រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក អែនតូនី ប្លីងខិន (Antony Blinken) គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាមេរិក-អាស៊ាន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក ចេញផ្សាយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ថា ដំណើរទស្សនកិច្ចរបស់លោក អែនតូនី ប្លីងខិន ទៅកាន់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ខាងមុខនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក-អាស៊ាន កិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន។
សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថា ក្នុងកិច្ចប្រជុំខាងលើនេះ លោក Blinken នឹងលើកឡើងអំពីការដោះស្រាយបញ្ហាឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បញ្ហាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ បញ្ហាវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា និងបញ្ហាសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនផងដែរ។
ក្រៅពីលើកឡើងអំពីការដោះស្រាយ លោក Blinken ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវទំនាក់ទំនងទ្វេភាគីរបស់សហរដ្ឋអាមេរិកជាមួយកម្ពុជាផងដែរ។
នេះជាលើកដំបូងដែលរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អែនតូនី ប្លីងខិន មកបំពេញទស្សនកិច្ចនៅកម្ពុជាក្រោយពីទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់មានភាពតានតឹងនឹងគ្នាលើនយោបាយការបរទេស ចាប់តាំងពីរដ្ឋាភិបាលកម្ពុជាផ្អាកការធ្វើសមយុទ្ធយោធាជាមួយអាមេរិក ហើយងាកមកធ្វើជាមួយចិនវិញ។
ជាងនេះទៅទៀត កម្ពុជាបានវាយកម្ទេចចោលអគារពីរខ្នងដែលជាជំនួយរបស់អាមេរិកនៅមូលដ្ឋានទ័ពជើងទឹករាម ដោយគ្មានការជូនដំណឹង ឬការពន្យល់ឲ្យបានត្រឹមត្រូវដល់សហរដ្ឋអាមេរិក ហើយក្រោយពីវាយកម្ទេចហើយ កម្ពុជាក៏ត្រូវបានគេដឹងថា បានផ្ដល់មូលដ្ឋានទ័ពជើងទឹករាមរបស់ខ្លួនឲ្យចិនគ្រប់គ្រងជំនួសវិញ។ បញ្ហានេះបាននាំឲ្យអាមេរិកបារម្ភជាខ្លាំងអំពីការគំរាមកំហែងដល់ផលប្រយោជន៍ និងសម្ពន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់៕