​ប្រគល់​អំណាច​ឲ្យ​គណបក្ស​នយោបាយ​មាន​អាសនៈ​ច្រើន​ជាងគេ​ក្នុង​រដ្ឋសភា​ជា​អ្នក​ស្នើ​ឲ្យ​ព្រះមហាក្សត្រ​ចាត់តាំង​នាយករដ្ឋមន្ត្រី​ថ្មី ដែល​ជា​ការ​បំបាត់​ចោល​នូវ​អំណាច​រដ្ឋសភា ប្រធាន និង​អនុប្រធាន​នៃ​រដ្ឋសភា ពោល​គឺ​ផ្ទុយ​ពី​អំណាច​ដឹកនាំ​ជាតិ​តាម​គោលការណ៍​សភា​និយម។

ចំពោះ​មាត្រា​៩៨​ថ្មី និង​មាត្រា​៨៩ ដែល​ត្រូវ​កែ​នោះ គឺ​ដើម្បី​ការពារ​អំណាច​រដ្ឋាភិបាល​ថ្មី​មួយ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត នៅ​ពេល​ខាងមុខ​កុំ​ឲ្យ​មាន​អ្នក​ណា​ហ៊ាន​ប៉ះពាល់​ជាមួយ​តែប៉ុណ្ណោះ។

វេទិកា​ពលរដ្ឋ​ស្នើ​ទៅ​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​រដ្ឋាភិបាល​ដឹកនាំ​បច្ចុប្បន្ន​ដោយ​រដ្ឋសភា​ឯក​បក្ស និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​កើត​ពី​ការ​បោះឆ្នោត​មិន​យុត្តិធម៌ ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​មាន​គោលដៅ​ត្រឹមតែ​ជា​ការ​អនុវត្ត​ផែនការ​ផ្ទេរ​អំណាច​ឲ្យ​លោក ហ៊ុន ម៉ាណែត។

ក្រុម​នេះ​បាន​ផ្ដល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន គួរ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ជា​អាទិភាព ដូចជា​វិបត្តិ​នយោបាយ ប្រជាធិបតេយ្យ​ជាតិ បញ្ហា​ដីធ្លី ការ​ហិនហោច​នៃ​ធនធាន​ធម្មជាតិ ភាព​អយុត្តិធម៌​សង្គម ឱនភាព​សេដ្ឋកិច្ច​ពាណិជ្ជកម្ម បញ្ហា​សាំង​ឡើង​ថ្លៃ ព្រមទាំង​កំណើន​អត្រា​នៃ​ការ​អត់​ការងារ​ធ្វើ និង​ការ​ធ្វើ​ចំណាកស្រុក។

មួយ​វិញ​ទៀត ទំហំ​បំណុល​ជាតិ​ដែល​ជំពាក់​បរទេស ភាព​ក្រីក្រ​ដែល​ជំរុញ​ឱ្យ​ពលរដ្ឋ​ជំពាក់​បំណុល​ធនាគារ​ស្ទើរ​គ្រប់​ក្រុម​គ្រួសារ និង​រឿង​ទឹកដី​ព្រំដែន ដែល​ទាំងអស់​នេះ​ជា​បញ្ហា​ត្រូវ​ដោះស្រាយ​ដើម្បី​បម្រើ​សេចក្ដី​ត្រូវការ​របស់​ពលរដ្ឋ និង​បម្រើ​ផលប្រយោជន៍​ប្រទេស​ជាតិ​ពិតប្រាកដ។

ការ​ស្នើ​នេះ ធ្វើឡើង​ស្រប​ពេល​ប្រធាន និង​សមាជិក​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ បាន​សម្រេច​អនុម័ត​គាំទ្រ​ដោយ​គ្មាន​សំឡេង​ជំទាស់ ដើម្បី​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​បើក​ផ្លូវ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​មាត្រា​ក្នុង​រដ្ឋធម្មនុញ្ញ​ចំនួន​៦ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ចំនួន ២​មាត្រា។

ទាក់ទិន​នឹង​រឿង​កែ​រដ្ឋធម្មនុញ្ញ​នេះ លោក​មេធាវី សេក សោភ័ណ្ឌ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៨ កក្កដា នេះ​ថា រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​វិសោធនកម្ម ៩​ដង និង​អាច​លើក​ទី​១០ នេះ​ទៀត មិន​ដែល​ឃើញ​វិសោធនកម្ម​មួយ​ណា​គូសបញ្ជាក់​ពី​កាតព្វកិច្ច​របស់​រដ្ឋ​ធានា​សិទ្ធិ (រូបវន្ត និង​អរូបវន្ត) របស់​ពលរដ្ឋ​ម្តង​ណា​សោះ ឃើញ​តែ​គោលដៅ​ធានា​ការពារ​តែ​អង្គការ​រដ្ឋ​តែប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា រូបលោក​បាន​ព្យាយាម​ស្តាប់​មូលហេតុ​នៃ​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ មិន​មាន​ឮ​ពាក្យ សិទ្ធិ សេរីភាព ទ្រព្យ​រដ្ឋ និង​ប្រជាពលរដ្ឋ នោះ​ទេ ទោះបីជា​ពលរដ្ឋ​ជា​ម្ចាស់​អំណាច ម្ចាស់​សិទ្ធិ និង​ជា​ម្ចាស់​វាសនា​ប្រទេស​ជាតិ​ក៏ដោយ។

យ៉ាងណាក៏ដោយ ក្រោយពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​សម្រេច​អនុម័ត​ឱ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នោះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជា​សមាជិក​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក កើត រិទ្ធ បាន​ធ្វើ​សន្និសីទ​បកស្រាយ​ថា ការ​វិសោធនកម្ម​លើក​ទី​១០ នេះ មាន​បំណង​បំពេញ​ភាព​ខ្វះ​ចន្លោះ​នៃ​រដ្ឋធម្មនុញ្ញ​ដើម ដើម្បី​ឱ្យ​ស្ថាប័ន​កំពូល​របស់​ជាតិ​ដំណើរការ​ទៅ​ដោយ​រលូន ធានា​ស្ថិរភាព​នយោបាយ និង​ការពារ​ប្រយោជន៍​ជាតិ។

ចំណែក​ការ​កែ​មាត្រា​៩៨​នៃ​រដ្ឋធម្មនុញ្ញ ត្រង់​ការ​ធ្វើ​ញត្តិ​បន្ទោស​រាជរដ្ឋាភិបាល​វិញ លោក កើត រិទ្ធ បកស្រាយ​ថា ការ​កែ​សំឡេង​ពី​ចំនួន ៣០ ទៅ​ចំនួន ៤២​នាក់​វិញ ធ្វើឡើង​ដើម្បី​ការពារ​រដ្ឋាភិបាល​ពី​ការ​ទម្លាក់​ចេញពី​តំណែង​នៅ​ថ្ងៃ​ក្រោយ។

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​កាលពី​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក​ដល់​ឆ្នាំ​២០២២ នេះ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​ធ្វើ​វិសោធនកម្ម​ចំនួន ១០​លើក​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស