38 C
Phnom Penh

លោក ហ៊ុន សែន ថា​វៀតណាម​ជា​ទីផ្សារ​ដ៏​សំខាន់​ក្នុង​ការ​ទទួល​កសិផល​នាំចេញ​ពី​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ប្រទេស​វៀតណាម ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ទទួល​យក​កសិផល​នាំចេញ​ពី​ប្រទេស​កម្ពុជា ដែល​បាន​រួម​ចំណែក​ជួយ​ឲ្យ​កម្ពុជា​កាន់តែ​រីកចម្រើន។

ការ​លើកឡើង​របស់​លោក ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​សមាជិក​គណៈកម្មាធិការ​កណ្តាល​បក្ស​កុម្មុយនីស្ត​វៀតណាម សមាជិកា​គណៈកម្មាធិការ​អចិន្ត្រៃយ៍ អ្នកស្រី ង្វៀន ធីថាញ់ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នា​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២២។

ក្នុង​ជំនួប​ទ្វេភាគី​នោះ លោក ហ៊ុន សែន បាន​លើកឡើង​ថា ការ​រីកចម្រើន​របស់​វៀតណាម បាន​រួម​ចំណែក​ជួយ​ដល់​ការ​រីកចម្រើន​របស់​កម្ពុជា ដោយសារ​ទំនាក់ទំនង​ល្អ​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​នោះ​កម្ពុជា​បាន​ទទួល​អ្នក​វិនិយោគ​វៀតណាម​ដ៏​ច្រើន រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ទៀត រួម​ទាំង​វិស័យ​ថាមពល។

លោក​ថា ភាព​រីកចម្រើន​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​កើន​ទៅ​ដល់​ជាង ១០​ពាន់​លាន​ដុល្លារ ដែល​ជា​ទំហំ​មួយ​ដ៏​ធំ។ លោក ហ៊ុន សែន ថា​វៀតណាម​ជា​ទីផ្សារ​ដ៏​សំខាន់​មួយ​សម្រាប់​ទទួល​យក​កសិផល​នាំចេញ​ពី​កម្ពុជា​ផង​ដែរ។

ទិន្នន័យ​របស់​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​នៅ​កម្ពុជា ចេញ​កាលពី​ខែ​មករា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា បើ​ទោះជា​មាន​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ-១៩ ក៏​ពាណិជ្ជកម្ម​កម្ពុជា-វៀតណាម​បាន​កើន​ឈាន​ដល់ ៩,៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១ ដែល​ជា​ការ​ឈាន​ទៅ​មុខ​យ៉ាង​ខ្លាំង​ចំនួន ៧៥% បើ​ធៀប​នឹង​ឆ្នាំ​២០២០។

ទិន្នន័យ​វៀតណាម​ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រុម​ផលិតផល​ចំនួន ១៤​ប្រភេទ​ក្នុង​ចំណោម ១១​ប្រភេទ​ដែល​កម្ពុជា​បាន​នាំចេញ​ទៅ​ប្រទេស​វៀតណាម ជាមួយ​នឹង​កំណើន​វិជ្ជមាន​រួម​មាន បន្លែ ផ្លែឈើ គ្រាប់​ស្វាយចន្ទី កៅស៊ូ និង​ផលិតផល​ផ្សេងៗ​ទៀត។

ចំណែក​ផលិតផល​វៀតណាម​ចំនួន ២៤ ក្នុង​ចំណោម ២៩​ក្រុម​ដែល​នាំចូល​មក​កម្ពុជា​ឃើញ​ថា​មាន​កំណើន​ខ្លាំង​ក្នុង​រយៈពេល ១១​ខែ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន រួម​មាន​បន្លែ ដំឡូង និង​ផ្លែឈើ ចំណី​សត្វ និង​វត្ថុធាតុដើម ប្រេងឥន្ធនៈ និង​ប្រេង ជី និង​ផលិតផល​ផ្សេងៗ​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស