32.9 C
Phnom Penh

ឧកញ៉ា ហ៊ុន តូ ត្រូវ​គេ​សង្ស័យ​ជា​ថ្មី​ថា​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ជួញដូរ​មនុស្ស​ដ៏​ធំ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ឧកញ៉ា ហ៊ុន តូ ក្មួយប្រុស​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ដែល​ល្បី​ខាង​អាក្រក់ៗ និង​ជា​អគ្គនាយក​ក្រុមហ៊ុន L.H.R ASEAN Investment CO. LTD ដែល​ចូលចិត្ត​ជិះ​រថយន្ត​ម៉ាក Lamborghini ហើយ​កន្លងមក​ជាប់​សង្ស័យ​ពី​បទ​រត់ពន្ធ​គ្រឿងញៀន និង​ការ​លាង​លុយ​កខ្វក់​នៅ​ប្រទេស​អូស្ត្រាលី នោះ ត្រូវ​បាន​សង្ស័យ​ជា​ថ្មី​ថា​មាន​ទំនាក់ទំនង​នឹង​ប្រតិបត្តិការ​ជួញដូរ​មនុស្ស​ដ៏​ធំ​នៅ​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​ឧក្រិដ្ឋជន​ជនជាតិ​ចិន។

សារព័ត៌មាន The Australian ដែល​បាន​ចេញ​ផ្សាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ បាន​ដាក់​ចំណងជើង​ធំៗ​របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​រូបថត​ឧកញ៉ា ហ៊ុន តូ ជាមួយ​នឹង​រថយន្ត McLaren P1 តម្លៃ ១,៥​លាន​ដុល្លារ​នៅ​កម្ពុជា ប្តូរ​ទៅ​បើក​ឡាន Lamborghini Aventador Roadster តម្លៃ ៤​សែន ៥​ម៉ឺន​ដុល្លារ​នៅ​អូស្ត្រាលី និង​រូបថត​ជួបជុំ​គ្រួសារ​នៅ​ថ្ងៃ​ខួបកំណើត។

សារព័ត៌មាន The Australian បាន​សរសេរ​ថា លោក ហ៊ុន តូ ក្មួយប្រុស​របស់​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា លោក ហ៊ុន សែន នៅ​ទីក្រុង​មែលប៊ន គឺជា​នាយក​ក្រុមហ៊ុន​មួយ​ដែល​ត្រូវ​សង្ស័យ​ថា​មាន​ទំនាក់ទំនង​នឹង​ប្រតិបត្តិការ​ជួញដូរ​មនុស្ស​ដ៏​ធំ​នៅ​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​លាង​លុយ​ជនជាតិ​ចិន។

សារព័ត៌មាន​ដដែល​បាន​សរសេរ​ថា អាជ្ញាធរ​អូស្ត្រាលី​បាន​បង្ហាញ​ពី​បណ្ដាញ​ឧក្រិដ្ឋកម្ម​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​ចិន កំពុង​ទទួល​បាន​ភាព​ងាយស្រួល​ក្នុង​ការ​ចូល​ប្រទេស​អូស្ត្រាលី តាមរយៈ​អ្នក​មាន​ខ្មែរ​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ជាមួយ​នឹង​របប​លោក ហ៊ុន សែន ដែល​ពុករលួយ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា អ្នកកាសែត​ស៊ើបអង្កេត​របស់​អូស្ត្រាលី​ដ៏​ល្បី​ឈ្មោះ គឺ​អ្នកស្រី Mary Ann Jolley បាន​បង្ហាញ​ប្រតិបត្តិការ​ឆបោក​តាម​អ៊ីនធឺណិត​ដ៏​ធំ​របស់​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​ការ​សង្ស័យ​ថា​មាន​ទំនាក់ទំនង​ទៅ​ប្រទេស​អូស្ត្រាលី។ អ្នកស្រី​បាន​រក​ឃើញ​ថា បុគ្គល​ដែល​ត្រូវ​បាន​គេ​ជួញដូរ​នោះ​មាន​ចំនួន​រាប់​ពាន់​នាក់ ត្រូវ​បាន​បង្ខំ​ឱ្យ​បោកប្រាស់​ទៅ​តាម​គោលដៅ​នានា​ជុំវិញ​ពិភពលោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

បុរស​ចិន​ម្នាក់​និយាយ​ថា គាត់​ត្រូវ​បាន​គេ​រត់ពន្ធ និង​ជួញដូរ​ចូល​មក​កាន់​ប្រទេស​កម្ពុជា។ បុរស​រូប​នេះ​និយាយ​ថា ជនរងគ្រោះ​ណា​ដែល​ហ៊ាន​ប្រឆាំង​នឹង​ការ​បញ្ជា នោះ​ពួកគេ​នឹង​រង​នូវ​ទារុណកម្ម​ដោយ​ការ​វាយ​នឹង​ដំបង​ឆក់។

ក្មួយប្រុស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ដែល​ទៅ​ប្រទេស​អូស្ត្រាលី​ញឹកញាប់ គឺជា​នាយក​ក្រុមហ៊ុន​ជាច្រើន រួម​ទាំង​ធនាគារ Heng He ជា​ក្រុមហ៊ុន​វិនិយោគ​ចិន​ដ៏​ធំ​មួយ​នៅ​កម្ពុជា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា។

សារព័ត៌មាន​ដដែល​សរសេរ​ថា សារព័ត៌មាន The Australian មិន​បាន​លើកឡើង​ថា លោក ហ៊ុន តូ មាន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់ ឬ​មាន​ចំណេះដឹង​អំពី​ប្រតិបត្តិការ​ជួញដូរ​មនុស្ស​នោះ​ទេ គ្រាន់តែ​ថា​មាន​តែ​ការ​ស៊ើបអង្កេត​អាជីវកម្ម​របស់​គាត់​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា ឧកញ៉ា ហ៊ុន តូ ធ្លាប់​បាន​ថ្លែង​ទៅ​កាន់​អ្នកស្រី Mary Ann Jolley ដោយ​បាន​និយាយ​ថា លោក​មិន​បាន​ដឹង​អំពី​ប្រតិបត្តិការ​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​នោះ​ទេ។ លោក​ក៏​មិន​បាន​ឆ្លើយតប​នឹង​សំណើ​របស់​កាសែត The Australian សម្រាប់​ការ​ធ្វើ​អត្ថាធិប្បាយ​នោះ​ដែរ។

អគ្គនាយក​ក្រុមហ៊ុន L.H.R ASEAN Investment CO. LTD កាលពី​ឆ្នាំ​២០១២ ត្រូវ​បាន​កាសែត The Sydney Morning Herald និង​កាសែត The Age បាន​ចុះផ្សាយ​ដោយ​ដកស្រង់​ការ​ស៊ើបអង្កេត​ពី​គណៈកម្មការ​ឧក្រិដ្ឋកម្ម​អូស្ត្រាលី ថា អាជ្ញាធរ​អូស្ត្រាលី​បាន​តាមដាន​ការ​ផ្ទេរ​លុយ​ដោយ​សង្ស័យ​ថា​ជា​លុយ​បាន​ពី​ការ​រត់ពន្ធ​គ្រឿងញៀន​ចេញពី​បនល្បែង​កាស៊ីណូ Crown នៅ​ទីក្រុង​ម៉ែលប៊ន ដែល​គេ​សង្ស័យ​ថា​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​លោក ហ៊ុន តូ។

ប្រតិបត្តិការ​តាមដាន​សំដៅ​លើ​លោក ហ៊ុន តូ រក​ឃើញ​ការ​ដឹក​គ្រឿងញៀន​ប្រភេទ​ហេរ៉ូអ៊ីន​ចូល​ប្រទេស​អូស្ត្រាលី ដោយ​បង្កប់​ក្នុង​ឈើ​ដែល​បាន​អារ​រួច។ គ្រឿងញៀន​ដឹក​ចូល​អូស្ត្រាលី មាន​ទឹកប្រាក់​ប្រមាណ ១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ការ​តាមដាន​របស់​អាជ្ញាធរ​អូស្ត្រាលី ធ្វើឡើង​បន្ទាប់ពី​តុលាការ​អូស្ត្រាលី​ចាប់ និង​ផ្ដន្ទាទោស​ជនជាតិ​ខ្មែរ​មួយ​រូប​ឈ្មោះ ថៃ ផែនី កាល​ឆ្នាំ​២០០៥ ដែល​ជា​មនុស្ស​របស់​លោក ហ៊ុន តូ។ លោក ថៃ ផែនី គឺជា​បងប្អូន​ជីដូនមួយ​របស់​ភរិយា​លោក ហ៊ុន តូ គឺ​លោកស្រី Jackie Thai។

សារព័ត៌មាន​ដដែល​បាន​រាយការណ៍​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​ដែល​មាន​ខ្លឹមសារ​ថា អាជ្ញាធរ​អូស្ត្រាលី​មាន​គម្រោង​ចាប់​ខ្លួន​ឧកញ៉ា ហ៊ុន តូ ក៏ប៉ុន្តែ​ត្រូវ​បាន​អាក់ខាន​ទៅវិញ​ដោយសារតែ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ទីក្រុង​ភ្នំពេញ មិន​បាន​ផ្តល់​ទិដ្ឋាការ​ដល់​លោក ហ៊ុន តូ ដោយ​ខ្លាច​ប៉ះពាល់​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​អូស្ត្រាលី។

កាសែត​នោះ​ក៏​បាន​បញ្ជាក់​ថា ក្នុង​ពេលនោះ លោក គិត ម៉េង ក៏​មាន​ទំនាក់ទំនង​រកស៊ី​ជាមួយ​លោក ហ៊ុន តូ ដែរ ប៉ុន្តែ​មិន​បាន​លើកឡើង​ថា លោក គិត ម៉េង ពាក់ព័ន្ធ​ក្នុង​សកម្មភាព​ឧក្រិដ្ឋ​នោះ​ទេ។

សារព័ត៌មាន​ក្នុង​ស្រុក​របស់​អូស្ត្រាលី​ខ្លះ​បាន​រក​ឃើញ​ថា លោកស្រី Jackie Thai ដែល​ជា​ភរិយា​លោក ហ៊ុន តូ កំពុង​កាន់កាប់​ភូមិគ្រឹះ​ជាច្រើន​កន្លែង​នៅ​ជុំវិញ​ក្រុង​មែលប៊ន ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ។ នៅ​ក្នុង​ឆ្នាំ​២០១៦ លោកស្រី​បាន​ទម្លាក់​លុយ​ជិត ១​លាន​ដុល្លារ​អូស្ត្រាលី ឬ​ស្មើ​នឹង​ជាង ៨​សែន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​ដី​ឡូត៍​ពីរ​កន្លែង​ជាប់​គ្នា ហើយ​បាន​សាងសង់​ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​នៅ​ទីនោះ។

លោកស្រី Jackie Thai បាន​បង្កើត​មុខជំនួញ​នៅ​អូស្ត្រាលី​ជា​លើកដំបូង​មួយ​របស់​លោកស្រី​កាលពី​ឆ្នាំ​២០១៥ ហើយ​បាន​បង្កើត​មុខជំនួញ​រួម​គ្នា​ជាមួយ​ប្តី ២​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​២០២០ ដោយ​បាន​ដាក់​ឈ្មោះ​អាជីវកម្ម​មួយ​នោះ​ថា J & H Capital Investment Pty Ltd។

ក្រោយពី​ត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី​វិញ​ក្នុង​ឆ្នាំ​២០១៥ លោក ហ៊ុន តូ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​ឆ្លើយតប​ទៅ​នឹង​អត្ថបទ​របស់​សារព័ត៌មាន The Sydney Morning Herald និង​កាសែត The Age ថា​ជា​ការ​ផ្សព្វផ្សាយ​គ្មាន​មូលដ្ឋាន និង​គ្មាន​ភស្តុតាង​ច្បាស់លាស់។

លោក​បញ្ជាក់​ថា ប្រទេស​អូស្ត្រាលី​មាន​ច្បាប់ ប្រទេស​កម្ពុជា​ក៏​មាន​ច្បាប់ ដូច្នេះ​បើ​លោក​ពាក់ព័ន្ធ​ដូច​ការ​ចុះផ្សាយ​មែន នោះ​មិន​ចាំបាច់​អាជ្ញាធរ​អូស្ត្រាលី​ចាប់​នោះ​ទេ គឺ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ច្បាស់​ជា​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាត់​ទៅ​ហើយ។

កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២ ក្រសួង​ការបរទេស​អាមេរិក បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២២ ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​ក្នុង​នោះ អាមេរិក​បាន​ទម្លាក់​កម្ពុជា វៀតណាម តំបន់​ម៉ាកាវ និង​ប្រទេស​ផ្សេង​ទៀត​ពី​បញ្ជី​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​កម្រិត​២ (Tier 2 Watch List) ទៅ​កម្រិត​បី​ដែល​ជា​កម្រិត​ដ៏​អាក្រក់​មួយ និង​អាច​រង​ទណ្ឌកម្ម។ ការ​ទម្លាក់​កម្ពុជា​មក​កម្រិត​៣ នេះ ធ្វើឡើង​ក្រោម​ហេតុផល​ថា កម្ពុជា​មាន​កិច្ច​ខិតខំ​តិចតួច និង​មិន​បាន​គោរព​តាម​ស្តង់ដារ​នៃ​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស។

បើ​តាម​របាយការណ៍​ក្រសួង​ការបរទេស​អាមេរិក បញ្ជាក់​ថា ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​ទី​៣ ដែល​អាច​ធ្វើ​ឱ្យ​មាន​ការ​រឹតត្បិត​លើ​ជំនួយ​បរទេស បើ​ទោះបីជា​នេះ​មិនមែន​ជា​ការ​ចាំបាច់ និង​ជា​ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស