30.7 C
Phnom Penh

លោក ហ៊ុន សែន ប្រាប់​មន្ត្រី UN ថា​កម្ពុជា​ចង់​ឲ្យ​តួអង្គ​ទាំងអស់​ធ្វើការ​រិះគន់​ដោយ​ស្ថាបនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អះអាង​ទៅ​កាន់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ថា កម្ពុជា​ចង់​ឲ្យ​តួអង្គ​ទាំងអស់​នៅ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​មាន​ការ​ទទួល​ខុសត្រូវ ធ្វើការ​រិះគន់​ដោយ​ស្ថាបនា មិន​បង្កើត​ការ​ស្អប់ខ្ពើម​រវាង​ពូជសាសន៍ ហើយ​ការ​អនុវត្ត​ច្បាប់​នានា​របស់​កម្ពុជា​កន្លង​មក គឺ​ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ និង​ការពារ​អាយុជីវិត។

បុរស​ខ្លាំង​ដែល​ចូលចិត្ត​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ជំនួប​ជាមួយ​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit MUNTARBHORN) នៅ​ថ្ងៃ​អង្គារ ទី​១៦ សីហា នេះ​ថា ពាក់ព័ន្ធ​នឹង​លំហ​ប្រជាធិបតេយ្យ និង​ការ​បោះឆ្នោត​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​អនុវត្ត​ជា​សកល លទ្ធិប្រជាធិបតេយ្យ​ត្រូវ​ដើរតួ​ទន្ទឹម​នឹង​នីតិរដ្ឋ​ជា​ចាំបាច់ ដូច្នេះ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ដោយ​គ្មាន​នីតិរដ្ឋ នឹង​ធ្វើ​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​ជាមិនខាន។

បុរស​ខ្លាំង​រូប​នេះ​អះអាង​ថា កម្ពុជា​ចង់​ឲ្យ​តួអង្គ​ទាំងអស់​នៅ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​មាន​ការ​ទទួល​ខុសត្រូវ គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ និង​ការ​រក្សា​សន្តិភាព ស្ថិរភាព មាន​ការ​អាស្រ័យ​គ្នា​ទៅវិញ​ទៅមក ខណៈ​ការ​ចោទប្រកាន់​ថា បទប្បញ្ញត្តិ​ជាច្រើន​ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​ដើម្បី​រឹត​បន្តឹង​លំហ​សង្គម​ស៊ីវិល គឺ​ពុំ​ផ្អែក​លើ​មូលដ្ឋាន​ត្រឹមត្រូវ​ការពិត​នោះ​ទេ។

បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​រំលោភ​ច្បាប់​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ថា ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជា​កន្លងមក គឺ​ក្នុង​គោលបំណង​ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ ការពារ​អាយុជីវិត សុខមាលភាព​របស់​ពលរដ្ឋ និង​បរិស្ថាន​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

នៅ​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២២ នេះ អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit MUNTARBHORN) បាន​ជួប​ជាមួយ​បុរស​ខ្លាំង លោក ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​នៅ​កម្ពុជា​ពេលនេះ ក្នុង​នោះ លោក វីទិត ម៉ុនតាប៊ន បាន​លើកឡើង​អំពី​លំហ​សង្គម​ស៊ីវិល លំហ​ប្រជាធិបតេយ្យ ការ​បោះឆ្នោត និង​តួនាទី​របស់​កម្ពុជា​ក្នុង​ការ​ជំរុញ​សិទ្ធិមនុស្ស​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ផង​ដែរ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​១៦ សីហា នេះ​ថា ការ​រិះគន់​របស់​អង្គការ​សង្គម​ស៊ីវិល សកម្មជន​នយោបាយ សកម្មជន​សង្គម​នានា​ក្នុង​រយៈពេល​កន្លងមក គឺ​សុទ្ធសឹងតែ​រិះគន់​ដើម្បី​ស្ថាបនា​ទៅ​តាម​តួនាទី​របស់​ពួកគេ​រៀងៗ​ខ្លួន​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​មិន​ត្រឹមត្រូវ​ប៉ុណ្ណោះ គ្មាន​បំណង​អុចអាល​ឱ្យ​មាន​ការ​ស្អប់​ណា​មួយ​នោះ​ឡើយ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ការ​រិះគន់​ដោយ​ការ​ស្អប់ និង​ហិង្សា គឺ​តែងតែ​កើត​ចេញ​មកពី​អ្នកគាំទ្រ​បក្ស​កាន់​អំណាច​រហូត​មក ប៉ុន្តែ​មិន​ដែល​មាន​ចំណាត់ការ​ផ្លូវច្បាប់​ទៅ​លើ​អ្នក​ទាំងនោះ​ឡើយ។ ផ្ទុយទៅវិញ អ្នកគាំទ្រ​គណបក្ស​ផ្សេង​ដែល​គ្រាន់តែ​រិះគន់​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល​ដោយ​គ្រាន់តែ​ប្រើ​ពាក្យ​សម្ដី បែរជា​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវច្បាប់​គ្រប់​បែប​យ៉ាង​ទៅវិញ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ដោយសារតែ​មាន​ការ​អនុវត្ត​ច្បាប់​មិន​មាន​តម្លាភាព​បែប​នេះ​ហើយ បាន​ជា​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​កន្លងមក​ថា កម្ពុជា​បាន​អនុវត្ត​ច្បាប់​ដែល​មាន​លក្ខណៈ​ស្តង់ដារ​ពីរ ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​ធ្លាក់​ចុះ​រហូត​ទៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ដែល​មាន​នីតិរដ្ឋ​អាក្រក់​បំផុត​ក្នុង​ការ​មិន​ធានា​បាន​នូវ​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ។

អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក​ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី Washington សហរដ្ឋ​អាមេរិក Freedom House បាន​ចេញ​របាយការណ៍​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០២២ នេះ​ថា ប្រព័ន្ធ​នយោបាយ​របស់​កម្ពុជា​ត្រូវ​បាន​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់គ្រង​អស់​រយៈពេល​ជាង​បី​ទសវត្ស​ហើយ ខណៈ​គណបក្ស​ប្រឆាំង បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ និង​អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​ប្រចាំ ដោយ​ការ​បំភិតបំភ័យ ការ​កាត់ទោស​ក្រោម​ហេតុផល​នយោបាយ និង​អំពើ​ហិង្សា ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​បរិយាកាស​នៃ​ការ​គាប​សង្កត់ និង​ការ​ភ័យខ្លាច​យ៉ាង​ខ្លាំង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស