40.9 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ថា​មិន​ត្រូវ​ចាប់អារម្មណ៍​ព្រឹត្តិការណ៍​គប់​ស្បែកជើង​លើ​ឪពុក​លោក​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេក្ខជន​អនាគត​អ្នក​ស្នង​អំណាច​ត្រកូល ហ៊ុន លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​មិន​គួរ​នាំគ្នា​ទៅ​ចាប់អារម្មណ៍​នឹង​ការ​គប់​ស្បែកជើង​លើ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ខណៈ​អ្នក​ឃ្លាំមើល​អះអាង​ថា លោក ហ៊ុន សែន តែង​ប្រើ​វេទិកា​របស់​ខ្លួន​បញ្ចេញ​កំហឹង​លើ​លោក អ៊ុក ទូច ដែល​ជា​ម្ចាស់​ស្បែកជើង។

កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ត្រកូល លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិល្បករ​កាលពី​ពេល​ថ្មីៗ​នេះ​ថា គួរតែ​នាំគ្នា​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​លោក ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ទើប​ជា​រឿង​ដែល​គួរតែ​ធ្វើ មិន​គួរ​នាំគ្នា​រំលេច​នូវ​រឿង​អវិជ្ជមាន​ដែល​លោក អ៊ុក ទូច គប់​ស្បែកជើង​លើ​លោក ហ៊ុន សែន នោះ​ទេ។

ទាយាទ​ទទួល​មត៌ក​អំណាច​ពី​ឪពុក​រូប​នេះ​បញ្ជាក់​ថា រឿង​គប់​ស្បែកជើង​លើ​លោក ហ៊ុន សែន ពលរដ្ឋ​ខ្មែរ​មិន​គួរ​នាំគ្នា​ខំ​រំលេច​ឱ្យ​រឿង​នោះ​កាន់តែ​ល្បី​ខ្ទរខ្ទារ​នោះ​ឡើយ ប៉ុន្តែ​គួរ​នាំគ្នា​បង្ហាញ​ពី​ព្រឹត្តិការណ៍​ដែល​លោក ហ៊ុន សែន ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់​ដែល​ទៅ​ទទួល​គាត់​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​វិញ ប្រសើរ​ជាង។

ការ​អះអាង​នេះ ធ្វើឡើង​បង្ហាញ​ពី​ភាព​ផ្ទុយគ្នា​ទាំងស្រុង​ទៅ​នឹង​ទង្វើ​របស់​លោក ហ៊ុន សែន ដែល​បាន​ប្រើ​វេទិកា​ជួបជុំ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កូវីដ-១៩ ជិត​មួយ​ម៉ោង ដោយ​បញ្ចេញ​កំហឹង​ដាក់​សហរដ្ឋ​អាមេរិក​ផង និង​គំរាម​ពី​សន្តិសុខ​របស់​លោក អ៊ុក ទូច ផង​ដែរ​ចំពោះ​ករណី​គប់​ស្បែកជើង​កន្លង​ទៅ​នោះ។

មេដឹកនាំ​ដែល​តែង​ប្រមាថ​ជីវិត​ពលរដ្ឋ​ខ្លួនឯង លោក ហ៊ុន សែន ធ្លាប់​គំរាម​ថា ប្រសិនបើ​អ្នក​ដែល​គប់​ស្បែកជើង​លើ​រូបលោក​ត្រូវ​មាន​ទោស ហើយ​សហរដ្ឋ​អាមេរិក​បណ្តេញ​បុគ្គល​នេះ​ចេញពី​អាមេរិក​ឱ្យ​មក​រស់នៅ​កម្ពុជា​វិញ នោះ​គ្រោះថ្នាក់​ផ្សេងៗ​នឹង​កើតមាន​លើ​លោក អ៊ុក ទូច ដោយ​ចៀស​មិន​ផុត​នោះ​ទេ។

លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា ប្រសិនបើ​នៅ​សហរដ្ឋ​អាមេរិក​ដែល​គេ​ចាត់ទុក​ថា​ជា​បិតា​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ អាច​គប់​ស្បែកជើង​ទៅ​លើ​អ្នក​ដែល​ខ្លួន​មិន​ពេញចិត្ត​ថា​ជា​ការ​បញ្ចេញ​មតិ នោះ​នៅ​កម្ពុជា​ក៏​នឹង​មាន​ការ​គប់​ស្បែកជើង​ទៅ​លើ​ក្រុម​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ផង​ដែរ។

កាលពី​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​មួយ​រូប គឺ​លោក អ៊ុក ទូច បាន​យក​ស្បែកជើង​គប់​ទៅ​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុង​ពេល​ជួប​ជាមួយ​អ្នកគាំទ្រ​របស់​លោក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន កាលពី​ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ​នេះ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​១៥ សីហា នេះ​ថា ការ​ប្រើ​ពេល​ជិត​មួយ​ម៉ោង​ដែល​លោក ហ៊ុន សែន ព្រមាន​ទៅ​លើ​លោក អ៊ុក ទូច គឺជា​ការ​បំផុស​សាច់រឿង​ឱ្យ​រីក​ធំ​រួច​បាត់​ទៅ​ហើយ។ លោក​បន្ត​ថា គ្មាន​ពលរដ្ឋ​ខ្មែរ​ណា​ជា​អ្នក​ពង្រីក​រឿង​នេះ​ឱ្យ​ធំ​នោះ​ទេ គឺ​មាន​តែ​លោក ហ៊ុន សែន ខ្លួនឯង​ប៉ុណ្ណោះ។

លោក ហ៊ុន កុសល អះអាង​ថា ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត នៅ​ពេល​នេះ​ដើម្បី​ជួយ​លាង​ជម្រះ​ភាព​អាម៉ាស់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​បាន​លោក អ៊ុក ទូច គប់​ស្បែកជើង​លើ ហើយ​លោក អ៊ុក ទូច ក៏​មិនទាន់​ត្រូវ​បាន​កាត់ទោស​ដោយ​សហរដ្ឋ​អាមេរិក​នោះ​ដែរ​ចំពោះ​អំពើ​គប់​ស្បែកជើង​នេះ។

លោក ហ៊ុន កុសល អះអាង​ថា បើ​លោក ហ៊ុន ម៉ាណែត ជា​អ្នក​ចេះ​ដោះស្រាយ​បញ្ហា​ពិតប្រាកដ គាត់​គួរតែ​ផ្តល់​យោបល់​ឱ្យ​លោក ហ៊ុន សែន រក្សា​ភាព​ស្ងៀមស្ងាត់​បន្ទាប់ពី​ករណី​នេះ​បាន​កើតឡើង​ភ្លាមៗ​នោះ ទើប​ជា​រឿង​ដែល​គួរ​ត្រូវ​ធ្វើ​ជាង ហើយ​ការ​រក្សា​ភាព​ស្ងៀមស្ងាត់​នេះ ក៏​ជា​សកម្មភាព​ឱ្យ​គេ​មើល​ឃើញ​ពី​គុណធម៌​របស់​លោក​នាយករដ្ឋមន្ត្រី​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស