30 C
Phnom Penh

លោក ឡេង ណាវ៉ាត្រា ថា​ខ្លួន​គ្មាន​ចេតនា​បំផ្លាញ​ឬ​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រយោជន៍​ជាតិ​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ឡេង ណាវ៉ាត្រា ចេញ​មុខ​បកស្រាយ​ថា ខ្លួន​គ្មាន​ចេតនា​បំផ្លាញ ឬ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ប្រទេស​ជាតិ​ឡើយ ខណៈ​ដែល​ដី​ព្រៃ​ភ្នំ​តាម៉ៅ​ជិត ៦០០​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ឈូស​ឆាយ​កាលពី​ពេល​ថ្មីៗ​នេះ។

ការ​ចេញ​មុខ​បកស្រាយ​នា​ពេលនេះ ក្រោយពី​មាន​ប្រតិកម្ម​ខ្លាំង​ពី​សំណាក់​មហាជន បន្ទាប់ពី​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ។

តាមរយៈ​សារ​សំឡេង​ជាង ៤​នាទី លោក ឡេង ណាវ៉ាត្រា បាន​និយាយ​ថា ក្រុមហ៊ុន​ខ្លួន​សន្យា​ទទួល​ខុសត្រូវ​ទាំងអស់​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល ដោយ​ការ​ដាំដុះ ថែទាំ និង​រៀបចំ​ឲ្យ​ទៅ​ជា​ឧទ្យាន​ជាតិ​ក្រោយពី​ឈូស​ឆាយ​ដី​ព្រៃ​តំបន់​នោះ។ លោក​បន្ត​ថា ការ​ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ​នេះ ក្នុង​គម្រោង​បង្កើត​ជា​សួន​ឧស្សាហកម្ម តំបន់​ទេសចរណ៍ ផ្លូវ ទឹក ភ្លើង ដែល​នៅ​ជិត​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី។

លោក ឡេង ណាវ៉ាត្រា បាន​ចាត់ទុក​ការ​ចោទប្រកាន់ និង​ការ​លាប​ពណ៌​ខ្លួន​ថា​ជា​អ្នក​កាប់​ឈើ​លក់ និង​ជា​អ្នក​លាង​លុយ​ខ្វក់ ថា​ជា​រឿង​អយុត្តិធម៌​ចំពោះ​ខ្លួន​ដែល​បាន​លះបង់ និង​ប្រឹងប្រែង​ជួយ​សង្គម​ជាតិ។

លោក​ថា ក្រោយពី​រដ្ឋាភិបាល​សម្រេច​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​នោះ ក្រុមហ៊ុន​របស់​ខ្លួន​សម្រេច​ផ្អាក​សកម្មភាព​ទាំងអស់​ភ្លាមៗ ដោយ​បញ្ជូន​គ្រឿងចក្រ​ចំនួន ១១៣​គ្រឿង​ដែល​បាន​ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ​នោះ​ទៅ​ជួយ​សម្អាត​ដី ដើម្បី​ដាំ​ដើមឈើ​ឡើងវិញ​តាម​ការ​ណែនាំ​របស់​លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​អង្គរក្ស។

ទាក់ទង​នឹង​រឿង​ដាំ​ដើមឈើ​នោះ កាលពី​ថ្ងៃទី​១៦ ខែ​សីហា អ្នក​សារព័ត៌មាន​វីអូឌី ចំនួន ៥​នាក់ និង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ចំនួន ៤​នាក់ បាន​ចូល​ទៅ​កាន់​តំបន់​ភ្នំ​តាម៉ៅ។ ក្នុង​ពេល​កំពុង​ដើរ​យក​ព័ត៌មាន និង​ថត​រូប ពួកគេ​ត្រូវ​បាន​កង​អង្គរក្ស​លោក ហ៊ុន សែន ចោមរោម​សួរនាំ និង​ហាមឃាត់​មិន​ឱ្យ​ថត​រហូត​ឈាន​ដល់​ប្រើ​ហិង្សា​វាយ​អ្នកកាសែត និង​ក្រុម​យុវជន មុន​នឹង​ចាប់​បញ្ជូន​ខ្លួន​ពួកគេ​ទាំង ៩​នាក់​ទៅ​សួរ​ចម្លើយ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី រយៈពេល​ជាង ៧​ម៉ោង។

មេ​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​ទទួលស្គាល់​ថា កូនចៅ​របស់​លោក​ដែល​កំពុង​បំពេញ​ការងារ​នៅ​តំបន់​ភ្នំ​តាម៉ៅ ពិតជា​បាន​ប្រើ​អំពើ​ហិង្សា​វាយ​អ្នកកាសែត និង​យុវជន​ខ្មែរ​ថាវរៈ​ប្រាកដ​មែន។

ដី​ព្រៃ​ភ្នំ​តាម៉ៅ​ជិត ៦០០​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ឈូស​ឆាយ​ក្រោយពី​លោក ហ៊ុន សែន បាន​ផ្ដល់​ដី​ព្រៃ​ភ្នំ​តាម៉ៅ​ចំនួន ១៥០០​ហិកតារ​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើការ​អភិវឌ្ឍ ប៉ុន្តែ​នៅ​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២២ លោក ហ៊ុន សែន ក៏​សម្រេច​លុប​ចោល​វិញ និង​បាន​ឲ្យ​ក្រុមហ៊ុន​នេះ​ទទួល​ខុសត្រូវ​ដោយ​ដាំ​ដើមឈើ​ឡើងវិញ​ផង​ដែរ។ ការ​សម្រេច​របស់​លោក ហ៊ុន សែន ក្រោយពី​មាន​ប្រតិកម្ម​ខ្លាំង​ពី​ប្រជាពលរដ្ឋ និង​សាធារណជន​ពាក់ព័ន្ធ​នឹង​ការ​កាត់​ដី​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ឈូស​ឆាយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស