សកម្មជនការពារព្រៃឈើ អះអាងថា លោក ហ៊ុន សែន និងរដ្ឋមន្ត្រីដែលពាក់ព័ន្ធដែលចុះហត្ថលេខាឱ្យក្រុមហ៊ុនឯកជនឈូសឆាយព្រៃនៅតំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅជិត ៦០០ហិកតារ គឺជាអ្នកដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
សកម្មជនការពារព្រៃឈើកម្ពុជា លោក ហេង ស្រស់ បានលើកឡើងក្នុងកម្មវិធី Idea Talk កាលពីរាត្រីថ្ងៃអង្គារ ទី៩ សីហា ថា ទាំងអ្នកដែលចុះហត្ថលេខាយល់ព្រមឱ្យឈូសឆាយ ទាំងក្រុមហ៊ុនឯកជន និងមន្ត្រីពាក់ព័ន្ធ ដូចជាក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ជាដើម សុទ្ធតែបានដឹងគ្រប់គ្នាហើយថា តំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅនេះជាតំបន់អភិរក្ស ចុះហេតុដូចម្តេចបានជាពួកគេនាំគ្នារំលោភបំពានទៅឈូសឆាយព្រៃនៅតំបន់នោះទៀត ដូច្នេះអ្នកទាំងនោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានករណីលើកលែងដាច់ខាត។
លោក ហេង ស្រស់ អះអាងថា ដោយសារតែរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគ្មានការទទួលខុសត្រូវ និងគ្មានតម្លាភាពដាក់ទោសទៅលើអ្នកដែលប្រព្រឹត្តខុសបែបនេះហើយ ទើបបានជាតំបន់អភិរក្ស ឧទ្យានជាតិ និងដែនជម្រកសត្វព្រៃទូទាំងប្រទេស ត្រូវរងនូវការបំផ្លិចបំផ្លាញគ្មានសល់ពីសំណាក់ក្រុមហ៊ុនឯកជន ដែលទទួលបានសិទ្ធិពីរដ្ឋាភិបាលដោយមានការជ្រោមជ្រែងពីក្រសួងពាក់ព័ន្ធនានា ជាពិសេសក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ជាដើម ក្នុងពេលបច្ចុប្បន្ននេះ។
សកម្មជនការពារព្រៃឈើកម្ពុជារូបនេះបញ្ជាក់ថា ឧក្រិដ្ឋកម្មព្រៃឈើដែលបណ្តាលមកពីក្រុមហ៊ុនរកស៊ីឈើខុសច្បាប់ និងក្រុមឧកញ៉ាដែលទទួលបានសិទ្ធិកាប់បំផ្លាញព្រៃឈើដោយស្របច្បាប់សព្វថ្ងៃនេះ គឺដោយសារតែពួកគេបានឃុបឃិតគ្នាជាប្រព័ន្ធជាមួយមន្ត្រីគ្រាក់ៗក្នុងជួររដ្ឋាភិបាលកម្ពុជា ទើបពួកគេមិនដែលទទួលទោសពីបទល្មើសនៃការកាប់បំផ្លាញព្រៃឈើរហូតមក ខណៈប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ក៏មិនដែលខ្វាយខ្វល់ពីរបាយការណ៍សង្គមស៊ីវិល ឬការរាយការណ៍របស់សកម្មជនព្រៃឈើដែលបានដាក់ជូននាពេលកន្លងមកនោះដែរ។
កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុនឯកជនចំនួន៣ រួមមានក្រុមហ៊ុន Bati Tourism & Development ក្រុមហ៊ុន TP Moral Group និងក្រុមហ៊ុន China Poipet Satellite City បានសហការគ្នាដោយមានការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់គ្រឿងចក្រជាច្រើនគ្រឿងឈូសឆាយព្រៃឈើនៅឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលស្ថិតនៅក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដើម្បីប្រកបអាជីវកម្មរបស់ពួកគេ។
ការឈូសឆាយព្រៃឈើនៅឧទ្យានសួនសត្វភ្នំតាម៉ៅនេះ ត្រូវសកម្មជនព្រៃឈើរកឃើញថា ក្រុមហ៊ុនទាំងនេះមានបំណងបង្កើតអាជីវកម្មដីឡូត៍ដែលអាចលក់បានក្នុងតម្លៃប្រមាណជា ៣៦ដុល្លារអាមេរិកក្នុង ១ម៉ែត្រការ៉េ។ ដូច្នេះទំហំដីជិត ៦០០ហិកតារដែលពួកគេទទួលបានសិទ្ធិកាន់កាប់ពីរដ្ឋាភិបាលកម្ពុជា ដែលមានទំហំស្មើនឹង ៦លានម៉ែត្រការ៉េនោះ ពួកគេនឹងទទួលបានចំណូលត្រឡប់មកវិញប្រមាណជាង ២០០លានដុល្លារអាមេរិកពីការឈូសឆាយព្រៃនៅតំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅនោះ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចលុបចោលទាំងអស់ចំពោះការអនុញ្ញាតឱ្យដោះដូរ និងអភិវឌ្ឍតំបន់ភ្នំតាម៉ៅ បន្ទាប់ពីក្រុមហ៊ុនទាំង៣ ខាងលើ បានឈូសឆាយព្រៃនៅឧទ្យានសួនសត្វភ្នំតាម៉ៅអស់ប្រមាណជិត ៦០០ហិកតារក្នុងចំណោមដីព្រៃ ១៥០០ហិកតារដែលលោក ហ៊ុន សែន ផ្ដល់ឲ្យក្រោមគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនទាំងនោះ។
យោងតាមមាត្រា៩៤ នៃច្បាប់ស្ដីពីរដ្ឋបាលព្រៃឈើ បុគ្គលណាដែលប្រព្រឹត្តបទល្មើសព្រៃឈើធ្វើឱ្យប៉ះពាល់ខូចខាតដល់មជ្ឈដ្ឋានព្រៃឈើ ត្រូវចេញថ្លៃស្ដារ ឬជួសជុលការខូចខាតឱ្យមានលក្ខខណ្ឌដូចដើមឡើងវិញ ខណៈដែលមាត្រា៩៣ នៃច្បាប់នេះ ក៏បានបញ្ញត្តិដែរថា ចំពោះបទឧក្រិដ្ឋត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចន្លោះពី ៥ ទៅ ១០ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងទាំងអស់មកជាសម្បត្តិរដ្ឋ៕