38.8 C
Phnom Penh

លោក កឹម សុខា ថា​ជប៉ុន​ចង់​ឃើញ​កម្ពុជា​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ​និង​យុត្តិធម៌​នៅ​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​អះអាង​ថា រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ចង់​ឃើញ​កម្ពុជា​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៧ ខែ​សីហា ថា លោក​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គនាយក​ទទួល​បន្ទុក​កិច្ចការ​អាស៊ាន និង​អាស៊ី​បូព៌ា និង​ជា​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក KANO Takehiro នៅ​ក្នុង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាលពី​សៅរ៍ ទី​៦ សីហា កន្លងទៅ។ ក្នុង​នោះ លោក KANO Takehiro បញ្ជាក់​ថា រដ្ឋាភិបាល​ជប៉ុន​នៅតែ​ប្រកាន់​យក​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​ជា​គុណតម្លៃ​ក្នុង​ការ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​របស់​ខ្លួន​ជាមួយ​ប្រទេស​ជា​មិត្ត​ជានិច្ច។

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មិនទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា បញ្ជាក់​ថា រដ្ឋាភិបាល​ជប៉ុន​នៅតែ​ចង់​ឃើញ​កម្ពុជា​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​ការ​បើក​ទូលាយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ​ជ្រើសរើស​គណបក្ស​នយោបាយ ឬ​អ្នក​ដឹកនាំ​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ស្រប​តាម​ឆន្ទៈ​របស់​ពួកគេ ជាពិសេស​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ​ដែល​បាន​បង្ខាំង​ដំណើរការ​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​របស់​លោក​អស់​រយៈពេល​ជិត ៥​ឆ្នាំ​កន្លងមក​នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ក្នុង​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ តុលាការ​កម្ពុជា​មិនទាន់​អាច​កាត់ទោស​លោក​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ ហើយ​សវនាការ​របស់​លោក​នៅតែ​ត្រូវ​បាន​អូស​បន្លាយ​បន្លាយ​ពី​សំណាក់​តុលាការ​កម្ពុជា​អស់​រយៈពេល​ជិត ៥​ឆ្នាំ បើ​គិត​មក​ទល់​នឹង​ខែ​សីហា ឆ្នាំ​២០២២ នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២២ បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken ជួប​ជាមួយ​លោក កឹម សុខា ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រូប​នេះ​ពិត​ជា​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាត់​ក្តី​រយៈពេល​ប្រាំ​ឆ្នាំ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​មាន​ហេតុផល​នយោបាយ ហើយ​នៅតែ​គ្មាន​ដំណោះស្រាយ​រហូត​មក​ទល់​នឹង​ពេលនេះ។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken បញ្ជាក់​ថា កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​ស្ដារ​សិទ្ធិ​នយោបាយ និង​ការ​បើក​លំហ​សេរីភាព​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អាច​ចូលរួម​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ចំណែក​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី អ្នកស្រី Penny Wong បាន​អះអាង​ក្រោយ​ជួប​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា រដ្ឋាភិបាល​អូស្ត្រាលី​តែងតែ​ផ្តល់​តម្លៃ​ចំពោះ​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់ ក៏ដូចជា​នៅ​កម្ពុជា​ផង​ដែរ។

ចាប់តាំងពី​ឆ្នាំ​២០១៧ មក តុលាការ​កម្ពុជា​បាន​បើក​សវនាការ​លើ​ករណី​លោក កឹម សុខា ចំនួន ៥០​លើក​រួច​ហើយ តែ​មិនទាន់​មាន​ភស្តុតាង​ណា​មួយ​ដែល​ត្រឹមត្រូវ​តាម​ច្បាប់​អាច​កាត់ទោស​លោក​បាន​នៅឡើយ​ទេ។

ជុំវិញ​បញ្ហា​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា សំណុំរឿង​របស់​លោក កឹម សុខា អាច​នឹង​ត្រូវ​ដោះស្រាយ​នៅ​ឆ្នាំ​២០២៤ បន្ទាប់ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ រួច​រាល់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស