32.5 C
Phnom Penh

រដ្ឋាភិបាល​កម្ពុជា​ត្រៀម​ដើរ​ខ្ចី​លុយ​ពី​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ ២,៧​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​ខ្ចី​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ ២,៧​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (ឬ​ស្មើ​នឹង ២០០០​លាន​អេសដេអ៊ែរ SDR) នៅ​ឆ្នាំ​២០២៥ ខាងមុខ​នេះ ដើម្បី​បំពេញ​តម្រូវការ​ចំណាយ​ចរន្ត​ក្នុង​ស្ថានភាព​ដែល​ប្រភព​ចំណូល​ក្នុង​ប្រទេស​មាន​ការ​ថយ​ចុះ។

SDR ប្រែ​ថា សិទ្ធិ​ដក​ពិសេស ដែល​សំដៅ​ទៅ​លើ​ធនធាន ឬ​ទ្រព្យ​បម្រុង បង្កើត​ឡើង​ដោយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​នៅ​ឆ្នាំ​១៩៦៩ សម្រាប់​ចងការ​ឲ្យ​ប្រទេស​ជា​សមាជិក។

ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក្រសួង​កសិកម្ម ក៏​បាន​សុំ​ថវិកា​ជំនួយ​ឥត​សំណង​ពី​ប្រទេស​កូរ៉េខាងត្បូង ចំនួន ១២​លាន​ដុល្លារ ដើម្បី​យក​ទៅ​ពង្រីក​វិស័យ​កសិកម្ម​ដែរ។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អំពី​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៥ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៧ ធ្នូ នេះ​ថា ថវិកា​ដែល​ប្រទេស​កម្ពុជា​គ្រោង​ខ្ចី​ពី​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​អភិវឌ្ឍ​គម្រោង​លើ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​នា​ពេលនេះ គឺជា​ឥណទាន​មាន​កម្រិត​សម្បទាន​ខ្ពស់ ចំណែកឯ​ស្ថានភាព​បំណុល​សាធារណៈ​សម្រាប់​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​នៅតែ​មាន «ចីរភាព» និង​មាន «ហានិភ័យ​ក្នុង​កម្រិត​ទាប» ដដែល។

ប្រភព​ដដែល​លើកឡើង​ថា ថវិកា​ទាំងនេះ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​កម្មវិធី ឬ​គម្រោង​អភិវឌ្ឍន៍​សំខាន់ៗ​ជាច្រើន ដូចជា វិស័យ​ថាមពល វិស័យ​ទឹកស្អាត វិស័យ​ធារាសាស្ត្រ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​វិស័យ​ផ្សេង​ទៀត​ផង​ដែរ។ រាជរដ្ឋាភិបាល​បញ្ជាក់​ថា ការ​ខ្ចី​ថវិកា​ពី​ក្រៅ​ប្រទេស​ក្នុង​ទំហំ​ទឹកប្រាក់ ២,៧​ពាន់​លាន​ដុល្លារ​នេះ នឹង​មិន​បង្កើត​ជា​បន្ទុក​បំណុល​វ័ណ្ឌក​ដល់​កម្ពុជា​ទេ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ ធ្នូ នេះ​ថា គម្រោង​ខ្ចី​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍ គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចិន​បាន​បដិសេធ​មិន​ឲ្យ​ប្រទេស​កម្ពុជា​ខ្ចី​ថែម​យ៉ាង​ពិតប្រាកដ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន របស់​លោក ហ៊ុន សែន កាលពី​ដើម​ខែ​ធ្នូ កន្លង​ទៅ​នេះ។

លោក​ថា រដ្ឋាភិបាល​គំនិត​រាក់​មួយ​នេះ​គ្មាន​ទស្សនវិស័យ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ឱ្យ​រីកចម្រើន​ទេ ផ្ទុយទៅវិញ​បើ​លើក​ផែនការ​អភិវឌ្ឍន៍​វិញ គឺ​មាន​តែ​ដើរ​ខ្ចី​បំណុល​គេ​ប៉ុណ្ណោះ ហើយ​បើ​ខ្ចី​បំណុល​គេ​បាន​យក​ទៅ​អភិវឌ្ឍ ក៏​នាំគ្នា​ប្រព្រឹត្ត​អំពើពុករលួយ​លើ​លុយ​បំណុល​នោះ​ដែរ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា វិធី​មាន​តែ​មួយ​គត់​សម្រាប់​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​ដែល​ចង់​ចាកចេញ​ពី​បំណុល​ទៅ​ជា​ប្រទេស​អ្នក​មាន គឺ​ត្រូវតែ​ធានា​ឱ្យ​បាន​នូវ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ នោះ​ជំនួយ​ពី​បណ្តា​ប្រទេស​នានា​នឹង​ហូរ​ចូល​ទៅ​កម្ពុជា​ជាបន្តបន្ទាប់ ដែល​មិន​ចាំបាច់​បន្ត​ខ្ចី​បុល​បរទេស​ជិតខាង​ទាំង​ត្រដាបត្រដួស​ដូច​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ចិន សារព័ត៌មាន​អន្តរជាតិ Reuters បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ថា រដ្ឋាភិបាល​ចិន មិន​បាន​អនុម័ត​ប្រាក់កម្ចី​សម្រាប់​គម្រោង​ណា​មួយ​តាម​ការ​ស្នើសុំ​របស់​កម្ពុជា​ទេ ប៉ុន្តែ​ភាគី​រដ្ឋាភិបាល​បដិសេធ​ថា​ជា​ការ​ចុះផ្សាយ​នេះ​មិន​ពិត។

កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២៤ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​ផ្សាយ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ ថា​គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២៤ នេះ ប្រទេស​កម្ពុជា​ជំពាក់​បំណុល​សាធារណៈ​សរុប​ចំនួន​ជិត ១២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​នោះ ៩៩,១២% ជា​បំណុល​សាធារណៈ​ក្រៅ​ប្រទេស និង​ជិត ១% (០,៨៨%) ជា​បំណុល​សាធារណៈ​ក្នុង​ប្រទេស ខណៈ​ចិន នៅតែ​ជា​ម្ចាស់បំណុល​ធំ​ជាងគេ​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជិត ៤​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (៣,៩៩​ពាន់​លាន​ដុល្លារ) ដែល​ស្មើ​នឹង​ជិត ៤០% (៣៦%) នៃ​បំណុល​សរុប៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស