34 C
Phnom Penh

បុរស​ខ្លាំង​កម្ពុជា​បញ្ជា​ឱ្យ​ដាក់​តំបន់​ភ្នំ​តាម៉ៅ​ជា​តំបន់​អភិរក្ស​និង​ព្រៃ​ការពារ​ជា​រៀង​រហូត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​ចូលចិត្ត​កាប់​ព្រៃ និង​លុប​បឹង​ដើម្បី​អភិវឌ្ឍ លោក ហ៊ុន សែន បញ្ជា​ឱ្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រៀម​រៀបចំ​ដាក់​តំបន់​ភ្នំ​តាម៉ៅ​ជា​តំបន់​អភិរក្ស និង​ព្រៃ​ការពារ​ជា​រៀង​រហូត ដោយ​លុប​ចោល​នូវ​លិខិត​បទដ្ឋាន​ទាំងអស់​ដែល​អនុញ្ញាត​ឱ្យ​វិស័យ​ឯកជន​អភិវឌ្ឍ​នៅ​លើ​តំបន់​នេះ។

បុរស​ខ្លាំង លោក ហ៊ុន សែន បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​ជិត ៧​នាទី​កាលពី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា តំបន់​ភ្នំ​តាម៉ៅ ត្រូវតែ​រក្សា​ទុក​ជា​ដី និង​ព្រៃ​អភិរក្ស ហើយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវតែ​ធ្វើ​តាម​ព្រះរាជក្រឹត្យ ដើម្បី​រក្សា​តំបន់​នេះ​ឱ្យ​ទៅ​ជា​តំបន់​ព្រៃ​អភិរក្ស​ដែល​នឹង​ត្រូវ​ដាំ​កូនឈើ​ឡើងវិញ​ឱ្យ​បាន​លឿន និង​ឆាប់​រហ័ស​ជាទីបំផុត​ឱ្យ​ទាន់​ក្នុង​រដូវ​ភ្លៀង​ក្នុង​ឆ្នាំ​នេះ។

លោក ហ៊ុន សែន អះអាង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក​បាន​បញ្ជា​ឱ្យ​កង​អង្គរក្ស​របស់​លោក​ចំនួន ១​ពាន់​នាក់​ទៅ​ធ្វើ​សកម្មភាព​ជួយ​ឈូស​ឆាយ​ដី និង​ដាំ​កូនឈើ​ឡើងវិញ​នៅ​តំបន់​នោះ ដោយ​ប្រើ​គ្រឿងចក្រ​ចំនួន ១១៣​គ្រឿង ដើម្បី​ធ្វើ​ដី​ឱ្យ​បាន​ល្អ និង​ងាយស្រួល​ក្នុង​ការ​ដាំ​កូនឈើ​ទាំងនោះ ប៉ុន្តែ​នៅ​ពេល​ដែល​ឃើញ​កងទ័ព​ចុះ​ទៅ​តំបន់​ភ្នំ​តាម៉ៅ​នេះ ក៏​មាន​ការ​សង្ស័យ​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​ដែល​យល់​មិន​ដល់ ក៏​បាន​ធ្វើការ​វិនិច្ឆ័យ​ដោយ​ឆាប់​រហ័ស​ថា ដី​នេះ​នឹង​ត្រូវ​ក្លាយ​ទៅ​ជា​ដី​របស់​ឯកជន​ទៅវិញ។

មេដឹកនាំ​ខ្មែរ​ដែល​ចូលចិត្ត​ប្រើ​កណ្ដាប់ដៃ​ដែក​រូប​នេះ​បញ្ជាក់​ថា សម្រាប់​ដី​ដែល​ដាំ​កូនឈើ គឺ​ត្រូវតែ​ដាំ​កូនឈើ​ប្រណីត​តែម្តង ហើយ​នៅ​ពេលនេះ អង្គរក្ស​របស់​លោក​នឹង​ទទួល​ខុសត្រូវ​លើ​ការងារ​ដាំ​ដុះ​នៅ​ទីនោះ​ដោយ​ផ្ទាល់ ដើម្បី​ប្រែ​ក្លាយ​ដី​ដែល​បាន​ឈូស​ឆាយ​នេះ​ទៅ​ជា​សួន​ព្រៃ សួន​ដាំ​ដើមឈើ ឬ​ចម្ការ​ដាំ​ដើមឈើ​ដែល​សុទ្ធតែ​ជា​ឈើ​ប្រណីត​ទាំងអស់។

លោក ហ៊ុន សែន បញ្ជាក់​ថា មិន​យូរ​ប៉ុន្មាន ពលរដ្ឋ​ខ្មែរ​នឹង​ឃើញ​លទ្ធផល​ដ៏​ល្អ​ប្រសើរ​ពី​ការ​ដាំដុះ​នេះ​ជាមិនខាន មិនមែន​ដូច​ការ​លើកឡើង និង​ការ​មួលបង្កាច់​ដោយ​ពួក​អគតិ​មួយ​ចំនួន​នោះ​ទេ។ លោក ហ៊ុន សែន បន្ថែម​ថា រហូត​ដល់​ពេលនេះ​មាន​ផ្ទៃដី​ចំនួន ៥៣០​ហិកតារ​ហើយ​ដែល​ត្រូវ​បាន​គ្រឿងចក្រ​ឈូស​ឆាយ​រួចរាល់។

បទបញ្ជា​នេះ ធ្វើឡើង​បន្ទាប់ពី​ព្រៃឈើ​រាប់​រយ​ហិកតារ​នៅ​តំបន់​ភ្នំ​តាម៉ៅ​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​ឈូស​ឆាយ ដើម្បី​ធ្វើការ​អភិវឌ្ឍ​បន្ទាប់ពី​ពួកគេ​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ពេល​កន្លង​ទៅ​នោះ។

កាលពី​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​លុប​ចោល​ទាំងអស់​ចំពោះ​សកម្មភាព​ឈូស​ឆាយ​នៅ​តំបន់​ភ្នំ​តាម៉ៅ និង​បញ្ជា​ឱ្យ​ដាំ​ដើមឈើ​ឡើងវិញ​ក្រោយពី​មាន​ប្រតិកម្ម​ពី​សកម្មជន និង​ពលរដ្ឋ​ជុំវិញ​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ​កាលពី​ដើម​ខែ​សីហា នេះ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ សីហា នេះ លោក​អបអរ​សាទរ​ដែល​រដ្ឋាភិបាល​សម្រេច​ដាក់​តំបន់​ភ្នំ​តាម៉ៅ​នេះ​ទៅ​ជា​តំបន់​អភិរក្ស ព្រោះ​ថា​ការ​ឈូស​ឆាយ​ដី​ព្រៃ​នៅ​តំបន់​ភ្នំ​តាម៉ៅ​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​កាលពី​ពេល​ថ្មីៗ​នេះ ជា​សញ្ញា​នៃ​ការ​បំផ្លាញ​ព្រៃឈើ​កម្ពុជា និង​ជា​ការ​បំផ្លាញ​ជម្រក​សត្វព្រៃ​ដែល​ជិត​ផុត​ពូជ​នៅ​តំបន់​នោះ​យ៉ាង​ធ្ងន់ធ្ងរ។

លោក សេក សុជាតិ លើកឡើង​ថា ការ​ដាក់​ចូល​ជា​តំបន់​អភិរក្ស​ជា​រឿង​ល្អ​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​ក៏​ត្រូវ​មាន​វិធានការ​ជាក់លាក់​ក្នុង​ការ​ការពារ​តំបន់​នេះ​ឱ្យ​បាន​គង់វង្ស​ថែម​ទៀត ដើម្បី​ចៀសវាង​ដូច​តំបន់​អភិរក្ស​ដទៃ​ទៀត​ដែល​តែងតែ​មាន​បទល្មើស​កាប់​ព្រៃឈើ​ដោយ​ខុស​ច្បាប់​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ដែល​រកស៊ី​ឈើ​ខុស​ច្បាប់​កន្លងមក ក្នុង​នោះ​រដ្ឋាភិបាល​ក៏​គួរតែ​បើក​ទូលាយ​ឱ្យ​ពលរដ្ឋ និង​សកម្មជន​ព្រៃឈើ ព្រមទាំង​សកម្មជន​បរិស្ថាន​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ចុះ​ស្រាវជ្រាវ​ដើម្បី​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​តំបន់​នេះ​ផង​ដែរ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវតែ​ទទួល​ខុសត្រូវ​លើ​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដែល​បាន​គ្រប់គ្រង​លើ​តំបន់​នេះ ដោយ​ចៀសវាង​នូវ​ការ​ឆ្លើយ​ដាក់​គ្នា​ដូច​ពេល​កន្លងមក​នៅ​ពេល​ដែល​មាន​បញ្ហា​នេះ​កើតឡើង ព្រោះ​ថា​ការ​មិន​ទទួល​ខុសត្រូវ​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​មន្ត្រី​ឧទ្យានុរក្ស​ជុំវិញ​បញ្ហា​ដែល​បាន​កើតឡើង​នៅ​តំបន់​ភ្នំ​តាម៉ៅ​កាលពី​ពេល​ថ្មីៗ​នេះ គឺជា​គំរូ​ដ៏​អាក្រក់​របស់​មន្ត្រី​របស់​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ។

ផ្ទៃដី​ព្រៃ​ភ្នំ​តាម៉ៅ ទំហំ​ជិត ៦០០​ហិកតារ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ ត្រូវ​បាន​ឈូស​ឆាយ និង​កាប់​បំផ្លាញ​កាលពី​ចុង​ខែ​កក្កដា ក្រោយពី​លោក ហ៊ុន សែន ប្រគល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន​៣ រួម​មាន​ក្រុមហ៊ុន Bati Tourism & Development ក្រុមហ៊ុន TP Moral Group និង​ក្រុមហ៊ុន China Poipet Satellite City ដើម្បី​ធ្វើការ​អភិវឌ្ឍ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស