31 C
Phnom Penh

អ្នកជំនួញ​ចិន​ឆបោក​តាម​អ៊ីនធឺណិត​ធ្លាប់​ផ្តល់​យន្តហោះ​ទំនើប​ជូន​លោក ហ៊ុន សែន ទៅ​ប្រជុំ​នៅ​ញីវយ៉ក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារព័ត៌មាន Aljazeera ផ្សាយ​ថា អ្នកជំនួញ​ជនជាតិ​ចិន​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឆបោក​តាម​អ៊ីនធឺណិត​ជា​លក្ខណៈ​អន្តរជាតិ បាន​ផ្តល់​យន្តហោះ​ស៊េរី​ទំនើប​ជូន​ដំណើរ​លោក ហ៊ុន សែន ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ឆ្នាំ​២០១៨។

តាម​វីដេអូ​ដែល​បាន​ផ្សាយ​ជាង ៤០​នាទី​កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ដោយ​មាន​ចំណងជើង​ថា «Forced to Scam: Cambodia’s Cyber Slaves» «ទាសករ​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា» បាន​ចុះផ្សាយ​ថា ប្រតិបត្តិការ​បោកប្រាស់​តាម​អ៊ីនធឺណិត​របស់​ជនជាតិ​ចិន​កំពុង​លួច​យក​លុយ​រាប់​សិប​ពាន់​លាន​ដុល្លារ​ពី​ជនរងគ្រោះ​ជុំវិញ​ពិភពលោក។ ប៉ុន្តែ​ប្រតិបត្តិការ​បោក​នេះ មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា មនុស្ស​រាប់​ពាន់​នាក់​ដែល​ប្រតិបត្តិការ​ក្លែង​បន្លំ​ទាំងនេះ​ក៏​ជា​ជនរងគ្រោះ​ដែរ។

បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Aljazeera បាន​បញ្ជាក់​ថា បុរស និង​ស្ត្រី​វ័យ​ក្មេង​ជាច្រើន​នាក់​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ធ្វើជា​ទាសករ ធ្វើ​ទារុណកម្ម និង​បង្ខំ​ឱ្យ​ឆបោក​នៅ​ក្នុង​ប្រទេស​ជាច្រើន​ដូចជា​កម្ពុជា ហើយ​ជនរងគ្រោះ​បាន​ប្រាប់ Aljazeera ថា ពួកគេ​ត្រូវ​បាន​បង្ខាំង​នៅ​អគារ China Town ក្នុង​ខេត្ត​ព្រះសីហនុ។

ការ​អះអាង​នេះ បន្ទាប់ពី​មាន​ការ​ស៊ើប​អង្កេត​នៃ​អំពើ​ជួញដូរ​មនុស្ស និង​ការ​ធ្វើ​ទាសភាព​ដោយ​ប្រតិបត្តិការ​បោកប្រាស់​តាម​អ៊ីនធឺណិត​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា និង​បណ្ដាញ​របស់​ពួកគេ​ដែល​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា។

នៅ​ក្នុង​របាយការណ៍​ព័ត៌មាន​ស៊ើប​អង្កេត​របស់ Aljazeera ដដែល​បាន​រក​ឃើញ​ថា ក្រុម​ទាសករ​តាម​អ៊ីនធឺណិត​របស់​ជនជាតិ​ចិន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ក៏​មាន​បុគ្គល​មាន​អំណាច​ជាប់​ពាក់ព័ន្ធ និង​បាន​ការពារ​ជនជាតិ​ចិន​ទាំងនោះ​ផង​ដែរ។

បើ​តាម Aljazeera ថា​លោក តុង លីឆឹង (Dong Lecheng) ជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប និង​ជា​ជន​សំខាន់​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​អគារ China Town នៅ​ខេត្ត​ព្រះសីហនុ។

តាមរយៈ​រូបថត​ដែល​សារព័ត៌មាន​នេះ​បង្ហាញ ឃើញ​លើ​បណ្ដាញ​សង្គម​នោះ​ថា លោក តុង លីឆឹង បាន​ភ្ជាប់​ខ្លួន​ជាមួយ​ថ្នាក់​ដឹកនាំ​កំពូលៗ​នៅ​កម្ពុជា ដូចជា​លោក ហ៊ុន សែន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច អ្នកស្រី ម៉ែន សំអន អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស លោក ហ៊ីង ប៊ុនហៀង និង​បុគ្គល​ដែល​មាន​តួនាទី​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត។

សារព័ត៌មាន​អន្តរជាតិ Aljazeera បន្ត​ថា លោក តុង លីឆឹង (Dong Lecheng) មាន​ជំនួញ​ជាច្រើន​នៅ​កម្ពុជា ដូចជា​ជំនួញ​ជាមួយ​សែស្រឡាយ​សមាជិក​ព្រឹទ្ធសភា លោក កុក អាន។ ក្រៅ​ពី​នេះ លោក​ក៏​មាន​ធនាគារ និង​ក្រុមហ៊ុន​អាកាសចរណ៍​ផង​ដែរ ខណៈ​កាលពី​ឆ្នាំ​២០១៨ អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​រូប​នេះ​ថែម​ទាំង​បាន​ផ្តល់​យន្តហោះ​ដ៏​ទំនើប​ដើម្បី​ជូន​ដំណើរ​លោក ហ៊ុន សែន និង​មន្ត្រី​គ្រាក់ៗ​របស់​លោក​ទៅ​ទីក្រុង​ញីវយ៉ក ដើម្បី​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ផង​ដែរ។

បើ​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ខ្មែរ​ចេញ​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤ បាន​ផ្តល់​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ដល់​លោក តុង លីឆឹង ដែល​ជា​ជនជាតិ​ចិន កើត​នៅ​ខេត្ត​អ៊ីនណាន ប្រទេស​ចិន ដោយ​ប្តូរ​ឈ្មោះ​ជា ហេង តុង វិញ។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ច្រានចោល​នូវ​ការ​លើកឡើង​ដែល​ថា អ្នកជំនួញ​ចិន​ដ៏​មាន​ឥទ្ធិពល​នៅ​កម្ពុជា​ឧបត្ថម្ភ​យន្តហោះ​ទំនើប​ដល់​លោក ហ៊ុន សែន ធ្វើ​ដំណើរ​ទៅ​អាមេរិក។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​មាន​លទ្ធភាព​គ្រប់គ្រាន់​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ដោយ​ខ្លួនឯង ហើយ​ថា​ការ​រក​ឃើញ​របស់ Aljazeera ជា​ការ​និយាយ​លម្អៀង​ខាង​មនោគមវិជ្ជា និង​មាន​ចេតនា​មួលបង្កាច់​កម្ពុជា​តែប៉ុណ្ណោះ។

សារព័ត៌មាន​អន្តរជាតិ​ដដែល​នេះ​អះអាង​ថា នៅ​មាន​ជនរងគ្រោះ​ដែល​ត្រូវ​បាន​គេ​ឆបោក​រាប់​ពាន់​នាក់​ទៀត​កំពុង​រង់ចាំ​ឱកាស​មាន​សេរីភាព ខណៈ​ទាសករ​តាម​អ៊ីនធឺណិត​ដែល​បង្ក​ដោយ​ជនជាតិ​ចិន កើតឡើង​នៅ​ប្រទេស​ដែល​មាន​អំពើពុករលួយ​ឥត​ដែន​កំណត់​ដូច​កម្ពុជា។

ជាក់ស្ដែង​កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២២ អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ចេញ​របាយការណ៍​មួយ​ដោយ​រក​ឃើញ​ថា រយៈពេល ២​ឆ្នាំ​ជាប់​គ្នា អំពើពុករលួយ​នៅ​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ បើ​ប្រៀបធៀប​នឹង​ប្រទេស​នៅ​តំបន់​អាស៊ាន។

ពាក់ព័ន្ធ​នឹង​រឿង​នេះ កាលពី​ដើម​ខែ​មេសា ឆ្នាំ​២០២២ នេះ សមត្ថកិច្ច​ថៃ បាន​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា ជួយ​ជនជាតិ​ថៃ ប្រមាណ ៣​ពាន់​នាក់​ចេញពី​ប្រតិបត្តិករ​ឆបោក​តាម​អ៊ីនធឺណិត​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស