33.2 C
Phnom Penh

ឧទ្ធរណ៍​តម្កល់​ឲ្យ​សកម្មជន​សង្គម​និង​អ្នក​នយោបាយ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​២០​ខែ និង​ព្យួរ​ទោស​សាកល្បង​២​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​តម្កល់​សេចក្ដី​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ទុក​ជា​បាន​ការ​ដដែល ដោយ​ឲ្យ​សកម្មជន​សង្គម និង​សិទ្ធិមនុស្ស ៧​នាក់ ព្រមទាំង​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ជាប់​ពន្ធនាគារ​ម្នាក់ៗ ២០​ខែ និង​ទោស​នៅ​សល់​ត្រូវ​ព្យួរ​សាកល្បង​រយៈពេល ២​ឆ្នាំ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ចន្ទ នេះ បាន​ប្រកាស​សាលដីកា​ដោយ​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល។

ការ​សម្រេច​បែប​នេះ ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សំអាង​ថា ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២១ កន្លងទៅ ដោយ​ផ្ដន្ទាទោស​លើ​សកម្មជន​សង្គម សិទ្ធិមនុស្ស និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ជា​រឿង​ត្រឹមត្រូវ។

សកម្មជន​សង្គម និង​សិទ្ធិមនុស្ស​ដែល​ត្រូវ​តុលាការ​កាត់ទោស​កាលពី​ឆ្នាំ​២០២១ ក្នុង​នោះ​យុវជន​ខ្មែរ​ថាវរៈ លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ លោក កើត សារ៉ាយ កញ្ញា ឈឿន ដារ៉ាវី និង​លោក ហ៊ុន វណ្ណៈ និង​សមាជិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ រួម​មាន​លោក មាន ព្រហ្មមុនី និង​លោក មួង សុភ័ក្ត្រ ដែល​ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​អំឡុង​ខែ​សីហា និង​ខែ​កញ្ញា ឆ្នាំ​២០២០ ដោយ​តុលាការ​ចោទប្រកាន់​ពី​បទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»

ការ​ចោទប្រកាន់​របស់​តុលាការ ធ្វើឡើង​បន្ទាប់ពី​ពួកគេ​បាន​ចូលរួម​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​មេដឹកនាំ​សហជីព លោក រ៉ុង ឈុន នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​អំឡុង​ខែ​សីហា និង​ខែ​កញ្ញា ឆ្នាំ​២០២០។

នៅ​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២១ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់ទោស​ឱ្យ​យុវជន​ខ្មែរ​ថាវរៈ និង​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ដាក់​ពន្ធនាគារ​ម្នាក់ៗ ២០​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២​លាន​រៀល ប៉ុន្តែ​តុលាការ​បាន​បង្គាប់​ឱ្យ​ពួកគេ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ជាង ១​ឆ្នាំ ខណៈ​ទោស​ដែល​នៅ​សល់​ត្រូវ​បាន​ព្យួរ​សាកល្បង​រយៈពេល ២​ឆ្នាំ។ ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស