41.3 C
Phnom Penh

រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​ចិន​តែ​មួយ​ឥត​ងាករេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស​កម្ពុជា បង្ហាញ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​ចិន​តែ​មួយ​ដោយ​ឥត​ងាករេ និង​ចាត់ទុក​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ហុងកុង តៃវ៉ាន់ ទីបេ និង​ស៊ីនជាំង គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២២ នេះ​ដោយ​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ភាព​តានតឹង​ថ្មីៗ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ស្នើសុំ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ គោរព​ចំពោះ​កិច្ចព្រមព្រៀង​ទាំងឡាយ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សហរដ្ឋ​អាមេរិក ដែល​បាន​ចែង​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​កាលពី​ពេល​កន្លងទៅ​រវាង​ភាគី​ទាំង​ពីរ។

ក្រសួង​ការបរទេស​កម្ពុជា អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ស្វះ​ស្វែងរក​ដំណោះស្រាយ​ប្រកប​ដោយ​សន្តិវិធី និង​រក្សា​នូវ​ស្ថានភាព​ដើម ចៀសវាង​ការ​បង្ក​ហេតុ​មិន​ប្រក្រតី​ណា​មួយ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ ដើម្បី​បុព្វហេតុ​ក្នុង​ការ​រក្សា​នូវ​សន្តិភាព ស្ថិរភាព វឌ្ឍនភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់ និង​ពិភពលោក។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក និង​ចិន ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​អាមេរិក អ្នកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃ​អង្គារ ដើម​សប្តាហ៍​នេះ។

គណបក្ស​កាន់​អំណាច​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ដោយ​ឯក​បក្ស​សព្វថ្ងៃ​នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជុំវិញ​ដំណើរ​ទស្សនកិច្ច​ប្រធាន​រដ្ឋសភា​អាមេរិក អ្នកស្រី Nancy Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់ នេះ​ថា ខ្លួន​តែង​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​ចិន​តែ​មួយ​ដោយ​ឥត​ងាករេ ហើយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ហុងកុង តៃវ៉ាន់ ទីបេ និង​ស៊ីនជាំង ជាដើម គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជានិច្ច។

យ៉ាងណាក៏ដោយ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​រក្សា​ភាព​ស្ងប់ស្ងាត់​នៅឡើយ​ជុំវិញ​បញ្ហា​នេះ។

ដោយឡែក​នៅ​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០២២ នេះ អាស៊ាន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ចំពោះ​ភាព​តានតឹង​រវាង​ចិន និង​អាមេរិក ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​អាមេរិក អ្នកស្រី Nancy Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់ នេះ​ដែរ​ថា អាស៊ាន​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ភាព​ផុយ​ស្រួយ​នៃ​ស្ថានការណ៍​តំបន់ និង​អន្តរជាតិ​យ៉ាង​ខ្លាំង ក្នុង​នោះ​អាស៊ាន​នៅតែ​គាំទ្រ​ចំពោះ​គោល​នយោបាយ​ចិន​តែ​មួយ ដើម្បី​ស្ថិរភាព សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់ និង​អន្តរជាតិ។

កាលពី​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២២ ប្រធាន​រដ្ឋសភា​អាមេរិក អ្នកស្រី Nancy Pelosi បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​ខ្លួន​ទៅ​កាន់​កោះ​តៃវ៉ាន់ បើ​ទោះបីជា​ចិន​បាន​ព្រមាន​ឆ្លើយតប​នឹង​ដំណើរ​ទស្សនកិច្ច​នេះ​តាម​ផ្នែក​យោធា មុន​នឹង​ដំណើរ​ទស្សនកិច្ច​នេះ​កើតឡើង​ក៏ដោយ។

យ៉ាងណាក៏ដោយ ចិន​មិន​បាន​អនុវត្ត​ទៅ​តាម​ការ​គំរាម​របស់​ខ្លួន​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ​ទេ ប៉ុន្តែ​ចិន​បាន​ប្រកាស​ធ្វើ​សមយុទ្ធ​យោធា​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ រហូត​ដល់​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ​ក្នុង​ដែនទឹក​ទាំង​៦ ដែល​នៅ​ជុំវិញ​កោះ​តៃវ៉ាន់។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​៤ សីហា នេះ​ថា ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​កម្ពុជា​ជុំវិញ​ភាព​តានតឹង​រវាង​ចិន និង​អាមេរិក នេះ បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ប្រុងប្រយ័ត្ន​របស់​កម្ពុជា​ចំពោះ​នយោបាយ​ការទូត​របស់​ខ្លួន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ជាង​ពេល​មុនៗ។

លោក ម៉ែន ណាត លើកឡើង​ថា សូម្បី​លោក ហ៊ុន សែន ដែល​ធ្លាប់តែ​អះអាង​ថា ក្រៅពី​ពឹង​ចិន កម្ពុជា​នឹង​មិន​ទៅ​ពឹងពាក់​បរទេស​ណា​នា​ពេល​កន្លងមក​នោះ ក៏​មិន​ហ៊ាន​ធ្វើការ​ឆ្លើយតប​តាម​បែប​ណា​មួយ​ទៅ​កាន់​សហរដ្ឋ​អាមេរិក បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ដូច​ពេល​មុន​នោះ​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា សម្រាប់​កម្ពុជា​មិន​ថា​ចិន​ប្រកាស​សង្គ្រាម​ជាមួយ​អាមេរិក ឬ​ក៏​អត់ គឺ​ពិត​ជា​មិន​សំខាន់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់ កម្ពុជា​ត្រូវ​គិត​ថា​តើ​កម្ពុជា​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​កុំ​ឱ្យ​យក​ខ្លួនឯង​ទៅ​ចង​ភ្ជាប់​នឹង​ជម្លោះ​របស់​មហាអំណាច ដែល​នាំ​ឱ្យ​ខ្លួន​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្លើង​សង្គ្រាម​ដូច​អតីតកាល​ដ៏​ជូរចត់​នោះ។

កាលពី​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​មហាអំណាច​ពិភពលោក​ដទៃ​ទៀត​ដូច​អាមេរិក ជាដើម​ថា បើ​មិន​ឱ្យ​កម្ពុជា​ទៅ​ពឹង​ចិន តើ​ឱ្យ​កម្ពុជា​ទៅ​ពឹង​មហាអំណាច​មួយ​ណា?៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស