29.3 C
Phnom Penh

ប្រធាន​អាស៊ាន​ថា​ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​អ្នក​ប្រឆាំង​នឹង​របប​ខ្លួន​ជា​ទង្វើ​មិន​អាច​អត់ឱន​ឱ្យ​បាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា​ក្នុង​នាម​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ នេះ ព្រមាន​ថា ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​លើ​អ្នក​ដែល​ប្រឆាំង​នឹង​របប​ខ្លួន គឺជា​ទង្វើ​មិន​អាច​អត់ឱន​ឱ្យ​បាន និង​បង្ខំ​ឲ្យ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច និង​ធម្មនុញ្ញ​របស់​អាស៊ាន ដើម្បី​ទប់ស្កាត់​ការ​បាត់បង់​ជីវិត​មនុស្ស​កាន់តែ​ច្រើន និង​បំបាត់​នូវ​ទុក្ខ​វេទនា​របស់​ពលរដ្ឋ​ភូមា។

ប្រធាន​អាស៊ាន​ប្តូរ​វេន លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ក្នុង​នាម​ប្រធាន​អាស៊ាន​ពិត​ជា​មាន​ក្តី​តក់ស្លុត និង​សោកសៅ​យ៉ាង​ក្រៃលែង ដោយសារ​ការ​ប្រហារ​ជីវិត​លើ​អ្នក​ដែល​ប្រឆាំង​នឹង​របប​សឹក​ភូមា​ចំនួន ៤​រូប​នៅ​ពេលនេះ ហើយ​បញ្ហា​នេះ គឺជា​កិច្ចការ​ដ៏​សំខាន់​បំផុត​មួយ​ដែល​អាស៊ាន​ត្រូវតែ​យកចិត្ត​ទុកដាក់​ឱ្យ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត។

មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន សូម​អំពាវនាវ​យ៉ាង​ខ្លាំង និង​ជាបន្ទាន់​ដល់​ភាគី​ទាំងអស់ ដូចជា​មជ្ឈដ្ឋាន​អាស៊ាន និង​សហគមន៍​អន្តរជាតិ ជាដើម នាំគ្នា​ជំរុញ​ឱ្យ​របប​សឹក​ភូមា ចាត់​វិធានការ​ជាក់ស្ដែង​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន​ឱ្យ​បាន​ពេញលេញ និង​ប្រកប​ដោយ​ប្រសិទ្ធភាព ដែល​ខ្លួន​ធ្លាប់​បាន​ចុះហត្ថលេខា​ទទួលស្គាល់​កាលពី​ចុង​ឆ្នាំ​២០២១ កន្លង​ទៅ​នោះ។

ប្រធាន​អាស៊ាន​ប្តូរ​វេន លោក ហ៊ុន សែន បញ្ជាក់​ថា អាស៊ាន​នៅតែ​តាំងចិត្ត​បន្ត​រិះរក​វិធីសាស្ត្រ​ជួយ​ប្រទេស​ភូមា ឱ្យ​ត្រឡប់​ទៅ​រក​ប្រក្រតីភាព និង​ដំណើរការ​កែប្រែ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​វិញ ហើយ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​បច្ចុប្បន្ន​នេះ ដោយ​ស្រប​ទៅ​តាម​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច និង​ធម្មនុញ្ញ​របស់​អាស៊ាន ដើម្បី​ទប់ស្កាត់​ការ​បាត់បង់​ជីវិត​មនុស្ស​កាន់តែ​ច្រើន និង​បំបាត់​នូវ​ទុក្ខ​វេទនា​របស់​ពលរដ្ឋ​ភូមា ផង​ដែរ។

កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២ នេះ អាជ្ញាធរ​នៃ​របប​សឹក​ភូមា បាន​ប្រហារ​ជីវិត​សកម្មជន​ប្រជាធិបតេយ្យ​ចំនួន ៤​នាក់ ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ចូលរួម​សកម្មភាព «ភេរវកម្ម» នៅ​ក្នុង​ប្រទេស ដោយ​អនុវត្ត​ទៅ​តាម​ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម​របស់​ភូមា ដែល​របប​សឹក​ទើប​កែប្រែ​ក្រោយ​ការ​ដណ្តើម​អំណាច​របស់​ខ្លួន។

ក្រៅពី​អ្នក​ទាំង ៤​នាក់​នេះ ក៏​មាន​មនុស្ស​ជាង ១០០​នាក់​ទៀត​ដែរ​ដែល​ត្រូវ​របប​សឹក​ភូមា ផ្ដន្ទាទោស​ប្រហារ​ជីវិត​ដូច​គ្នា ខណៈ​មនុស្ស​ជាង ១​ម៉ឺន​នាក់​ផ្សេង​ទៀត​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន និង​ជាង ២​ពាន់​នាក់​ទៀត​ត្រូវ​បាន​សម្លាប់​ដោយ​របប​សឹក​នេះ ចាប់តាំងពី​ពួកគេ​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២១ មក។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២២ លោក ហ៊ុន សែន ធ្លាប់​បាន​ស្នើ​ដល់​មេដឹកនាំ​របប​សឹក​ភូមា លោក មីន អ៊ុងឡាំង ឱ្យ​ពិចារណា​ឡើងវិញ​នូវ​ការ​ផ្ដន្ទាទោស​ប្រហារ​ជីវិត​ក្រុម​អ្នក​ប្រឆាំង​នឹង​ខ្លួន ដោយ​ការ​ជៀសវាង​ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​នេះ ប៉ុន្តែ​ការ​ស្នើ​នេះ​ត្រូវ​បរាជ័យ​ទាំងស្រុង។

កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​អះអាង​ថា សហរដ្ឋ​អាមេរិក​បាន​ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​ការ​កាត់ទោស​ប្រហារ​ជីវិត​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​មេដឹកនាំ​ជាប់​ឆ្នោត​ទាំង ៤​រូប​ពី​សំណាក់​របប​យោធា​ភូមា ដែល​បាន​អនុវត្ត​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួកគេ ព្រោះ​ថា​អំពើ​ហិង្សា​ដែល​គួរ​ឱ្យ​ស្អប់ខ្ពើម​ទាំងនេះ បាន​បង្ហាញ​ជា​ឧទាហរណ៍​បន្ថែម​ទៀត​ដល់​ការ​មិន​យកចិត្ត​ទុកដាក់​ទាំងស្រុង​របស់​របប​នេះ​ចំពោះ​សិទ្ធិមនុស្ស និង​នីតិរដ្ឋ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បញ្ជាក់​ថា ការ​កាត់ក្តី​ក្លែងបន្លំ និង​ការ​ប្រហារ​ជីវិត​របស់​របប​នេះ គឺជា​ការ​ប៉ុនប៉ង​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ពន្លត់​លទ្ធិប្រជាធិបតេយ្យ​នៅ​ភូមា ប៉ុន្តែ​សហរដ្ឋ​អាមេរិក​នឹង​នៅតែ​ចូលរួម​ជាមួយ​ប្រជាជន​ភូមា​ក្នុង​ការ​ស្វែងរក​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ជា​រៀង​រហូត។

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) ជំរុញ​ប្រេសិត​ពិសេស និង​រដ្ឋ​សមាជិក​អាស៊ាន ឱ្យ​ថ្កោលទោស​ការ​ប្រហារ​ជីវិត​លើ​អ្នកទោស​នយោបាយ​ចំនួន ៤​នាក់ ប្រព្រឹត្ត​ដោយ​របប​សឹក​ខុស​ច្បាប់​ភូមា។

អតីត​រដ្ឋមន្ត្រី​ការបរទេស​ថៃ និង​ជា​សមាជិក​គណៈកម្មាធិការ​នាយក​របស់ APHR លោក កាសិត ភិរម្យ (Kasit Piromya) ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់ APHR ផ្សាយ​ថ្ងៃទី​២៥ ខែ​កក្កដា ថា ការ​មិន​គោរព​តាម​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​ដោយ​របប​សឹក​ភូមា បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់ ជាពិសេស​នៅ​ពេល​ដែល​របប​នេះ​បាន​ប្រកាស​ពី​ការ​ប្រហារ​ជីវិត​លើ​អ្នកទោស​នយោបាយ​ក្នុង​ពេល ២​សប្តាហ៍ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា និង​ជា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ទៅ​កាន់​ប្រទេស​ភូមា។

របប​សឹក​ភូមា បាន​ប្រកាស​អនុវត្ត​ទោស​ប្រហារ​ជីវិត​ទៅ​លើ​អ្នកទោស​នយោបាយ​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​របស់​ខ្លួន​ឡើងវិញ បន្ទាប់ពី​ប្រទេស​ភូមា បំបាត់​ចោល​នូវ​ច្បាប់​នេះ​អស់​រយៈពេល​ប្រមាណ​ជា ៣០​ឆ្នាំ​មក​ហើយ​នោះ បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩០ មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស