28 C
Phnom Penh

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិន​៥​នាក់​ក្នុង​សំណុំរឿង​គ្រឿងញៀន​ជិត​១​តោន​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ជំនាញ​ចម្រុះ​កំពុង​សាកសួរ​ជនជាតិ​ចិន ៥​នាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​បាន​ចាប់​ខ្លួន​ពួកគេ​នៅ​ក្នុង​ដែនសមុទ្រ​ប្រទេស​កម្ពុជា ក្នុង​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ជិត ១​តោន។

បើ​តាម​នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​សរសេរ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ ថា កងកម្លាំង​ជំនាញ​ដែល​បាន​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​កាលពី​ថ្ងៃទី​១៦ ខែ​សីហា ចំនួន ៣​គោលដៅ ក្នុង​នោះ​គោលដៅ​ទី​១ នៅ​ចំណុច​ក្រុម​១១ ភូមិ​៣ សង្កាត់​១ ក្រុង​ព្រះសីហនុ និង​គោលដៅ​ទី​២ នៅ​ចំណុច​ក្រុម​២ ភូមិ​៣ សង្កាត់​៣ ក្រុង​ព្រះសីហនុ ឃាត់​ខ្លួន​ជនសង្ស័យ ០៣​នាក់ និង​ម៉ូតូ ២​គ្រឿង ខណៈ​គោលដៅ​ទី​៣ នៅ​ចំណុច​ភូមិ​គគីរ សង្កាត់​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ និង​រថយន្ត ១​គ្រឿង។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទីតាំង​ទាំង​៣ អាជ្ញាធរ​បាន​ឃាត់​ខ្លួន​បុរស​ជនជាតិ​ចិន​ចំនួន ៥​នាក់ ក្នុង​នោះ​មាន​ឈ្មោះ TONG JIAN XIN ឈ្មោះ GAO ZHI BIN ឈ្មោះ LI YONG XIN ឈ្មោះ ZHONG JIAN LIN និង​ឈ្មោះ JAN XI TONG ដោយ​រឹបអូស​គ្រឿងញៀន​បាន​ចំនួន ៨៧១​គីឡូក្រាម។

ប្រភព​ដដែល​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រៅពី​ឃាត់​ខ្លួន និង​រឹបអូស​បាន​គ្រឿងញៀន សមត្ថកិច្ច​ក៏​បាន​រឹបអូស​អូប័រ ១​គ្រឿង ទូក​យន្ត ឬ​កាណូត ១​គ្រឿង រថយន្ត ១​គ្រឿង និង​ម៉ូតូ ២​គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង ៥​នាក់ និង​វត្ថុ​តាង​ខាងលើ សមត្ថកិច្ច​ជំនាញ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បន្ត​តាម​នីតិវិធី​ច្បាប់។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ថា អំឡុង​ពេល​ឃាត់​ខ្លួន សមត្ថកិច្ច​បាន​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៤៤​ដុំ ដោយ​ក្នុង ១​ដុំ​មាន​ទម្ងន់ ២១​គីឡូក្រាម ហើយ​ទម្ងន់​សរុប​មាន​ចំនួន ៩២៤​គីឡូក្រាម និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ទៀត។ លោក​បន្ថែម​ថា បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់​វិធានការ​ច្បាប់​បន្ត​នា​ពេល​ឆាប់ៗ​នេះ​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​រឿង​បង្ក្រាប​គ្រឿងញៀន​នេះ​ដែរ កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២២ ភ្នាក់ងារ​មាន​សមត្ថកិច្ច​ជំនាញ​បាន​បង្ក្រាប​ទីតាំង​កែច្នៃ​គ្រឿងញៀន​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ចំនួន​៣ និង​រាជធានី​ភ្នំពេញ ដោយ​បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​ចំនួន ១១​នាក់ និង​រឹបអូស​សារធាតុ​ញៀន​ជិត ២​តោន រួម​នឹង​សារធាតុ​គីមី​ជិត ៣០០​តោន ខណៈ​ខែ​ឧសភា ឆ្នាំ​២០២២ សមត្ថកិច្ច​បង្ក្រាប​មន្ទីរពិសោធន៍​លួចលាក់ និង​កែច្នៃ​ផលិត​គ្រឿងញៀន​ចំនួន ៣​ទីតាំង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កំពង់ស្ពឺ ដោយ​ចាប់​ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់ ៤​នាក់ និង​រឹបអូស​សារធាតុ​ញៀន​ជាង ១៤០០​គីឡូក្រាម និង​សារធាតុ​គីមី​ជាង ១១​តោន។

យោង​តាម​សេចក្តី​រាយការណ៍​របស់​អាជ្ញាធរ​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ចុង​ឆ្នាំ​២០២១ ដល់​ខែ​សីហា ឆ្នាំ​២០២២ នេះ សមត្ថកិច្ច​បាន​បង្ក្រាប​គ្រឿងញៀន​ដោយ​មាន​ការ​កើនឡើង ហើយ​កំណើន​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្ហាញ​ការ​ព្រួយបារម្ភ​ខ្លាច​អន្តរជាតិ​ដាក់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុង​បញ្ជី​ខ្មៅ ដែល​នឹង​អាច​ធ្វើ​ឱ្យ​មាន​ការ​ប្រឈម​ហានិភ័យ​ធំធេង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ប្រសិនបើ​សមត្ថកិច្ច​មិន​ស្រាវជ្រាវ​ឱ្យ​ដល់​ឫសគល់​ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​ទេ។ ករណី​នេះ លោក​បញ្ជា​ទៅ​សមត្ថកិច្ច​ត្រូវ​ស្រាវជ្រាវ​ឱ្យ​ដល់​ឫសគល់​នៃ​ម្ចាស់​ក្រុមហ៊ុន​ដែល​សមត្ថកិច្ច​បាន​បង្ក្រាប និង​រឹបអូស​គ្រឿងញៀន​បាន​នោះ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស