28 C
Phnom Penh

ក្រុម​អង្គការ​ជាតិ​និង​អន្តរជាតិ​បារម្ភ​ថា​កម្ពុជា​នៅតែ​បង្កើន​ការ​ខ្ចី​បុល​ពី​បរទេស​កាន់តែ​ច្រើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ការងារ​ថវិកា​នៃ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាច្រើន​ស្ថាប័ន បារម្ភ​ថា​កម្ពុជា​នឹង​នៅតែ​បង្កើន​ការ​ខ្ចី​បុល​ពី​បរទេស​កាន់តែ​ច្រើន​បន្ថែម​ទៀត ប្រសិនបើ​ប្រទេស​នេះ​មិន​ធានា​នូវ​តម្លាភាព​ចំណូល និង​ចំណាយ​ថវិកា​ជាតិ​ឱ្យ​បាន​ច្បាស់លាស់​ទេ​នោះ។

ក្រុម​ការងារ​ថវិកា​នៃ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន ២០​ស្ថាប័ន បាន​បង្ហាញ​ជំហរ​រួម​គ្នា​កាលពី​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២ ថា កម្ពុជា​គួរតែ​បន្ត​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​នូវ​តម្លាភាព​នៃ​ការ​គ្រប់គ្រង​ថវិកា​ជាតិ និង​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ផង​ដែរ។

ប្រភព​ដដែល​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ក៏​គួរតែ​ធ្វើការ​ផ្សព្វផ្សាយ​សេចក្តី​ព្រាងច្បាប់​ថវិកា​ជាតិ​ឱ្យ​បាន​ពេញលេញ​សម្រាប់​ពលរដ្ឋ និង​បង្កើត​ឱ្យ​មាន​ការ​ពិភាក្សា​រវាង​រដ្ឋសភា ស្ថាប័ន​រដ្ឋ ពលរដ្ឋ និង​សង្គម​ស៊ីវិល​ផង​ដែរ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​នឹង​រដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​តម្លាភាព​ថវិកា​ជាតិ​ក្នុង​ការ​កសាង​ផែនការ​ជាតិ និង​ផែនការ​ថ្នាក់​ក្រោម​ជាតិ​ទៅ​ថ្ងៃ​មុខ។

ក្រុម​ការងារ​ថវិកា​នៃ​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ អំពាវនាវ​ឱ្យ​រដ្ឋសភា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទទួល​យក​អនុសាសន៍​របស់​សង្គម​ស៊ីវិល ដើម្បី​ពិចារណា​ក្នុង​គោល​បំណង​រួម​ចំណែក​អភិវឌ្ឍ​កម្ពុជា​ឱ្យ​បាន​រីកចម្រើន​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ទៅ​ថ្ងៃ​អនាគត។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​នូវ​ចំណូល និង​ចំណាយ​ថវិកា​ជាតិ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​នូវ​ការ​ខ្ចី​បុល​ពី​បរទេស​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត។

ជុំវិញ​បញ្ហា​នេះ ក្រសួង​សេដ្ឋកិច្ច​កម្ពុជា បាន​ចេញ​ផ្សាយ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​របស់​ខ្លួន​កាលពី​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​កម្ចី​បរទេស​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២២ ក្នុង​ទំហំ​ទឹកប្រាក់ ១​ម៉ឺន ៥​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​កម្ពុជា​បាន​ចំណាយ​អស់ ១​ម៉ឺន ៥៥១​លាន​ដុល្លារ​អាមេរិក​ហើយ ខណៈ​បំណុល​ជាក់ស្តែង​ដែល​កម្ពុជា​មិន​ទាន់​បាន​ទូទាត់​សង​ម្ចាស់បំណុល​សព្វថ្ងៃ​នេះ គឺ​មាន​ចំនួន ៩៤០០​លាន​ដុល្លារ​អាមេរិក​នៅ​ពេលនេះ។

ចំណែក​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ផាន់ ផល្លារ ធ្លាប់​អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​យុទ្ធសាស្ត្រ ស្ដារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២១ កន្លងទៅ​ថា បំណុល​របស់​កម្ពុជា​សរុប​មាន​ចំនួន​ជាង ៩​ប៊ី​លាន​ដុល្លារ​អាមេរិក​ហើយ ប៉ុន្តែ​បំណុល​នេះ កម្ពុជា​នៅ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​សង​ត្រឡប់​ទៅវិញ ព្រោះ​ជា​បំណុល​ស្ថិត​ក្នុង​កម្រិត​ទាប​នៅឡើយ។

កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០២០ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​បាន​ព្យាករ​ថា នៅ​ក្នុង​ឆ្នាំ​២០២០ កម្ពុជា​បាន​បង្កើន​កម្ចី​ពី​បរទេស​ដល់​ទៅ​ជាង ៨,៦​ពាន់​លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត ខណៈ៖

  • ឆ្នាំ​២០២១ នឹង​បង្កើន​កម្ចី​ដល់​ជាង ១០​ពាន់​លាន​ដុល្លារ។
  • ឆ្នាំ​២០២២ នឹង​បង្កើន​ឱ្យ​បាន​ជាង ១១​ពាន់​លាន​ដុល្លារ។
  • ឆ្នាំ​២០២៣ នឹង​បង្កើន​កម្ចី​ឱ្យ​បាន​ជាង ១២​ពាន់​លាន​ដុល្លារ។
  • ឆ្នាំ​២០២៤ គ្រោង​បង្កើន​កម្ចី​ឱ្យ​បាន​ជាង ១៣,៩​ពាន់​លាន​ដុល្លារ​អាមេរិក​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២២ អង្គការ​តម្លាភាព​កម្ពុជា បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២១ រដ្ឋាភិបាល​កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​សរុប​ជាង ៣៨​ពាន់​ប៊ី​លាន​រៀល ដែល​ស្មើ​នឹង​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​បំណុល​ជា​លក្ខណៈ​ទ្វេភាគី​មាន​រហូត​ដល់​ទៅ ៧០% ហើយ​ក្នុង​បំណុល​ទ្វេភាគី ៧០% នេះ កម្ពុជា​បាន​ជំពាក់​មហាអំណាច​កុម្មុយនីស្ត​ចិន​ដល់​ទៅ​ជាង ៤២% ផង​ដែរ ដែល​ជា​តួលេខ​ខ្ពស់​មួយ​នៃ​បំណុល​កម្ពុជា​ដែល​កំពុង​ជំពាក់​ប្រទេស​ដទៃ​ទៀត​ក្នុង​ពេល​ដំណាល​គ្នា​នេះ។

អង្គការ​តម្លាភាព​កម្ពុជា បាន​បង្ហាញ​ថា កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​ជា​លក្ខណៈ​ទ្វេភាគី​ចំនួន ៥​ប្រទេស ក្នុង​នោះ​រួម​មាន ចិន ជប៉ុន កូរ៉េ​ខាងត្បូង បារាំង ឥណ្ឌា ថៃ និង​វៀតណាម ខណៈ​បំណុល​ទាំងនេះ រដ្ឋាភិបាល​កម្ពុជា​មាន​លទ្ធភាព​ចរចា​ដោះស្រាយ​ត្រឹមតែ​ក្នុង​ទំហំ ៦% ប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស