រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ជំរុញឱ្យប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បង្ហាញពីតម្លាភាពឱ្យបានច្បាស់លាស់អំពីវត្តមានកងទ័ពចិននៅមូលដ្ឋានទ័ពជើងទឹករាម និងធានាឱ្យមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា អាចចូលរួមដោយសេរីក្នុងដំណើរការនយោបាយនៅឆ្នាំ២០២៣ ខាងមុខ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយ (Ned Price) បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី៤ សីហា នេះថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានលើកឡើងក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នេះ ដោយជំរុញឱ្យលោក ហ៊ុន សែន បង្ហាញពីតម្លាភាពឱ្យបានច្បាស់លាស់ជុំវិញវត្តមានកងទ័ពចិននៅមូលដ្ឋានទ័ពជើងទឹករាម ព្រោះថាវត្តមានផ្ដាច់មុខរបស់ចិន គឺជាការប្រថុយនឹងការបំផ្លាញអធិបតេយ្យភាព សន្តិសុខក្នុងតំបន់ និងឯកភាពអាស៊ានរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរទៅថ្ងៃមុខ។
លោក Antony Blinken ក៏បានជំរុញឱ្យលោក ហ៊ុន សែន ធ្វើឱ្យមានវឌ្ឍនភាពនៃដំណើរការលទ្ធិប្រជាធិបតេយ្យដូចជាការទម្លាក់ចោលការចោទប្រកាន់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងការគោរពសិទ្ធិមនុស្ស ដោយធានាឱ្យពលរដ្ឋកម្ពុជាទាំងអស់ រួមទាំងសកម្មជននយោបាយ និងពលរដ្ឋខ្មែរអាមេរិកាំង គឺកញ្ញា សេង ធារី ផង ត្រូវតែមានការដោះលែងពីការឃុំខ្លួនពីបទចោទប្រកាន់ពាក់ព័ន្ធនឹងនយោបាយ ដើម្បីឱ្យពួកគេមានសេរីភាពពេញលេញឡើងវិញនៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខនេះ។
លោក Antony Blinken បានរំឭកឡើងវិញនូវការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះពលរដ្ឋកម្ពុជា និងសេចក្តីប្រាថ្នារបស់ពួកគេ ក្នុងនាមជាប្រទេសដែលមានភាពរីកចម្រើនខាងប្រជាធិបតេយ្យ និងឯករាជ្យ ដែលសំឡេងទាំងអស់របស់ពួកគេនឹងត្រូវបានស្តាប់ និងគោរពដោយស្វ័យភាពក្នុងការការពារពីសំណាក់រដ្ឋាភិបាលកម្ពុជា។
កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកបន្ទាប់ពីជួបពិភាក្សាជាមួយលោក Antony Blinken នូវខ្លឹមសារមួយចំនួន ប៉ុន្តែមិនដូចគ្នាទៅនឹងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកនោះទេ ក្នុងនោះ លោក ហ៊ុន សែន គ្រាន់តែបញ្ជាក់ថា លោក Antony Blinken បានអរគុណកម្ពុជាដែលបានផ្ដល់ដីឱ្យសហរដ្ឋអាមេរិកសង់ស្ថានទូត និងអនុញ្ញាតឱ្យកប៉ាល់ Westerdam ចូលចត ជាដើម។
លើសពីនេះ លោក ហ៊ុន សែន បានរៀបរាប់ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកក៏បានអរគុណកម្ពុជាផងដែរចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានៅមីយ៉ាន់ម៉ា និងទិសដៅរបស់សហរដ្ឋអាមេរិកក្នុងការបង្កើតឱ្យមានទំនាក់ទំនងជាវិជ្ជមានជាមួយកម្ពុជា ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដូចជា ទីផ្សារនាំចេញ និងជំនួយសម្រាប់ការអភិវឌ្ឍ ជាដើម។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់ The Cambodia Daily នៅថ្ងៃទី៥ សីហា នេះថា សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក បង្ហាញថា សហរដ្ឋអាមេរិកនឹងមិនដកដៃជាដាច់ខាតក្នុងការជំរុញឲ្យមេដឹកនាំកម្ពុជា លោក ហ៊ុន សែន លើកស្ទួយសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យ ហើយត្រូវជម្រះមន្ទិលឲ្យជ្រះស្រឡះចំពោះវត្តមានកងទ័ពជើងទឹកចិននៅកំពង់ផែជើងទឹករាមរបស់កម្ពុជា ប្រសិនបើលោក ហ៊ុន សែន ចង់ឲ្យមានទំនាក់ទំនងប្រសើរឡើងវិញរវាងកម្ពុជា និងអាមេរិកនោះ។
លោក គឹម សុខ គូសបញ្ជាក់ថា ការវិវឌ្ឍស្ថានការណ៍ទៅមុខមិនស្ថិតលើការភូតភរកុហករបស់លោក ហ៊ុន សែន នោះទេ ប៉ុន្តែរឿងពិត គឺស្ថិតនៅត្រង់ថា ការលើកឡើងរបស់សហរដ្ឋអាមេរិក តើរដ្ឋាភិបាលលោក ហ៊ុន សែន នឹងធ្វើការកែលំអ ឬក៏អត់ប៉ុណ្ណោះ។
លោកបន្តថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនធ្វើឲ្យមានការវិវឌ្ឍទៅមុខឲ្យបានល្អប្រសើរនូវការស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទេ នោះទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិកមិនអាចឈានទៅរកភាពជាដៃគូបានឡើយ ខណៈផលប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជាក៏នឹងត្រូវរឹតត្បិតកាន់តែខ្លាំង។
លោកបន្តថា ប្រសិនបើប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនអាចចូលរួមការបោះឆ្នោតនៅឆ្នាំ២០២៣ ខាងមុខនេះបានទេ មានន័យថា ប្រជាធិបតេយ្យនៅកម្ពុជា គឺស្លាប់យ៉ាងពិតប្រាកដ ព្រោះថាដំណើរនៃការគ្រប់គ្រងអំណាចតាមបែបសន្តតិវង្សដូចជាកូរ៉េខាងជើង ក៏កំពុងតែកើតមានផងដែរនូវការផ្ទេរអំណាចពីឪពុកទៅកូននៅកម្ពុជា។

លោក Antony Blinken បានជួបជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នេះ ហើយក្នុងជំនួបនោះក៏មានការលើកឡើងជុំវិញការស្ដារលទ្ធិប្រជាធិបតេយ្យ និងលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជាយ៉ាងច្រើនផងដែរ។
ក្រៅពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី ផេននី វង់ (Penny Wong) នៅថ្ងៃសុក្រនេះដែរ។ ចំណែកតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប លោក ចូសិប បូររែល គ្រោងនឹងជួបជាមួយលោក កឹម សុខា នៅថ្ងៃសៅរ៍នេះ៕