រដ្ឋសភាគ្រោងបើកកិច្ចប្រជុំពេញអង្គដើម្បីពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មនៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ខណៈអ្នកឃ្លាំមើលរិះគន់ថា ការធ្វើវិសោធនកម្មនេះមិនបានបម្រើដល់ផលប្រយោជន៍របស់ពលរដ្ឋខ្មែរនោះឡើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភាស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នេះ បានឱ្យដឹងថា របៀបវារៈដែលអង្គប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍យកមកពិភាក្សានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងនោះសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មនៃរដ្ឋធម្មនុញ្ញដែលរដ្ឋាភិបាលបានស្នើ។
សភាបញ្ជាក់ថា សេចក្ដីព្រាងច្បាប់សុំកែរដ្ឋធម្មនុញ្ញមាត្រាចំនួន ៦ ក្នុងនោះមានមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ រួមនឹងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមផងដែរ។
បើតាមរដ្ឋសភា ឱ្យដឹងថា សេចក្ដីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម រដ្ឋសភាបានទទួលពីគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ហើយគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាក៏បានបញ្ជូនសេចក្ដីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនេះទៅឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។
ក្រោយពីមានការសម្រេចអនុម័តពីក្រុមប្រឹក្សាធម្មនុញ្ញនោះ នៅថ្ងៃទី១៤ ខែកក្កដា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា លោក កើត រិទ្ធ បានបកស្រាយថា ការកែរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមទាំង ៨មាត្រានោះ ក្នុងបំណងដើម្បីបំពេញសេចក្តីខ្វះចន្លោះនៃរដ្ឋធម្មនុញ្ញ និងស្ថាប័នកំពូលរបស់ជាតិដំណើរការទៅដោយរលូន ក្នុងការធានានូវស្ថិរភាពនយោបាយ និងការពារប្រយោជន៍ជាតិ។
ប៉ុន្តែការកែរដ្ឋធម្មនុញ្ញលើកទី១០ នេះ ត្រូវបានគណបក្សក្រៅរដ្ឋាភិបាលយល់ថា បានកាត់បន្ថយអំណាចសភា ដោយបើកសិទ្ធិអំណាចឲ្យគណបក្សនយោបាយអាចធ្វើសេចក្ដីស្នើទៅព្រះមហាក្សត្រដើម្បីចាត់តាំង ឬតែងតាំងនាយករដ្ឋមន្ត្រី ខណៈមាត្រា៩៨ថ្មី ក៏បានបន្ថយអំណាចតំណាងរាស្ត្រក្នុងការធ្វើញត្តិបន្ទោសរដ្ឋាភិបាល ពោលគឺពីសំឡេង ៣០នាក់ទៅដល់ ៤២នាក់ ទើបអាចធ្វើញត្តិស្ដីបន្ទោស ឬទម្លាក់រដ្ឋាភិបាល។
ចំណែកវេទិកាពលរដ្ឋចាត់ទុកការកែរដ្ឋធម្មនុញ្ញលើកនេះ គឺដើម្បីអនុវត្តផែនការផ្ទេរអំណាចឱ្យលោក ហ៊ុន ម៉ាណែត តែប៉ុណ្ណោះ ដោយមិនបានបម្រើដល់ផលប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរនោះទេ។ ក្រុមនេះបានស្នើឲ្យលោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាចត្រូវបញ្ឈប់ជាបន្ទាន់នូវគម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះវិញ៕