តំណាងសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) អះអាងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្គាប់ឲ្យពួកគាត់អនុវត្តតាមកិច្ចសន្យាមុនពេលចេញពីពន្ធនាគារ ដោយឲ្យកូដករឈប់តវ៉ាអំឡុងពេលចរចា ស្របពេលពួកគេកំពុងជាប់បណ្ដឹងនៅតុលាការ។
ការអះអាងនេះ បន្ទាប់ពីតំណាង និងសមាជិកសហជីព នៅថ្ងៃសុក្រ ទី២៩ កក្កដា បានចូលជួបចរចាជាមួយក្រសួងការងារជាថ្មីទៀត ដើម្បីស្វែងរកដំណោះស្រាយវិវាទការងារដែលបានអូសបន្លាយរយៈពេលជាងកន្លះឆ្នាំមកហើយ។
តំណាងសហជីពប្រាប់កូដករនៅមុខក្រសួងការងារ ថា ក្នុងជំនួបនាព្រឹកថ្ងៃនេះ មន្ត្រីក្រសួងបានរំឭកឲ្យតំណាងសហជីព និងសមាជិកអនុវត្តតាមកិច្ចសន្យាដែលពួកគាត់បានផ្ដិតមេដៃស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្នកាលពីពេលកន្លងទៅ។ ជាការឆ្លើយតប ពួកគាត់បាននិយាយទៅកាន់មន្ត្រីក្រសួងវិញថា ពួកគាត់មិនបានភ្លេចចំពោះកិច្ចសន្យាដែលបានផ្ដិតមេដៃនៅក្នុងពន្ធនាគារឡើយ។
តំណាងសហជីពរូបនោះបន្តទៀតថា ពួកគាត់បានប្រាប់ទៅក្រុមកូដករឲ្យឈប់តវ៉ាហើយ ប៉ុន្តែការសម្រេចបន្តធ្វើកូដកម្ម ឬអត់នោះ វាអាស្រ័យលើកូដករជាអ្នកសម្រេច ដោយតំណាង និងសមាជិកសហជីពមិនអាចបង្ខំក្រុមកូដករបានឡើយ។
ជាមួយគ្នានេះ ក្រសួងក៏បានឲ្យតំណាងសហជីពជួយសម្របសម្រួលជាមួយក្រុមកូដករ ដោយទទួលយកកញ្ចប់ថវិកាដែលថៅកែក្រុមហ៊ុនផ្ដល់ឲ្យ ហើយទៅរកការងារថ្មី ដើម្បីបញ្ចប់វិវាទ។ មួយវិញទៀត ក្រសួងថានាពេលខាងមុខនេះ ក្រសួង និងតុលាការ អាចនឹងមានចំណាត់ការណាមួយទៅលើពួកគាត់ បើការតវ៉ារបស់កូដករនៅតែបន្តនោះ។
ក្រុមកូដករចាត់ទុកការលើកឡើងរបស់មន្ត្រីក្រសួងការងារ ថាជាសារគំរាមដល់តំណាង និងពួកគេជាកូដករ។ តែយ៉ាងណា ពួកគេថាប្រសិនបើក្រសួងការងារនៅតែបង្ខំឲ្យទទួលយកសំណងដោយមិនដោះស្រាយតាមអ្វីដែលកូដករទាមទារទេ វាមិនអាចបញ្ចប់វិវាទការងារនោះបានដែរ ដោយកូដកម្មនៅតែបន្តកើតឡើងដដែល ដោយថាអ្វីដែលពួកគេចង់បាននោះ គឺទទួលយកសហជីពដែលក្រុមហ៊ុនបានបញ្ឈប់នោះចូលធ្វើការវិញ។
សង្គមស៊ីវិល និងអង្គការអន្តរជាតិ លើកឡើងថា ការដែលក្រុមហ៊ុនណាហ្គាវើលដ៍មិនដោះស្រាយវិវាទការងារដែលបានអូសបន្លាយជាង ៦ខែមកនេះ ជាចេតនារើសអើង និងចង់លុបបំបាត់សហជីពឯករាជ្យនៅក្នុងក្រុមហ៊ុនល្បែងស៊ីសងមួយនេះ។
បើតាមតំណាងសហជីព ឱ្យដឹងថា ចាប់តាំងពីមានវិវាទជាមួយក្រុមហ៊ុនណាហ្គាវើលដ៍កាលពីចុងឆ្នាំ២០២១ មក តំណាងសហជីពបានជួបចរចាជាមួយក្រសួងការងារ និងថៅកែក្រុមហ៊ុនចំនួន ១៤លើកហើយ ប៉ុន្តែមិនទទួលបានលទ្ធផលឡើយ។
ការមិនមានដំណោះស្រាយនេះ បានជំរុញឲ្យក្រុមកូដករបន្តចេញធ្វើកូដកម្មរាល់ថ្ងៃ ទោះបីត្រូវបានក្រុមអាជ្ញាធររាជធានីភ្នំពេញរារាំង រុញច្រាន និងប្រើប្រាស់អំពើហិង្សា ព្រមទាំងបៀតបៀនលើពួកគេជាស្ត្រីក៏ដោយ។
វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍នេះ បានកើតឡើងអស់រយៈពេលជាង ១ឆ្នាំមកហើយ ក្រោយពេលដែលក្រុមហ៊ុននេះបានបញ្ឈប់បុគ្គលិកចំនួន ១៣២៩នាក់ក្នុងចំណោមបុគ្គលិកសរុបជាង ៨០០០នាក់ពីការងារ ក្រោមហេតុផលថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩ ប៉ុន្តែនៅដើមឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញសុទ្ធចំនួនជាង ១២០លានដុល្លារផងដែរ៕