អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកអវត្តមានរបស់គណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលមិនហ៊ានចូលទៅជជែកទល់មុខ ដោយសារការលើកឡើងកន្លងទៅខ្វះមូលដ្ឋានច្បាប់ ខណៈគណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា គ្មានភាពចាំបាច់ទៅចូលរួមស្ដាប់ដោយសារយន្តការរបស់ក្រសួងដើរបញ្ច្រាសទិស។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នេះថា ទាំងអ្នកវិភាគផង អ្នកអត្ថាធិប្បាយ និងអ្នកដាក់ញត្តិផង បាននាំគ្នារិះគន់គ្រប់បែបយ៉ាងលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ ប៉ុន្តែនៅពេលដែលក្រសួងយុត្តិធម៌អញ្ជើញឱ្យចូលមកជជែកតទល់គ្នាដោយផ្ទាល់ និងបើកចំហរកតម្លាភាពជាសាធារណៈ បែរជាពួកគេមិនមកចូលរួមទៅវិញ។
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ក្រសួងយុត្តិធម៌បានចេញសេចក្តីប្រកាសព័ត៌មានអញ្ជើញគណបក្សនយោបាយ អង្គការសង្គមស៊ីវិលដែលមានបំណងជួបជាមួយខ្លួន ដើម្បីពិភាក្សាលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣ និងទី៤ ខែសីហា សប្តាហ៍នេះ ប៉ុន្តែមិនមានគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិលណាមួយបានប្រកាសទទួលយកការអញ្ជើញនេះនៅឡើយទេរហូតមកដល់ពេលនេះ។
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីគណបក្សនយោបាយ អង្គការសង្គមស៊ីវិលជាច្រើនស្ថាប័ន បាននាំគ្នាចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ជំទាស់ទៅនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលកំពុងដំណើរការនៅពេលនេះ ដោយលើកឡើងថាជាការកែប្រែដែលប្រាសចាកពីផលប្រយោជន៍ជាតិ។
ជុំវិញការចេញលិខិតអញ្ជើញឱ្យចូលរួមពិភាក្សានេះ អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងកាលពីថ្ងៃទី៣០ ខែកក្កដា នេះថា ជំនួបពិភាក្សាដើម្បីទទួលការពន្យល់បកស្រាយបំភ្លឺជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ក្រោយរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញសម្រាប់ធ្វើវិសោធនកម្មនេះ គឺគ្មានន័យខ្លឹមសារអ្វីនោះទេ។
បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា រដ្ឋាភិបាលគួរតែដាក់ផ្សព្វផ្សាយពីសេចក្តីព្រាងនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះជូនប្រជារាស្ត្រពិភាក្សា ផ្តល់មតិមុននឹងរដ្ឋសភាអនុម័ត ទើបជារឿងត្រឹមត្រូវ។
ដោយឡែកនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានលើកឡើងផងដែរថា រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលដែលមនុស្សគ្រប់រូបត្រូវតែគោរព ហើយកម្ពុជាជាប្រទេសរបស់ពលរដ្ឋទាំងអស់គ្នា មិនមែនជាប្រទេសរបស់បក្សណាមួយ ឬក្រុមណាមួយនោះទេ ដូច្នេះបើចង់កែចំណុចណាមួយនៃច្បាប់នេះ គួរតែស្តាប់មតិយោបល់របស់ពលរដ្ឋជាមុនសិន មុននឹងច្បាប់នេះត្រូវបានអនុម័ត មិនមែននាំគ្នាអនុម័តរួចហើយ ទើបហៅប្រជាពលរដ្ឋឱ្យទៅស្តាប់ការបកស្រាយរបស់ខ្លួនបែបនេះទេ។
ចំណែកអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត សាម អ៊ីន បានលើកឡើងថា ការកោះអញ្ជើញរបស់ក្រសួងយុត្តិធម៌ ឱ្យចូលទៅអង្គុយស្ដាប់ គឺមិនមានភាពចាំបាច់សម្រាប់គណបក្សនេះទៅចូលរួមទេ ដោយថាវិធាននេះមិនបានជំរុញគោលការណ៍ប្រជាធិបតេយ្យទេ។ លោកបញ្ជាក់ថា ការធ្វើច្បាប់ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញជារឿងជាតិទាំងមូល ដែលទាមទារឱ្យមានការពិគ្រោះយោបល់ជាមួយតួអង្គពាក់ព័ន្ធដទៃទៀតក្រៅពីរដ្ឋាភិបាល មុនដាក់ជូនទៅរដ្ឋសភាអនុម័ត។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានថ្លែងថា អង្គការសង្គមស៊ីវិលគ្មានភាពចាំបាច់ដើម្បីទៅចូលរួមស្ដាប់ការពន្យល់បន្ថែមទៀតពីក្រសួងយុត្តិធម៌នោះទេ ពីព្រោះរដ្ឋសភាអនុម័តរួចទៅហើយ។ លោកថា នេះគឺជាយន្តការរបស់ក្រសួងដើរបញ្ច្រាសទិសដែលមិនខុសអីពីកូនកើតមុនឪនោះទេ។
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ រដ្ឋសភាឯកបក្សកម្ពុជា បានអនុម័តយល់ព្រមលើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដែលយល់ព្រមលើសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនេះកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ៕